រដ្ឋបាលខេត្តស្វាយរៀង បានផ្តល់ឱកាសសម្រាប់ការយកព័ត៌មានពីកិច្ចការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាOline Scams ក្នុងខេត្ត


អ្នកសារព័ត៌មានអន្តរជាតិមកពីទូរទស្សន៍CNA និងទូរទស្សន៍Spotlight និងអ្នកចូលរួមសំខាន់ៗ ចំនួន១៧នាក់ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បានចុះទៅដល់ទីតាំងឆបោកតាមបច្ចេកវិទ្យា Online Scams ដែលសមត្ថកិច្ចកម្ពុជា បានធ្វើការបង្រ្កាប និងបន្តនិតិវិធីតាមច្បាប់ នៅក្រុងបាវិត ខេត្តស្វាយរៀង ។
ក្រុមអ្នកសារព័ត៌មានបានថតវីដេអូ និងផ្តិតយករូបភាពតាមជំនាញវិជ្ជាជីវៈ ដោយមានការស្វាគមន៍ និងបញ្ជាក់បង្ហាញដោយក្តីរាក់ទាក់ពី ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​ ស្នងការនគរបាល និងអាជ្ញាធរពាក់ព័ន្ធ​ បង្ហាញនូវកិច្ចការងារដែលកម្ពុជា កំពុងខិតខំធ្វើបានយ៉ាងល្អ និងបន្តធ្វើ ក្នុងកិច្ចការបង្រ្កាបអំពើឆបោកងតាមប្រព័ន្ធបចេ្ចកវិទ្យា ។
ក្នុងឱកាសនោះដែរ​ ឯកឧត្តមអភិបាលខេត្ត បានផ្តល់បទសម្ភាសន៍ ដោយបញ្ជាក់ ពីការបើកចំហលើបញ្ហា និងកិច្ចការងារដែលអាជ្ញាធរបានធ្វើ តាមរយៈការពង្រឹងការអនុវត្តច្បាប់ ពិសេសច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបោសសំអាតអំពើឆបោក អនឡាញទាំងនេះអោយអស់ពីខេត្តស្វាយរៀងនិងមិនអោយបទល្មើសនេះត្រឡប់មកវិញឡើយ៕