សម្តេចភក្តី​ សាយ ឈុំ ចុះជួបសំណេះសំណាលជាមួយមន្ត្រីថ្នាក់មូលដ្ឋាន និងប្រធានក្រុមបក្សនៃគណបក្សប្រជាជនកម្ពុជា សង្កាត់ជើងឯក នៃខណ្ឌដង្កោ រាជធានីភ្នំពេញ


នាព្រឹកព្រលឹមថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ជើងឯក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានីភ្នំពេញ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយមន្ត្រីថ្នាក់មូលដ្ឋាន និងប្រធានក្រុមបក្សនៃសង្កាត់ជើងឯក ចំនួន១១០នាក់ ប្រកបដោយក្តីសោមនស្សរីករាយ និងស្និទ្ធស្នាលជាទីបំផុត ។

ចាប់ផ្តើមដោយការសាកសួរសុខទុក្ខ និងថ្លែងសរសើរចំពោះការអភិវឌ្ឍន៍រីកចំរើន និងភាពសុខដុមរម្យនារបស់ប្រជាពលរដ្ន នៅក្នុងមូលដ្ឋានសង្កាត់ជើងឯក សម្តេចភក្តី ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ថ្នាក់ដឹកនាំកំពូលរបស់បក្ស និងរដ្ឋ ជូនចំពោះសមាជិក សមាជិកានៃអង្គពិធី និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋទាំងអស់នៅឯមូលដ្ឋានផងដែរ។

សម្តេច បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដោយបានជួបជាមួយមន្ត្រីគណបក្សដែលកំពុងធ្វើការងារដោយផ្ទាល់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ។
សម្តេច សំដែងការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងច្រើន និងឆាប់រហ័ស នៅក្នុងមូលដ្ឋានសង្កាត់ ខណ្ឌ និង រាជធានីភំ្នពេញ ដែលបានរួមចំណែកយ៉ាងប្រត្យក្ស ដល់ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិទាំងមូល ។ ការអភិវឌ្ឍរីកចម្រើន និងសមិទ្ធផលនានា ដែលយើងសម្រេចបាននាបច្ចុប្បន្ននេះ គឺធំធេង និងមហាសាល តែក៏ មិនមានន័យថាគ្រប់គ្រាន់ហើយនោះទេ ដូច្នេះយើងត្រូវតែបន្តខិតខំតទៅទៀត សម្រាប់ជាមរតកដល់កូនចៅយើងនាអនាគតវែងឆ្ងាយតទៅមុខទៀត ។

សម្តេចប្រធានក្រុមការងារ ក៏បានជំរាបជូនអង្គពិធីអំពីសភាពការណ៍អន្តរជាតិសំខាន់ៗដែលជះឥទ្ធិពលមកដល់កម្ពុជា និងសភាពការណ៍ទូទៅនៅក្នុងប្រទេស ជាពិសេសអំពីវឌ្ឍនភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ ដោយបន្តអនុវត្តយុទ្ធសាស្ត្រ«ស្ងាត់តែមិនស្ងៀម» និងជ្រើសរើស «មធ្យោបាយអត់ធ្មត់ជំនួសការផ្ទុះសង្គ្រាម» ដោយប្រើយន្តការការទូត ច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ។

ចំពោះការងារគណបក្សនៅមូលដ្ឋានសង្កាត់ជើងឯក សម្តេច សម្តែងការលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តភារកិច្ច ការងាររបស់មន្ត្រី និងសមាជិក សមាជិកា គណបក្សក្នុងគ្រាកន្លងមក។

សម្តេចប្រធានក្រុមការងារ ក៏បានជំរាបជូនអំពីសេចក្តីសម្រេច របស់គណៈអចិន្ត្រយ៍ គណៈកម្មាធិការកណ្តាលគណបក្ស ស្តីពី «ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧» ហើយដែលគណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ ក៏បានដាក់ចេញនូវ ផែនការចាត់តាំងអនុវត្ត សេចក្តីសម្រេចនេះរួចហើយដែរ អាស្រ័យហេតុនេះ ពេលដែល ផែនការចាត់តាំងអនុវត្តសេចក្តីសម្រេចខាងលើនេះបានមកដល់ សូមគណបក្សសង្កាត់ និងក្រុមការងារចុះមូលដ្ឋាន ចាត់ចែងផ្សព្វផ្សាយ និងចាត់តាំងអនុវត្តឱ្យត្រឹមត្រូវហ្មត់ចត់ល្អ ។

មុនបញ្ចប់ការសំណេះសំណាល សម្តេចប្រធានក្រុមការងារ បានផ្តល់អនុសាសន៍ ឱ្យយកចិត្តទុកដាក់អនុវត្តឱ្យបានហ្មត់ចត់នូវរបបធ្វើការងារ នៅថ្នាក់មូលដ្ឋានរបស់គណបក្ស ជាអាទិ៍ភាពមាន: របបប្រជុំ របបចុះមូលដ្ឋាន របបត្រួតពិនិត្យ និងរាយការណ៍ សុំយោបល់ និងប្រឹងប្រែងសម្រេចការងារមួយចំនួន :
១- ការងារពង្រឹងអង្គការចាត់តាំងគណបក្ស
២- ការងារពង្រឹងគោលជំហរ សតិអារម្មណ៍នយោបាយរបស់គណបក្ស
៣- ការងារពង្រឹងមន្ត្រី គណបក្ស
៤- ត្រូវតាមដានឱ្យបានខ្ជាប់ខ្ជួន នូវប្រក្រតីទិនការងារដែល គ.ជ.ប បានដាក់ចេញ
៥- និងយកចិត្តទុកដាក់ត្រៀមពីប្រភពហិរញ្ញវត្ថុស្របច្បាប់របស់គណបក្ស ៕