អាជ្ញាធររាជធានីភ្នំពេញបើកការដ្ឋានដាក់លូទំហំ១ម៉ែត្រកន្លះជិត១០គីឡូម៉ែត្រនៅអមសងខាងផ្លូវ១៩៦២ ក្នុងខណ្ឌសែន សុខ


រាជធានីភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបាននឹងកំពុងបើកការដ្ឋានដាក់លូទំហំ១ម៉ែត្រកន្លះជិត១០គីឡូម៉ែត្រនៅអមសងខាងផ្លូវ១៩៦២ ស្ថិតក្នុងខណ្ឌសែន សុខ ដែលពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៣ វិច្ឆិកា ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងអាជ្ញាធរដែនដីប្រជាពលរដ្ឋចូលរួមជាច្រើនរយនាក់ផងដែរ។
លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញ កន្លងមកបានស្ថាបនាលូបានជាង៤២០គីឡូម៉ែត្រ និងបានពង្រីកផ្លូវបានជាច្រើនខ្សែផងដែរ ។ជាក់ស្តែងសំរាប់ផ្លូវ១៩៦២ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែន សុខវិញ ដោយផ្លូវមានលក្ខណៈតូចនិងមិនមានបណ្តាញលូ ទើបរដ្ឋបាលរាជធានីសម្រេចស្ថាបនាលូប្រវែង៩៤០០ម៉ែត្រ ទំហំមួយម៉ែត្រកន្លះ គឺជាយុទ្ធសាស្ត្រកាត់បន្ថយការលិចលង់នៅតំបន់នេះ ស្របតាមអនុសាសន៍សម្តេច តេជោហ៊ុន សែន។
លោកបញ្ជាក់ថា ការដ្ឋាននេះនឹង ប្រើរយះពេលចំនួន៨ខែក្នុងការស្ថាបនា ហើយក្រោយការស្ថាបនារួច វានឹងអាចរំដោះទឹកចេញពី លើផ្លូវលេខ ២០១១ ពីតំបន់ចំការព្រីង ដោយហូរចូលមកប្រឡាយទូលសំពៅ និងមួយផ្នែកទៀតពីវត្តជុំ ទៅប្រឡាយទូសំពៅ ស្របពេលដែលស្ថានីយទួលសំពៅ បានស្ថាបនាអោយមានកម្លាំងបូមខ្លាំងជាងមុន ។ ទោះបីជាយ៉ាងណាក្តី លោកសាំ ពិសិដ្ឋ ក៏បានស្នើសុំអោយប្រជាពលរដ្ឋ មេត្តាយោគយល់និងចូលរួមជាមួយក្រុមការងារដើម្បីអោយការដ្ឋាននេះបានសម្រេចជោគជ័យ៕