ទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា៖ ជម្លោះព្រំដែនកម្ពុជា-ថៃ កូរ៉េកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុត និងខិតខំជួយដល់ប្រជាជនកម្ពុជា


(បាត់ដំបង)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម គីម ឆាងយ៉ុង (KIM CHANGYONG) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។ ភាគីទាំងពីរបានពិភាក្សាលើការងារសំខាន់ៗរួមមាន ស្ថានភាពព្រំដែន ការងារបង្រ្កាបបទល្មើសស្គែមអនឡាញ និងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ។

ជាកិច្ចចាប់ផ្តើមនាឱកាសនោះ ជាមួយការស្វាគមន៍យ៉ាងកក់ក្ដៅ ឯកឧត្តម សុខ លូ បានជម្រាបជូនលោកឯកអគ្គរដ្ឋទូតពីស្ថានភាពភូមិសាស្រ្ត ប្រជារាស្រ្ត សេដ្ឋកិច្ច សក្ដានុពលនៃវិស័យកសិកម្ម ទេសចរណ៍ និងវប្បធម៌ដ៏សំបូរ នៃខេត្តបាត់ដំបង និងបានរំលេចពីសក្ដានុពលដ៏សំបូរបែបលើវិស័យកសិកម្ម ប៉ុន្តែការវិនិយោគលើការកៃច្នៃនៅមានកម្រិតដែលទាមទារឱ្យមានការវិនិយោគបន្ថែម។

ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានស្នើភាគីកូរ៉េ ជួយកៀរគរអ្នកវិនិយោគ និងភ្ញៀវទេសចរកូរ៉េ មកបណ្ដាក់ទុនរកស៊ី និងមានទេសចរណ៍មកទស្សនាកម្សាន្តមកកាន់ខេត្តបាត់ដំបងឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។ ឯកឧត្តមបានថ្លែងអំណរគុណរដ្ឋាភិបាលនិងប្រជាជនកូរ៉េ ដែលបានជួយដល់ប្រទេសកម្ពុជា លើវិស័យជាច្រើន ជាពិសេសបានជួយដល់ខេត្តបាត់ដំបងលើវិស័យសុខាភិបាល ប្រព័ន្ធធារាសាស្រ្ត និងការដោះមីនជាដើម។

ជាការឆ្លើយតបឯកឧត្តម គីម ឆាងយ៉ុង បានមើលឃើញពីសក្ដានុពលជាច្រើនរបស់ខេត្តបាត់ដំបង ជាពិសេសក្រុងបាត់ដំបង ដែលជាទីក្រុងពោរពេញដោយភាពស្រស់ស្អាត និងមានភាពទាក់ទាញខ្ពស់លើវិស័យទេសចរណ៍ ដោយឯកឧត្តមអះអាងនឹងជួយផ្សព្វផ្សាយពីសក្ដានុពលរបស់ខេត្តបាត់ដំបងទៅកាន់អ្នកវិនិយោគ និងភ្ញៀវទេសចរកូរ៉េ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញការកោតសរសើរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញផែនការក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលកំពុងអនុវត្តទទួលបានជោគជ័យ និងបានធ្វើការបង្ក្រាបលើឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានជាបន្តបន្ទាប់ ខណៈកម្ពុជា និងកូរ៉េខាងត្បូង បានបង្កើតក្រុមការងារចម្រុះមួយដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លង ដែននានា រាប់ទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបាននិងកំពុងប្រតិបត្តិការបានយ៉ាងជោគជ័យជាទីបំផុត។

ជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, ឯកឧត្តម គីម ឆាងយ៉ុង បានបញ្ជាក់ថា លោកបានមើលឃើញយ៉ាងច្បាស់​ពីផលប៉ះពាល់ដែលប្រទេស និងប្រជាជនកម្ពុជា​បានជួបប្រទះ ដោយសារបញ្ហាជម្លោះព្រំដែន​ជាមួយភាគីថៃ ហើយភាគីកូរ៉េបាននិងកំពុងបន្តតាមដាន​យ៉ាងយកចិត្តទុកដាក់បំផុត និងខិតខំជួយ​ដល់ប្រជាជនកម្ពុជា។ ក្នុងនាមស្ថានទូតកូរ៉េ ឯកឧត្តមបានបង្ហាញការប្ដេជ្ញាចិត្តជួយបណ្ដុះបណ្ដាលផ្នែកការងារដល់យុវជនកម្ពុជា និងផ្ដល់ឱកាសជាពលករជំនាញដល់ពលករកម្ពុជាផងដែរ។

ភាគីទាំងពីរបានពិភាក្សាពីការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តបាត់ដំបងជាមួយបណ្ដាក្រុង និងខេត្ត នានារបស់កូរ៉េផងដែរ ដើម្បីរឹតចំណងមេត្រីភាព ពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនភាពស្និទស្នាលរវាងប្រជាជននៃប្រទេសទាំងពីរ៕