(ព្រះវិហារ)៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានណែនាំមន្ទីរ អង្គភាព អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តផ្សព្វផ្សាយសារអប់រំដល់ពលរដ្ឋ និងយុវជនឱ្យយល់ដឹងពី កលល្បិចជួញដូរមនុស្ស គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមអនឡាញ (Scam Online)។
ការថ្លែងណែនាំរបស់ឯកឧត្តមអភិបាលខេត្តព្រះវិហារ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១៩ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យើងរួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ» នៅសាលប្រជុំសាលាស្រុករវៀង ស្ថិតនៅស្រុករវៀង នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។
ឯកឧត្តម គីម រិទ្ធី បានថ្លែងលើកឡើងថា ការប្រារពទិវានេះ គឺជាយុទ្ធនាការដ៏សំខាន់មួយ ដើម្បីផ្សព្វផ្សាយគោលនយោបាយ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការឆបោកតាមអនឡាញ ជាពិសេសគឺទប់ស្កាត់រាល់កលល្បិចថ្មីៗរបស់ជនល្មើស និង ការរឹតបន្តឹងការបង្ក្រាបបទល្មើសជួញដូរមនុស្ស និងឆបោកផ្សេងៗ។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តព្រះវិហារ បានអាននូវសុន្ទរកថារបស់លោកអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅក្នុងឱកាស នៃការអបអរសាទរទិវាជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៩ ឆ្នាំ២០២៥។
យោងតាមខ្លឹមសារសុន្ទរកថារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងផ្អែកតាមស្ថានភាព នៃរដ្ឋបាលខេត្តព្រះវិហារ ដូចមានក្នុងរបាយការណ៍របស់លោកស្រីអភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះវិហារ បានបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រុមការងារ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញ ក្នុងការផ្សព្វផ្សាយ ការទប់ស្កាត់ និងការបង្ក្រាប បទល្មើសជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ឆបោក តាមអនឡាញ់ និងបទល្មើសផ្សេងទៀត សម្រេចបានលទ្ធផលល្អ ប្រសើរ គួឱ្យកត់សម្គាល់ផងដែរ។
ឯកឧត្តម គីម រិទ្ធី ថ្លែងលើកឡើងទៀតថា ទន្ទឹមនឹងលទ្ធផលដែលយើងធ្វើបាន យើងក៏នៅមានបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងការ ធ្វើចំណាកស្រុកដោយប្រថុយប្រថាន អំពើរំលោភបំពានផ្លូវភេទ ការ លួចឆ្លងដែនខុសច្បាប់ ជាពិសេសគឺ នៅស្រុករវៀងនេះតែម្តង ដែលមានពលករចំណាកស្រុកច្រើនជាងគេ បើធៀបនឹងបណ្តាក្រុង ស្រុក ផ្សេងទៀតក្នុងខេត្តព្រះវិហាររបស់យើង ដែលជាហេតុនាំឱ្យយើង សម្រេចចិត្តជ្រើសរើសយកស្រុករវៀង ជាទីតាំងរៀបចំពិធីនេះ។
ដើម្បីពង្រឹងប្រសិទ្ធភាពការងារខាងលើនេះ លោកអភិបាលខេត្តព្រះវិហារ គីម រិទ្ធី បានដាក់ចេញនូវវិធានការ និងការអំពាវនាវដល់ មន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ឃុំ ភូមិ និងសមត្ថកិច្ចពាក់ព័ន្ធ សូមយកចិត្តទុកដាក់ដូចខាងក្រោម៖
*ត្រូវបន្តផ្សព្វផ្សាយសារអប់រំដល់ពលរដ្ឋ និងយុវជនឱ្យយល់ដឹងពី កលល្បិចជួញដូរមនុស្ស គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ជាពិសេសគឺ ការឆបោកតាមអនឡាញ។
*ត្រូវបញ្ជា្របការអប់រំសីលធម៌ និងគុណធម៌ តាមគន្លងសាសនា ដើម្បីឱ្យមនុស្សផ្តល់តម្លៃឱ្យគ្នា និងមិនប្រព្រឹត្តអំពើបាបកម្មដាក់ អ្នកដទៃ។
*ពង្រឹងកិច្ចសហការ និងការចូលរួមពីបងប្អូនប្រជាពលរដ្ឋ នៅពេលមានការសង្ស័យថាមានបទល្មើសកើតឡើង សូម “ កុំចូលរួម កុំគាំទ្រ កុំប្រព្រឹត្ត និងកុំទទួលផល ” ពីអំពើទុច្ចរិត ។
*ត្រូវអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់ ដោះស្រាយបញ្ហាឱ្យមានប្រសិទ្ធភាព និងស្មើភាព ប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ គឺ “ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ” ដើម្បីក្លាយជាមន្ត្រី ដែលពលរដ្ឋ មានជំជឿទុកចិត្ត។
*ត្រូវរួមគ្នាលើកកម្ពស់ការបង្កើតការងារក្នុងស្រុក ដើម្បីកាត់បន្ថយ ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងខុសច្បាប់៕



















