លោកជំទាវ ម៉ែន សំអន អញ្ជើញចូលរួមពិធីបុណ្យខួបសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និង លោកជំទាវ ញ៉ែម សឿន


លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី នៃពិធីបុណ្យខួបសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និង លោកជំទាវ ញ៉ែម សឿន ដែលបានប្រារព្ធឡើងនៅភូមិគ្រឹះរបស់ សម្តេច ស្ថិតក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នារសៀលថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
ពិធីបុណ្យនេះត្រូវបានរៀបចំឡើង ជាការដឹងគុណ និងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធដល់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានព្រឹទ្ធសភា និងលោកជំទាវ ដែលកន្លងមកសម្តេចបានចំណាយពេលពេញមួយជីវិត ចូលរួមចំណែករំដោះជាតិ មាតុភូមិ ផ្សះផ្សារ បង្រួបបង្រួមជាតិ កសាងសន្តិភាព ថែរក្សាស្ថិរភាពនយោបាយ និងអភិវឌ្ឍន៍ប្រទេសឡើងវិញចេញពីគំនរផេះផង់សង្គ្រាម រហូតទទួលបាននូវឯករាជ្យ សេរីភាព សុខសន្តិភាព សម្បូររុងរឿងជូនជាតិមាតុភូមិ ដោយផ្សារភ្ជាប់នឹងការរួមចំណែកដ៏ស្មោះត្រង់ពីឧត្តមភរិយារបស់សម្តេច គឺលោកជំទាវ ញ៉ែម សឿន ដែលជានិច្ចកាល លោកជំទាវតែងតែនៅក្បែរសម្តេច ជួយជ្រោមជ្រែងគាំទ្រ និងរួមសុខ រួមទុក្ខជាមួយសម្តេចគ្រប់កាលៈទេសៈ៕