ចិន បន្តការគាំទ្រកម្ពុជា លើការការពារបរិស្ថាន ការបញ្ចេញកាបូនទាប និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ


(សៀងហៃ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងអំឡុងពេលអញ្ជើញបំពេញបេសកកម្ម នៅប្រទេសចិន នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Huang Runqiu រដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងសៀងហៃ ប្រទេសចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការការពារបរិស្ថាន ការបញ្ចេញកាបូនទាប និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងអំពីដំណើរការជំរុញ «ភាពស្អាត» នៅកម្ពុជាយើង និងបានថ្លែងអំណរគុណដល់ឯកឧត្តម Huang Runqiu ដែលបានផ្តល់អំពូលសូឡាដាក់បំភ្លឺតាមផ្លូវ និងអំពូលសូឡាដាក់តាមផ្ទះ ជូនក្រសួងបរិស្ថាននាពេលកន្លងមក។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា អំពូលទាំងនោះ បានយកទៅផ្តល់ជូនប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្រ្តតំបន់សហគមន៍ទេទឹកពុះ សហគមន៍ភ្នំខ្នងផ្សារ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅលើកោះស្រឡៅ ក្នុងភូមិសាស្រ្តស្រុកកោះកុង ខេត្តកោះកុង និងបានតម្លើងនៅតាមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់របស់ក្រសួងបរិស្ថាន ទាំង៥កន្លែង រួមមាននៅខេត្តត្បូងឃ្មុំ កំពង់ស្ពឺ សៀមរាប មណ្ឌលគិរី និងកោះកុង។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងទប់ស្កាត់និងកាត់បន្ថយការបំពុលបរិស្ថាន។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី និងបរិស្ថាននៃប្រទេសចិន បានថ្លែងថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យ ដែលក្រសួងបរិស្ថានកម្ពុជា ទទួលបាន ក្នុងការជំរុញ « ភាពស្អាត » នៅកម្ពុជា។

ឯកឧត្តម Huang Runqiu បានមានប្រសាសន៍ផ្តល់អំពូលសូឡាដាក់តាមផ្លូវចំនួន ២០០០ដើម និងប្រព័ន្ធអំពូលភ្លើងសូឡាដាក់តាមផ្ទះចំនួន ៣០០០ឈុតបន្ថែមទៀត ជូនដល់ក្រសួងបរិស្ថាន ដើម្បីយកទៅប្រើប្រាស់សម្រាប់ប្រយោជន៍សាធារណៈ ជាពិសេសនៅខេត្តត្បូងឃ្មុំ និងនៅតាមតំបន់ការពារ ដើម្បីធ្វើយ៉ាងណាជួយឲ្យសហគមន៍មានភ្លើងប្រើ និងជួយសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់ឲ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានោះដែរ រដ្ឋមន្រ្តីបរិស្ថានចិន បានលើកឡើងអំពីការបន្តជំរុញអ្នកវិនិយោគចិនឲ្យមកកម្ពុជាថែមទៀត។ កន្លងមកក្រុមហ៊ុនប្រទេសចិន បានអញ្ជើញមកប្រទេសកម្ពុជាជាបន្តបន្ទាប់ ក្នុងនោះបានបង្ហាញការវិនិយោគក្នុងការកែច្នៃសំណល់រឹងឲ្យទៅជាថាមពលអគ្គិសនី។

សូមបញ្ជាក់ថា កម្ពុជានិងចិនបានពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ លើវិស័យបរិស្ថាន។ ក្រុមហ៊ុនវិនិយោគប្រទេសចិន បានចូលរួមក្នុងការងារគ្រប់គ្រងបរិស្ថាន ជាពិសេសលើការគ្រប់គ្រងសំរាម សំណល់រឹង និងមានគម្រោងការកែច្នៃសំណល់ ទៅជាថាមពលអគ្គិសនី (Waste-to-Energy) ដើម្បីជំរុញសេដ្ឋកិច្ចបៃតងនៅកម្ពុជា៕