នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការអរគុណចំពោះអង្គការ យូណេស្កូ ដែលបានចូលរួមចំណែកជួយដល់កម្ពុជានៅពេលកន្លងមក។ សម្ដេចសង្ឃឹមថាក្នុងបេសកកម្មរបស់ឯកឧត្តមតំណាងអង្គការយូណេស្កូនៅពេលនេះ នឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងអង្គការយូណេស្កូកាន់តែរឹងមាំបន្ថែមទៀត។
ឯកឧត្តម Flavio Bonetti បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តមនិងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមលើកឡើងថាជាទំនាក់ទំនងដ៏រឹងមាំនិងជ្រាលជ្រៅ។ ឯកឧត្តមបានបញ្ជាក់ថាអង្គការ UNESCO នឹងខិតខំប្រឹងប្រែងក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការ ជាមួយនឹងកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត។
សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តម ឯកឧត្តម Flavio Bonetti ហើយក៏បានពិភាក្សាជាមួយឯកឧត្តមទាក់ទងទៅនឹងកត្តាសំខាន់ៗមួយចំនួនដែល UNESCO បានយកចិត្តទៅដាក់ក្នុងការជួយកន្លងមក។សម្ដេចតេជោបានមានប្រសាសន៍លើកឡើងឱ្យបន្តនូវការគាំទ្រនិងយកចិត្តទុកដាក់បន្ថែមទៀត នៅក្នុងនោះសម្ដេចលើកឡើងអំពីវិស័យអប់រំនៅកម្ពុជា ដោយសម្ដេចបានសង្កត់ធ្ងន់ថា ដើម្បីឱ្យកម្ពុជាខ្លាំង ត្រូវតែមានមូលធនមនុស្ស គឺធនធានមនុស្សខ្លាំងហើយមូលធនមនុស្សនោះឯងដែលជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពធន់។ សម្ដេចតេជោក៏បានមានប្រសាសន៍លើកឡើងអំពីការវិវត្តនៃវិស័យអប់រំកម្ពុជាចាប់តាំងពីចំណុចសូន្យ រហូតមកដល់ពេលនេះដែលយើងបានរីកចម្រើនក្នុងស្ថានភាពមួយល្អជាបន្តបន្ទាប់ក្នុងនោះសម្ដេចក៏បានលើកឡើងអំពីការចូលរួមរបស់ UNESCO ក្នុងការអភិរក្ស និងបន្តជួយគាំទ្របន្ថែមទៀតក្នុងការការពារនូវសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាហើយ និងបន្តដាក់បញ្ចូលនូវសម្បត្តិបេតិកភណ្ឌទាំងនោះចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់។
ឯកឧត្តមតំណាងអង្គការយូណេស្កូក៏បានឯកភាពចំពោះការលើកឡើងរបស់សម្ដេចតេជោ ជាពិសេសគឺពាក់ព័ន្ធទៅនឹងវិស័យអប់រំ។ បានលើកឡើងថា UNESCO គាំទ្រពេញទំហឹងក្នុងការសហការជាមួយនឹងស្ថាប័នដែលជាសេនាធិការរបស់រដ្ឋាភិបាលជាពិសេសក្រសួងអប់រំក្នុងការពង្រឹងបន្ថែមទៀតនៅក្នុងវិស័យអប់រំកម្ពុជា។ បន្ថែមពីលើនេះឯកឧត្តមក៏បានលើកឡើងអំពីការបន្តការគាំទ្រចំពោះការអភិរក្សសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាទាំងរូបីនិងអរូបី ហើយនិងបន្តជួយដល់កម្ពុជាក្នុងការដាក់បញ្ចូលនូវសម្បត្តិបេតិកភណ្ឌដទៃទៀតទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។
នាឱកាសនោះផងដែរ សម្ដេចតេជោ និងឯកឧត្តមតំណាងអង្គការយូណេស្កូសុទ្ធតែបានលើកឡើងអំពីសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាដែលត្រូវបានបំផ្លាញនៅក្នុងសង្គ្រាមកន្លងទៅ ជាពិសេសថ្មីៗនេះ តាមរយៈ សង្គ្រាមកម្ពុជា និងថៃហើយសម្ដេចបានប្រាប់ទៅឯកឧត្តមតំណាងយូណេស្កូ ថាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានរងគ្រោះ ជាពិសេសគឺប្រាសាទព្រះវិហារ។
ឯកឧត្តមតំណាងអង្គការ UNESCO ក៏បានសម្ដែងការសោកស្ដាយនិងក្រៀមក្រំ នៅពេលដែលបានឃើញនូវសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានបំផ្លាញជាពិសេសគឺប្រាសាទព្រះវិហារតែម្ដង ដោយឯកឧត្តមបញ្ជាក់ថា នឹងខិតខំប្រឹងប្រែងធ្វើកិច្ចការងារជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាក្នុងការជួសជុលនិងស្ដារនូវការខូចខាតនៅសម្បត្តិបេតិកភណ្ឌទាំងអស់នោះ។
សម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យឯកឧត្តមតំណាងអង្គការយូណេស្កូ បានបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជាប្រកបដោយភាពជោគជ័យ៕



