ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម កែវ រតនៈ  អញ្ជើញជាអធិបតី ” វេទិកាពិភាក្សាជាមួយយុវជនគណបក្សក្រសួង/ស្ថាប័ន ចំនួន ១៤” ជុំទី១ ក្នុងក្របខ័ណ្ឌយុវជនគណបក្សក្រសួង ស្ថាប័ន


រាជធានីភ្នំពេញ៖ នាព្រឹក ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតីភាពក្នុងវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សក្រសួង ស្ថាប័ន » ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម កែវ រតនៈ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ឯកឧត្ដមអនុប្រធាន សមាជិកគណៈប្រចាំការ យ.គ.ក. ឯកឧត្តមសមាជិកគណៈអចិន្រ្តៃយ៍ នៃ យ.គ.ក. និងឯកឧត្តមប្រធានលេខាធិការដ្ឋាន និងប្រធានផ្នែកចំណុះ នៃ យ.គ.ក. ព្រមទាំង ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃយុវជនគណបក្សរបស់គណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន សរុបប្រមាណ ចំនួន ២ ៦០៤រូប។

វេទិកានេះរៀបចំឡើងដើម្បីចូលរួមស្តាប់នូវមតិយោបល់ ក្តីកង្វល់ និងចម្ងល់របស់យុវវជនគណបក្ស ចំពោះការដឹកនាំ និងថ្នាក់ដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាល ដើម្បីឈានបាននូវការពង្រឹងសតិអារម្មណ៍របស់យុវជនគណបក្ស ដែលជាខឿនសាមគ្គីជាតិដ៏រឹងមាំ ក្នុងការការពារ និងបន្តផ្សព្វផ្សាយជូនដល់ប្រជាជននៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសទាក់ទងនឹងការពារបូរណភាពទឹកដីពីការរំលោភឈ្លានពានដ៏ឃោឃៅពីសំណាក់ប្រទេសថៃនាពេលកន្លងមកនេះ។

នៅក្នុងមតិបើកវេទិកាពិភាក្សា ឯកឧត្តមបណ្ឌិតប្រធាន
បានជម្រាបជូនអង្គវេទិកាពីវឌ្ឍនភាពនៃកិច្ចខិតខំរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងបញ្ជាក់ពីគោលជំហរនៃការអនុវត្តក្រោយពេលឈប់បាញ់ ការដោះស្រាយជម្លោះប្រកបដោយសន្តិវិធី​ តាមរយៈយន្តការការទូត​និងច្បាប់អន្តរជាតិ ជាពិសេសការប្រើប្រាស់យន្តការ UNCLOS និងលទ្ធផលក្រោយកិច្ចប្រជុំត្រីភាគីក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសហ្វីលីពីន។

ឯកឧត្តមបណ្ឌិតប្រធាន ក៏បានអំពាវនាវនិងបំផុសឱ្យយុវជននៃអង្គវេទិកានោះ ដែលជាអ្នកបន្ត និងជាកោសិការបស់ប្រទេសជាតិ សូមចូលរួមលើកជាមតិ សំណួរ សំណូមពរ និងក្តីចម្ងល់នានា ទាំងក្នុងក្របខ័ណ្ឌក្នុងប្រទេសនិងគណបក្ស ដោយប្រកាន់ខ្ជាប់នូវសីលធម៌ល្អ និងក្នុងស្មាតីភាពលើកកម្ពស់ភាពស្និទ្ធស្នាលនិងការផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំ និងមន្រ្តីអនុវត្តផ្ទាល់ក្នុងថ្នាក់មូលដ្ឋាន ដែលជាខឿនមហាគ្រួសារដ៏រឹងមាំនៃជាតិខ្មែរជាធ្លុងមួយ។

ជាមួយគ្នានេះដែរ តាមរយៈចំណាប់អារម្មណ៍របស់ ឯកឧត្តម កែវ រតនៈ បានគូសបញ្ជាក់ពីគោលនយោបាយ និងវឌ្ឍនភាពនៃការខិតខំរបស់ក្រសួងរ៉ែ និងថាមពល ជាពិសេសផលប៉ះពាល់នៃការឡើងថ្លៃប្រេងសាំងលើជីវភាពរស់នៅរបស់ប្រជាជន ក្នុងដំណាក់កាលនៃការឈ្លានពានរបស់ទាហានថៃ និងក្នុងបរិបទសកលោកសង្រ្គាមអាមេរិក-អ៊ីរ៉ុង។ ឯកឧត្តម ក៏បានសំណូមពរដល់យុវជនគណបក្សគ្រប់រូបចូលរួមធ្វើការផ្សព្វផ្សាយ និងឆ្លើយតបជាមួយព័ត៌មានមិនពិត និងមានភាពបំភ្លៃឱ្យបាត់បង់ការទុកចិត្តរបស់ប្រជាជនចំពោះថ្នាក់ដឹកនាំគណបក្សនិងរាជរដ្ឋាភិបាល។

វេទិកានាពេលនោះបានប្រព្រឹត្តទៅយ៉ាងច្រើនកុះករពីសំណាក់យុវជនគណបក្សមកពីក្រសួង ស្ថាប័ន ដោយបានលើកជាមតិយោបល់ សំណួរ និងសំណូមពរ មានជាអាទិ៍៖ គោលនយោបាយ វឌ្ឍនភាព និងទិសដៅទាក់ទងវិស័យរ៉ែ និងថាមពលរបស់ក្រសួង ការស្នើសុំការបកស្រាយបន្ថែមពីយន្តការការទូតក្នុងការដោះស្រាយជម្លោះជាមួយថៃ គោលការណ៍សម្រាប់យុវជនគណបក្សក្នុងការចូលរួមជួយគណបក្សសម្រាប់ការបោះឆ្នោតខាងមុខ។

