ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយប្រតិភូគណៈកម្មកាចំរុះព្រំដែនកម្ពុជា-វៀតណាម ដែលដឹកនាំដោយ ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន នៃទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម ឡេ ហួយទ្រុង ប្រធានគណៈកម្មការចម្រុះព្រំដែន និងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ដែលបានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំចង្អៀតរវាងគណៈកម្មការចម្រុះព្រំដែនកម្ពុជា-វៀតណាម ដែលបាននិងកំពុងដំណើរការរយៈពេល៤ថ្ងៃ នៅលើទឹកដីខេត្តសៀមរាប។
នាឳកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត នូវក្តីរំពឹងទុកយ៉ាងមុតមាំថា លទ្ធផលនៃកិច្ចប្រជុំ នេះគឺជាជំហានថ្មីមួយថែមទៀត ក្នុងការជួយពន្លឿននូវបញ្ហាសេសសល់កន្លងមកទាក់ទងការងារព្រំដែន ក៏ដូចជាជម្រុញឱ្យដំណើរការនៃកិច្ចពិភាក្សារបស់ភាគីទាំងពីរ (កម្ពុជា-វៀតណាម) ឈានទៅសម្រេចនូវការបោះបង្គោល បានទាំងស្រុងនាពេលអនាគតឆាប់ៗ។ ទាំងនេះគឺជាការចង់បានរបស់ប្រជាជន និងរដ្ឋាភិបាលទាំងពីរ ដែលចង់ឱ្យខ្សែបន្ទាត់ព្រំដែនក្លាយជាតំបន់នៃកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងដ៏ទទៃទៀត ក្នុងនាមជាអ្នកជិតខាងល្អ ដោយគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ប្រកបដោយសមធម៌។
ជាមួយគ្នានោះដែរ ឯកឧត្តម បណ្ឌិត ក្នុងនាមថ្នាក់ដឹកនាំ និងប្រជាជនខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលជានិច្ចកាល តែងតែគាំទ្រជាបន្តបន្ទាប់ និងផ្តល់ជំនួយនានាដល់ប្រជាជន កងយោធពលខេមរភូមិន្ទ និងរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន។ ជាពិសេសចំពោះគុណបំណាច់ ដែលមិនអាចកាត់ថ្លៃបាន នៃការលះបង់ ឈាមស្រស់សាច់ស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលី ជីវិតក្នុងបុព្វហេតុ ជួយសង្រ្គោះអាយុជីវិតរបស់ប្រជាជនកម្ពុជា ឱ្យរួចផុតពីការគ្រប់គ្រង នៃរបបព្រៃផ្សៃយង់ឃ្នងបីឆ្នាំប្រាំបីខែម្ភៃថ្ងៃ របស់ពួកប្រល័យពូជសាសន៍ ប៉ុល ពត រហូតទទួលបានជ័យជំនះ នាថ្ងៃទី០៧ ខែមករា ឆ្នាំ ១៩៧៩៕
ប្រតិភូគណៈកម្មកាចម្រុះព្រំដែនកម្ពុជា-វៀតណាម ជួបសំណេះសំណាលជាមួយមួយអភិបាលខេត្តសៀមរាប
