ទេសរដ្ឋមន្រ្ដី ចម ប្រសិទ្ធ៖ ប្រសិនបើកម្ពុជាមិនមែនជាប្រទេសដែលមានសក្ដានុពលផ្នែកសេដ្ឋកិច្ចល្អទេនោះ ប្រហែលជាគ្មានប្រទេសណាមកវិនិយោគជាមួយឡើយ


(ភ្នំពេញ)៖ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្ដី រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឲ្យដឹងថា ប្រទេសកម្ពុជាជាប្រទេស​មួយ​ដែល​មានសក្ដានុពលខ្ពស់ ប្រសិនបើកម្ពុជាមិនមែនជាប្រទេសដែលមានសក្ដានុពលផ្នែកសេដ្ឋកិច្ចនោះទេ ប្រហែលជាមិនមែន​ប្រទេស​ដទៃ​ណាមកវិនិយោគនៅក្នុងប្រទេសកម្ពុជានោះឡើយ។

ការថ្លែងបែបនេះរបស់ឯកឧត្តមធ្វើឡើងនាឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសម្ពោធអាគារតាំងបង្ហាញរថយន្ត Volkswagen នាយប់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ២០១៧។

ឯកឧត្តមទេសរដ្ឋមន្រ្ដីបានថ្លែងថា «កម្ពុជាពិតជាប្រទេសដែលមានសក្ដានុពលពិតមែន បើកម្ពុជាមិនមានសក្ដានុពលអភិវឌ្ឍសេដ្ឋកិច្ចទេ គេក៏មិនមកវិនិយោគជាមួយដែរ។ បើមិនមានថ្នាក់វណ្ណៈកណ្ដាលដែលមានលុយអាចទិញរបស់ទំនើបៗទេនោះ»។

ឯកឧត្តមថា នេះមិនមែនជារឿង​ចម្លែកទេដែលប្រទេសដទៃទៀត មកវិនិយោគចាប់ដៃគូជាមួយអ្នកវិនិយោគិននៅកម្ពុជា ព្រោះគេឃើញថាស្នាដៃរបស់ អ្នកវិនិយោគិន​កម្ពុជាដែលបានធ្វើកន្លងមក មានជាមួយក្រុមហ៊ុនល្បីៗជាច្រើនមានភាពល្អប្រសើរ និងទទួលបានជោគជ័យ ទាំងការទាក់ទាញ​​ម៉ាកល្បីៗ ដូចជាម៉ាកម្ហូបអាហារ ភោគជនីយដ្ឋាន គ្រឿងសំភារៈផ្សេងៗមកកម្ពុជា។

ឯកឧត្តមបន្ដទៀថា «អ្នកវិនិយោគិនបរទេសទាំងអស់មានភាពជឿជាក់លើអ្នកវិនិយោគិនកម្ពុជា ហេតុដូច្នេះទើបក្រុមហ៊ុន Volkswagen មកចូលរួមសហការដើម្បីសម្ពោធអគារតាំងបង្ហាញរថយន្ដនេះ។ ខ្ញុំសូមកោតសសើរដោយស្មោះស្ម័គ្រចំពោះ​លោកលោកស្រី អ្នកនាងកញ្ញា ទាំងអស់ដែលបានខិតខំទាក់ទាញម៉ាកល្អៗ​​ពីបរទេសមកកម្ពុជា»។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានបន្ដដំណើរឆ្ពោះទៅផ្នែកមួយដ៏សំខាន់ ក្នុងសហគមន៍អាស៊ានដោយមានកំណើន​សេដ្ឋកិច្ចថេរ មានស្ថេរភាពនយោបាយល្អ និងផ្ដោតសំខាន់ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។​ ទាំងនេះបានឆ្លុះបញ្ចាំង​យ៉ាងច្បាស់ ពីលំហូរចូលនៃវិនិយោគទុនបរទេស ដែលមិនចេះរីងស្ងូតចូលក្នុងប្រទេស និងការកើនឡើងនូវចំនួនម៉ាកផលិតផលអន្ដរជាតិ ដែល​បាន​នាំចូលដោយក្រុមហ៊ុនក្នុងស្រុក។

សូមបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្ដអាល្លឺម៉ង Volkswagen បានសហការជាមួយក្រុមហ៊ុន HGB Group Co. Ltd រៀបចំសម្ពោធអគារតាំងលក់រថយន្ដ ប្រណីត និងទំនើបកម្រិត​ខ្ពស់​របស់ខ្លួនហើយកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។ ភាពជាដៃ​គូ​នេះ ក្រុមហ៊ុន HGB Group នឹងក្លាយទៅជាតំណាង​ចែកចាយតែមួយគត់ដែលមានលក់រថយន្ដតូចៗសម្រាប់គ្រួសារ និបប្រភេទ​រថយន្ដ ដឹកអ្នកដំណើរសម្រាប់អាជីវកម្ម របស់ក្រុមហ៊ុន Volkswagen។

អាគារថ្មីនេះផ្ដោតសំខាន់លើការលក់រថយន្ដ ការផ្ដល់សេវាកម្មរហ័សទាន់ចិត្ត និងគ្រឿងបន្លាស់សម្បូរបែប នៅទីនោះជាកន្លែងតែមួយ​គត់ដែលមានបំពាក់បច្ចេកទេសទំនើបបំផុត និងជាកន្លែងផ្ដល់ប្រឹក្សាយោបល់ក្រោយការលក់ដ៏ល្អបំផុត ដែលមានបុគ្គលិក​ដែល​ទទួល​ ការបណ្ដុះបណ្ដាលនូវចំណេះជំនាញច្បាស់លាស់។

សូមជម្រាបថា ក្រុមហ៊ុន HGB Group ជាក្រុមហ៊ុនឯកជនក្នុងស្រុកមួយរបស់កម្ពុជា ដែលមានឯកទេស​លើវិស័យយានយន្ដ​គ្រប់ធុន F&B ការរលក់រាយ និងលក់ទំនិញប្រណីត ហើយបានក្លាយទៅជាក្រុមហ៊ុន ចែកចាយស្រប់ច្បាប់រថយន្ដម៉ាក Volkswagen នៅកម្ពុជា៕