(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ថ្វាយសារលិខិតថ្លែងអំណរព្រះគុណ ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ចំពោះព្រះរាជសារថ្វាយព្រះពរដ៏មានអត្ថន័យ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុរបស់ព្រះអង្គ។
ព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រមានខ្លឹមសារដូចខាងក្រោម៖
បពិត្រសម្តេចព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជាទីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត នៃទូលព្រះបង្គំជាខ្ញុំ
ទូលព្រះបង្គំជាបុត្រ មានហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានទទួលការប្រោសព្រះរាជទានព្រះរាជសារដ៏ឧត្តុង្គឧត្តម អំពីសម្តេចព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជវរោកាស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ ទូលព្រះបង្គំជាខ្ញុំ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ដែលមានខ្លឹមសារប្រកបដោយព្រះពរជ័យ និងមានអត្ថន័យ ដ៏វិសេសវិសាលបំផុត អំពីសកម្មភាពនៃទូលព្រះបង្គំជាខ្ញុំ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។
ទូលព្រះបង្គំជាបុត្រ សូមព្រះបរមរាជានុញ្ញាត សម្តែងនូវព្រះមហាករុណាទិគុណដ៏ជ្រាលជ្រៅបំផុត និងសូមលើកហត្ថប្រណម្យថ្វាយបង្គំបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សា ព្រះមហាស្វេតច្ឆត្រ ព្រះបារមីអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះ មេត្តាតាមជួយគ្រប់គ្រងថែរក្សា សម្តេចព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង ស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតនៃទូលព្រះបង្គំជាខ្ញុំ សូមព្រះអង្គបានព្រះប្រកបតែនឹងព្រះបរមសុខ គ្រប់ប្រការ មានព្រះកាយពលមាំមួន និងសូមព្រះអង្គគង់ប្រថាប់ជា សម្តេចព្រះវររាជមាតា នៃ ព្រះរាជាណាចក្រកម្ពុជា ជាដរាបតរៀងទៅ។
ទូលព្រះបង្គំជាបុត្រ សូមក្រាបថ្វាយបង្គំ សម្តេចព្រះវររាជមាតា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត៕