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ព្រមទាំងគណៈអធិបតី បានធ្វើការបកស្រាយបំភ្លឺយ៉ាងក្បោះក្បាយ និងបានសំណូមពរដល់បងប្អូនយុវជនទាំងអស់ កុំឲ្យចាញ់បោកការឃោសនា ឬឧបាយកលរបស់ពួកក្រុមប្រឆាំងជ្រុលនិយម ដែលតែងតែប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម ជាមធ្យោបាយវាយប្រហារ អុជអាល ញុះញង់ និងមួលបង្កាច់មកលើរាជរដ្ឋាភិបាល និងគណបក្ស ដើម្បីបង្កភាពវឹកវរ និងចលាចលនៅក្នុងសង្គម។

មុននឹងបញ្ជប់វេទិកាពិភាក្សា ឯកឧត្តមបណ្ឌិតប្រធាន ក៏បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដូចខាងក្រោម ៖

១.ស្នើសុំប្រធានយុវជនក្រសួង ស្ថាប័ន សហការជាមួយគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័នរបស់ខ្លួន ដើម្បីរៀបចំនូវផែនការសកម្មភាពរួមសម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។

២.ថ្នាក់ដឹកនាំយុវជនគណបក្សក្រសួង ស្ថាប័ននៅគ្រប់បណ្តាថ្នាក់ ត្រូវពង្រឹងរចនាសម្ព័ន្ធយុវជនគណបក្សនៅគ្រប់លំដាប់ថ្នាក់ និងធ្វើការបំពាក់បំប៉ននូវគោលជំហរ ទស្សនៈនយោបាយ សតិអារម្មណ៍ និងចាត់តាំង ឱ្យបានជាប់ជាប្រចាំ ដើម្បីធានាបានប្រៀបខ្លាំង និងប្រៀបឈ្នះ របស់គណបក្សនៅគ្រប់កាលៈទេសៈនៃការបោះឆ្នោតទាំងអស់។

៣.ថ្នាក់ដឹកនាំយុជនគណបក្សក្រសួង ស្ថាប័នគ្រប់បណ្តាថ្នាក់ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងពន្យល់ដល់ប្រជាជននិងមហាជន ឱ្យយល់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការការពារអាយុជីវិតប្រជាជន និងការការពារបូរណភាពទឹកដី។
៤.ថ្នាក់ដឹកនាំយុជនគណបក្សក្រសួង ស្ថាប័នគ្រប់បណ្តាថ្នាក់ត្រូវចូលរួមកម្លាំងសាមគ្គីជាតិជាឆ្លុងមួយ ដើម្បីការពារសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិខ្មែរឲ្យស្ថិតស្ថេរគង់វង្ស និងជំរុញការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

៥.ថ្នាក់ដឹកនាំយុជនគណបក្សក្រសួង ស្ថាប័នគ្រប់បណ្តាថ្នាក់ត្រូវចូលរួមក្នុងការបំផុសការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងបំផុសស្មារតីជាតិនិយម ការពហិការការប្រើប្រាស់ទំនិញថៃ និងលើកទឹកចិត្តប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើនថែមទៀត។

៦.ថ្នាក់ដឹកនាំយុជនគណបក្សក្រសួង ស្ថាប័នគ្រប់បណ្តាថ្នាក់ត្រូវបន្តបំផុសស្មារតី យុវជននិង ប្រជាជន ឱ្យបន្តគាំទ្រដល់រីរកងទ័ពជួរមុខ និងបន្តជួយដល់គ្រួសារពលី និងពិការដែលបង្កដោយសង្រ្គាមកន្លងមកនេះ។

៧.ថ្នាក់ដឹកនាំយុជនគណបក្សក្រសួង ស្ថាប័នគ្រប់បណ្តាថ្នាក់ត្រូវចូលរួមបង្កើនការផ្សព្វផ្សាយសកម្មភាពឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា និងសមិទ្ធផលរបស់រដ្ឋាភិបាលឲ្យបានទូលំទូលាយតាមគ្រប់រូបភាព និងច្រើនភាសាតាមដែលអាចធ្វើទៅបាន។

៨.ថ្នាក់ដឹកនាំយុជនគណបក្សក្រសួង ស្ថាប័នគ្រប់បណ្តាថ្នាក់ត្រូវរួបរួមគ្នា ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលមានចរិតញុះញង់ អុជអាល លៀបព័ណ៍ និងមួលបង្កាច់មក លើគណបក្ស និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រមទាំងធ្វើការវាយបកឲ្យបានផុលផុសបានទាន់ពេលវេលា និងមុខស្រួចបន្ថែមទៀត។

៩.ថ្នាក់ដឹកនាំយុជនគណបក្សក្រសួង ស្ថាប័នគ្រប់បណ្តាថ្នាក់ត្រូវក្តាប់ឲ្យបានពីសារៈសំខាន់នៃការបោះឆ្នោតជ្រើសរើស ឃុំ សង្កាត់អាណត្តិទី៦ ដោយខិតខំត្រៀមលក្ខណៈសម្បត្តិសំដៅធានាឲ្យបាននូវជោគជ័យនៃការបោះឆ្នោតនៅឆ្នាំ២០២៧ និង២០២៨ ខាងមុខនេះប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាពិសេសខិតខំអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវសេចក្តីសម្រេចរបស់គណបក្ស លេខ១៤៣/០៤២៦ សសគក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្គាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះ។

https://www.facebook.com/share/p/1HjVqebUvx/