(ក្រុងតូក្យូ)៖ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនា រវាងទីក្រុងតូក្យូ និងបណ្តាទីក្រុង នៃប្រទេសអាស៊ាន ដើម្បីចីរភាព (TOKYO-SEADS) ដែលកិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង បន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព G-NETS បានបញ្ចប់ដោយជោគជ័យ។
ពីទីក្រុងតូក្យូ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កិច្ចសន្ទនានេះ លោកជំទាវអភិបាលក្រុងតូក្យូ និងអភិបាល ឬតំណាងរាជធានី-ក្រុងនានា នៃបណ្តាប្រទេសអាស៊ាន បានធ្វើបទបង្ហាញ លើប្រធានបទស្តីពី «វិធានការទប់ទល់នឹងខ្យល់ព្យុះ ទឹកជំនន់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធទីក្រុង» សម្រាប់ទីក្រុងរបស់ខ្លួន។
ក្នុងនាមឯកឧត្តម ឃួង ស្រេង, លោក សេង វណ្ណៈ អភិបាលរង បានធ្វើបទបង្ហាញ ស្តីពី «ភាពធន់ និងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចីរភាព និងបរិយាប័ន្ន»។
លោកស្រីអ្នកនាំពាក្យបានបន្តទៀតថា បន្ទាប់ពីធ្វើបទបង្ហាញ និងការចូលរួមមតិយោបល់ ដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ រវាងទីក្រុងនីមួយៗ រួមមាន (ទីក្រុងតូក្យូ និងទីក្រុងក្នុងតំបន់អាស៊ាន) រួចមក លោកស្រីអភិបាលក្រុងតូក្យូ បានដាក់ជូនអង្គប្រជុំពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម នៃកិច្ចសន្ទនារវាងទីក្រុងតូក្យូ និងបណ្តាទីក្រុង នៃប្រទេសសមាជិកអាស៊ាន ដើម្បីចីរភាព Tokyo-Southeast Asia Capitals Dialogue for Sustainability Joint Statement ហៅកាត់ថា (TOKYO-SEADS) ដោយផ្តោតលើប្រធានបទសំខាន់គឺ «វិធានការទប់ទល់នឹងខ្យល់ព្យុះ និងទឹកជំនន់ និងការអភិវឌ្ឍ ហេដ្ឋារចនាសម្ពន្ធទីក្រុង ដើម្បីបង្កើតទីក្រុង ប្រកបដោយភាពធន់ និងចីរភាព» ។
មុននឹងបញ្ចប់ លោកជំទាវអភិបាលក្រុងតូក្យូ ក៏បានជម្រាបជូនអំពីកម្មវិធី នៃកិច្ចប្រជុំមន្ត្រីបច្ចេកទេសជាន់ខ្ពស់របស់ G-NETS នឹងគ្រោងនឹងរៀបចំធ្វើឡើង នៅខែឧសភា ឆ្នាំ២០២៧ និងកិច្ចប្រជុំកំពូលលើកទី៤ របស់ G-NETS នឹងធ្វើនៅឆ្នាំ២០២៨ ហើយលោកជំទាវអភិបាលក្រុងបានអញ្ជើញ លោក លោកស្រីអភិបាលរាជធានី-ក្រុង និងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងប្រជុំដ៏មានសារ:សំខាន់ទាំងនោះបន្តទៀត៕




















