កម្ពុជា បេ្តជ្ញាចិត្តសម្រេចឱ្យបាននូវគោលដៅនៃការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩


ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានថ្លែងបញ្ជាក់ពីការប្តេជ្ញាចិត្តពេញទំហឹងរបស់កម្ពុជាក្នុងការអនុវត្តកម្មវិធីសកម្មភាពដូហា (DPoA) និងការសម្រេចឱ្យបាននូវការចាកចេញដោយរលូន និងប្រកបដោយចីរភាពពីចំណាត់ថ្នាក់ សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩។ ការថ្លែងបញ្ជាក់របស់ឯកឧត្ដមតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបែបនេះ ក្នុងឱកាសព្រឹត្តិការណ៍ពិសេសរបស់មហាសន្និបាតអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) ស្តីពីការពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិនៃកម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (DPoA for LDCs) ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្ដម កែវ ឈា បានគូសបញ្ជាក់ថា ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយន្តការ និងគោលនយោបាយជាតិ ដើម្បីគាំទ្រដល់អន្តរកាលនេះ រួមទាំងការបង្កើតគណៈកម្មាធិការជាតិសម្រាប់ការត្រៀមចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ ឯកឧត្តមក៏បានអំពាវនាវឱ្យមានសាមគ្គីភាពអន្ដរជាតិជាថ្មីនិងភាពជាដៃគូកាន់តែរឹងមាំ ជាពិសេសចំពោះហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ ការផ្ទេរបច្ចេកវិទ្យា ការកសាងសមត្ថភាព ភាពធន់នឹងអាកាសធាតុ និងការគាំទ្រដល់អន្តរកាលដោយរលូន៕