នារសៀលថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើកទី៤ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អាម៉េរិក ដោយមានការចូលរួមពី ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាអនុប្រធានទី៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម អគ្គលេខាធិការ, ឯកឧត្តមអគ្គលេខាធិការរង ក.អ.ក., លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា (AmCham Cambodia), ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, តំណាងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC), វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។
កិច្ចសន្ទនាលើកទី៤ នារសៀលនេះ បានប្រព្រឹត្តទៅក្នុងគោលបំណងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសដល់វិនិយោគិនអាម៉េរិក ដែលកំពុងវិនិយោគនៅកម្ពុជាបានលើកឡើងពីបញ្ហាប្រឈមនានា ធានាដល់ការតាមដាន និងស្វែងរកដំណោះស្រាយសមស្រប សំដៅពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងការវិនិយោគ ដើម្បីកសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចអាម៉េរិក ព្រមទាំងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានរបស់លោកស្រីភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា តំណាងក្រសួងស្ថាប័ន និងវិស័យឯកជនអាម៉េរិកទាំងអស់ដែលបានចូលរួមនាឱកាសនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាកិច្ចសន្ទនានេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងទំនាក់ទំនងកាន់តែរឹងមាំរវាងរដ្ឋាភិបាល និងធុរកិច្ច ក៏ដូចជាកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិកផងដែរ។ វេទិកានេះបង្ហាញពីស្មារតីចាស់ទុំ និងសហការគ្នាដែលកំណត់នូវភាពជាដៃគូយុទ្ធសាស្ត្ររវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក។
ការរៀបចំកិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជនគឺជាយន្តការដែលចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងការរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ហើយគោលការណ៍នេះធានាថាការវិនិយោគដែលមានស្រាប់នឹងបន្តរីកចម្រើន និងពង្រីកខ្លួនជាបន្តបន្ទាប់ក្នុងរយៈពេលវែង។បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ក៏បានធ្វើបច្ចុប្បន្នភាពថ្មីនូវព័ត៌មានពាក់ព័ន្ធមួយចំនួន មានជាអាទិ៍៖ ការអនុម័តគម្រោងវិនិយោគក្នុងឆ្នាំ២០២៥, ស្ថានភាពពាណិជ្ជកម្មរវាងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលមានការកើនឡើងគួរជាទីកត់សម្គាល់ និងវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កម្ពុជា-អាម៉េរិក ផងដែរ។
បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីគំនិតផ្តួចផ្តើម លើការរៀបចំជំនួបអាហារពេលព្រឹកការងារជាមួយសភាពាណិជ្ជកម្មអន្តរជាតិនានានៅកម្ពុជា ដើម្បីផ្តល់លទ្ធភាពឱ្យវិនិយោគិន ផ្លាស់ប្តូរព័ត៌មានជាមួយរាជរដ្ឋាភិបាលបានកាន់តែញឹកញាប់ និងជិតស្និទ្ធជាងមុន សំដៅផ្លាស់ប្តូរការយល់ដឹង និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការគាំទ្រវិនិយោគិន។ យន្តការនេះនឹងបម្រើជាវេទិកាបន្ថែមមួយទៀតដើម្បីស្តាប់ពីបញ្ហាប្រឈមថ្មីៗរបស់វិនិយោគិននៅក្នុងបរិបទបម្រែបម្រួលដ៏ឆាប់រហ័សនៅលើសកលលោក និងជាមូលដ្ឋានក្នុងការរៀបចំសេចក្តីព្រាងរបៀបវារៈសម្រាប់កិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនលើកក្រោយៗទៀត។
ទន្ទឹមនឹងនេះ លោកស្រីភារធារី បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយក្រៃលែងដែលបានសហការដឹកនាំកិច្ចសន្ទនាលើកទី៤នេះ ជាមួយនឹងសុឆន្ទៈក្នុងការរួមគ្នាពិនិត្យ និងពិភាក្សាស្វែងរកដំណោះស្រាយសមស្របសម្រាប់បញ្ហាប្រឈមនានាដែលវិនិយោគិនអាមេរិកបានលើកឡើង សំដៅចូលរួមចំណែកក្នុងការលើកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា ក៏ដូចជាពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសអាមេរិកឱ្យមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែមទៀត។
តាមរយៈវេទិកានៃកិច្ចសន្ទនានាពេលនោះ តំណាងវិនិយោគិនអាម៉េរិកបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់បំផុតចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការពិភាក្សាផ្លាស់ប្តូរយោបល់ ជាពិសេសជាមួយនឹងបទពិសោធន៍ដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះស្រាយនានា បន្ទាប់ពីបានលើកឡើងនៅក្នុងកិច្ចសន្ទនាទាំង៣លើកកន្លងមក ដែលបានផ្តល់នូវភាពកក់ក្តៅក្នុងការបន្តធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ធុរកិច្ចពាណិជ្ជកម្ម គ្នាទៅវិញទៅមកដោយទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធនានា ជាសេនាធិការផងដែរ៕










