លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការ ខេមបូឌាវីសិន អូស្រ្តាលី ដែលបានមកធ្វើការងារមនុស្សធម៌នៅកម្ពុជា


លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីពិសារអារហារសាមគ្គីនៃការបញ្ចប់គម្រោងព្យាបាលភ្នែកឡើងបាយ និងដុះកន្ទុយថ្លែននៅមន្ទីរពេទ្យ ខេត្តពោធិ៍សាត់ដោយឥតគិតថ្លៃប្រចាំឆ្នាំ២០១៧ របស់ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តរបស់អង្គការ ខេមបូឌាវីសិន អូស្រ្តាលី នៅភោជ្ជនីយដ្ឋាន ឡឺប្រេស៊ីដង់ រាជធានីភ្នំពេញ នារាត្រីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែល បានចំណាយទាំងពេលវេលា និងថវិកាមកបំពេញ បេសកកម្មការងារ មនុស្សធម៌ ក្នុងការព្យាបាលជម្ងឺជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ ជាពិសេស ព្យាបាលដល់ប្រជាពលរដ្ឋក្រីក្រនៅតាមជនបទ។ លោកជំទាវបានបន្តទៀតថា សកម្មភាពដ៏ថ្លៃថ្លានេះពិតជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យសុខាភាបាលនេះ ។
កន្លងមកក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានមកធ្វើការងារមនុស្សធម៌នៅកម្ពុជាចាប់តាំងពីឆ្នាំ ២០០៧ ។ ដោយឡែកលើកនេះជាឆ្នាំទី១០ ដែលក្រុមគ្រូពេទ្យជំនាញវះកាត់ អ្នកជំនាញដាក់ថ្នាំស្ពឹក គ្រូពេទ្យភ្នែកត្រចៀក បំពង់ក និង គិលានុបដ្ឋាករបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការ ខេមបូឌាវីសិន អូស្រ្តាលី បានបន្តមកព្យាបាលជូនដល់ប្រជាពលរដ្ឋកម្ពុជា នៅខេត្តពោធិ៍សាត់ចាប់ ពីថ្ងៃទី០៦-១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ ជាមធ្យមក្នុងមួយថ្ងៃគឺការព្យាបាលបានក្នុងរង្វង់ពី ៥០០នាក់ ទៅ ៦០០នាក់ សរុបជាង ៣.០០០នាក់ ។
លោកជំទាវក៏បានសំណូមពរ ឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តអូស្រ្តាលីនេះ បន្តសកម្មភាពរបស់ខ្លួនចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀត
ជាទីបញ្ចប់លោកជំទាវក៏បានជូនពរដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងខ្មែរ និងអូស្ត្រាលីទទួលបានសុខភាពល្អ ការស្នាក់នៅ និងធ្វើដំណើរត្រលប់ទៅវិញប្រកបដោយសុខសុវត្ថិភាព ៕