ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា ជំរុញឱ្យរក្សាពូជ «ក្រូចថ្លុងកោះទ្រង់» ឱ្យបានល្អ ដើម្បីបង្កើនចំណូល និងលើកស្ទួយជីវភាពគ្រួសារ


(ក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលដាំក្រូចថ្លុងក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ រក្សាពូជ «ក្រូចថ្លុងកោះទ្រង់» ដែលត្រូវបានចុះបញ្ជីសម្គាល់ម៉ាកសម្គាល់ភូមិសាស្រ្ត (GI) ឱ្យបានល្អ និងពង្រីកការដាំដុះបន្ថែម ដើម្បីបង្កើនចំណូល និងលើកស្ទួយជីវភាពគ្រួសារ។

ការអំពាវនាវរបស់ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា ត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជំរុញយ៉ាងដូច្នេះថា៖ «ក្រូចថ្លុងគឺជាផលិតផលមួយក្នុងចំណោមផលិតផលចំនួន៦ ដែលទទួលបានការចុះបញ្ជីសម្គាល់ម៉ាកសម្គាល់ភូមិសាស្រ្ត (GI) របស់ប្រទេសកម្ពុជា។ វាជាមោទនភាពរបស់ខេត្តក្រចេះ ដែលមានផលិតផលនេះ ដូច្នេះយើងត្រូវគ្រប់គ្រង បន្សុទ្ធពូជ និងពង្រីកការដាំដុះបន្ថែម។ សូមកុំយកពូជប្រភេទផ្សេងមកលាយលំ»។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីសក្តានុពលនៃដំណាំក្រូចថ្លុង ដែលមិនត្រឹមតែជួយបង្កើនជីវភាពរបស់ប្រជាកសិករ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកតម្លៃកេរ្តិ៍ឈ្មោះសង្កាត់ និងខេត្ត តាមរយៈវិស័យទេសចរណ៍ផងដែរ។

គួរឱ្យដឹងថា ផ្លែក្រូចថ្លុងកោះទ្រង់ ត្រូវបានចុះបញ្ជីសម្គាល់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ក្រូចថ្លុងកោះទ្រង់» ជាផ្លូវការ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។

យោងតាមសាលាសង្កាត់កោះទ្រង់ មានបងប្អូនប្រជាពលរដ្ឋដាំក្រូចថ្លុងប្រហែល ៩០ភាគរយ លើផ្ទៃដីប្រមាណជាង ៣០ហិកតា ដោយមានដើមក្រូចថ្លុងប្រមាណជាង ១ម៉ឺនដើម ហើយក្នុងមួយដើមអាចមានផ្លែយ៉ាងតិច ១០០ផ្លែ ក្នុងមួយឆ្នាំ។

ក្រូចថ្លុងកោះទ្រង់ អាចលក់បានក្នុងតម្លៃ ១គីឡូក្រាម ពី ៧,០០០ ទៅ ៨,០០០រៀល (តម្លៃបេះចេញពីដើម)។ ផ្លែក្រូចថ្លុងកោះទ្រង់ ត្រូវបានចុះបញ្ជីសម្គាល់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ក្រូចថ្លុងកោះទ្រង់» ជាផ្លូវការ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។

សហគមន៍អេកូទេសចរណ៍ធម្មជាតិកោះទ្រង់ គឺជាកោះមួយស្ថិតនៅកណ្តាលទន្លេមេគង្គ ទល់មុខទីរួមខេត្តក្រចេះ ទិសខាងលិចប្រមាណ ១គីឡូម៉ែត្រ។ កោះទ្រង់ជាសង្កាត់មួយក្នុងចំណោមសង្កាត់ទាំង៥ នៃក្រុងក្រចេះ ខេត្តក្រចេះ។ កោះនេះមានភូមិចំនួន២ មានផ្ទៃដីសរុបទំហំ ២២៣ហិកតា ហើយប្រជាពលរដ្ឋភាគច្រើនជាកសិករ ពីព្រោះដីនៅលើកោះនេះសម្បូរទៅដោយជីវជាតិ អំណោយផលដល់វិស័យកសិកម្ម៕