(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញ បានរៀបចំពិធីប្រគល់ស្តម្ភរដ្ឋធម្មនុញ្ញចម្លង ដើម្បីតម្កល់នៅរាជធានី-ខេត្ត ទាំង២៥។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដោយមានការចូលរួមពីសំណាក់ សមាជិកសមាជិកា នៃក្រុមប្រឹក្សាធម្មនុញ្ញ អភិបាល/អភិបាលរងនៃគណៈអភិបាល ឬតំណាង អមដោយសហការី និងភ្ញៀវកិត្តិយសប្រមាណ ៧០រូប។
ជាកិច្ចចាប់ផ្តើម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានយកឱកាសនេះ គោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ការអនុញ្ញាតជាគោលការណ៍ដល់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការនាំយក ស្តម្ភរដ្ឋធម្មនុញ្ញចម្លង ដើម្បីតម្កល់នៅសាលារាជធានី-ខេត្ត ទុកជា មង្គលវត្ថុ សម្រាប់ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវប្រារព្ធធ្វើឡើងនាថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំ។ ឯកឧត្តមប្រធានក៏សូមថ្លែងអំណរគុណដល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយបានជួយសម្រួលចាត់អញ្ជើញ អភិបាល/ អភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត ឬតំណាង និងសហការី មកចូលរួមក្នុងពិធីនេះ។
ថ្លែងក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ឯកឧត្តម ហ៊ី សោភា បានរំលឹកនូវព្រឹត្តិការណ៍ចំនួន៣ ជាដើមហេតុនាំដល់ការកសាង ស្តម្ភរដ្ឋធម្មនុញ្ញចម្លង រួមមាន៖
*(១) នៅក្នុងរបាយការណ៍ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម អតីតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ថ្លែងក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញកាលពីថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២៤ បានបញ្ជាក់ថា ការកសាងវិមានរដ្ឋធម្មនុញ្ញ គឺជាកាលសម័យដ៏សមគួរ អាស្រ័យដោយរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មានអាយុកាល៣០ឆ្នាំគត់ ជារដ្ឋធម្មនុញ្ញដែលមានអត្ថិភាព និងស្ថិរភាពយូរអង្វែងជាងគេ ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបោះជំហានទៅមុខ សម្រេចបានសមិទ្ធផលធម្មនុញ្ញគួរកត់សម្គាល់គឺ៖ ប្រទេសជាតិមានសុខសន្តិភាពពេញបរិបូណ៌ មានឯកភាពជាតិ ឯកភាពទឹកដី ក្រោមរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយព្រះអង្គ រាជរដ្ឋាភិបាលតែមួយ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស បាននិងកំពុងចាក់ឫសក្នុងវប្បធម៌សង្គម-នយោបាយរបស់កម្ពុជា ពិសេសក្នុងស្រទាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយវឌ្ឍនភាព និងភាពទន់ភ្លន់ស្របតាមបរិបទនៃសង្គមខ្មែរ ដែលមានខឿនអារ្យធម៌និងប្រពៃណីទំនៀមទម្លាប់ល្អ តាំងពីបុរាណកាលមក។
*(២) នៅក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះបរមរាជឱង្ការ សូមប្រជាជាតិខ្មែរទាំងមូល តាំងចិត្តក្នុង សម្មាទិដ្ឋិ ប្រកាន់យកជានិច្ចនិរន្តរ៍នូវស្មារតី៖យើងប្រជារាស្ត្រខ្មែរ រួបរួមគ្នាថែរក្សា ការពារ គោរពខ្ជាប់ខ្ជួនរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ប្រទេស ជានិមិត្តរូបនៃគុណតម្លៃទំនើប រួមផ្សំបុរាណ ជាការសន្យាចំពោះអនាគតរុងរឿងនៃប្រជាជាតិយើង។ ហើយព្រះអង្គបានមានព្រះបរមរាជឱង្ការជាបន្តថា វិមាន រដ្ឋធម្មនុញ្ញ គឺជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋ តំណាងឱ្យនិមិត្តរូបនីតិរដ្ឋ ដែលមានរដ្ឋធម្មនុញ្ញ ជាកំពូលនៃ ច្បាប់ផងទាំងឡាយ នៅព្រះរាជាណាចក្រកម្ពុជាយើង។
*(៣) ដោយគោរពអនុវត្តតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់នៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញសារាចរលេខ ០១ សរ ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ កំណត់យក ថ្ងៃទី២៤ ខែកញ្ញា រៀងរាល់ឆ្នាំ ដើម្បីប្រារព្ធ ពិធីគោរពរដ្ឋធម្មនុញ្ញ ដោយគ្រប់ក្រសួង ស្ថាប័ន ត្រូវរៀបចំគណៈប្រតិភូចូលរួមប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៅនីតិបូជនីយដ្ឋាន «វិមានរដ្ឋធម្មនុញ្ញ» ហើយដោយឡែកនៅរាជធានី និងតាមបណ្តាខេត្ត ត្រូវរៀបចំប្រារព្ធពិធីតាមទីតាំង និងលទ្ធភាពជាក់ស្តែង។
ដូច្នេះ ដើម្បីជួយសម្រួលដល់សាលារាជធានី និងគ្រប់ខេត្ត រៀបចំការប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញឱ្យកាន់តែល្អប្រសើរ រុងរឿង និងដើម្បីចម្លងនូវទស្សនាទាននៃការកសាងវិមានរដ្ឋធម្មនុញ្ញ បានជ្រាបដល់រាជធានី និងគ្រប់ខេត្តផងនោះ ក្រុមប្រឹក្សាធម្មនុញ្ញបានជូនបណ្ឌិតស្ថាបត្យករ លី រស្មី ជាស្ថាបត្យករដឹកនាំដំណើរការកសាងវិមានរដ្ឋធម្មនុញ្ញ ធ្វើការចម្លងពីស្តម្ភរដ្ឋធម្មនុញ្ញដើម ដោយសិតពី សំរឹទ្ធសុទ្ធ មានទំហំអង្កត់ផ្ចិតបាតប្រវែង ១៧សង់ទីម៉ែត្រ កម្ពស់ ៣៦សង់ទីម៉ែត្រ។
សូមជម្រាបជូនផងដែរថា ស្តម្ភរដ្ឋធម្មនុញ្ញគំរូដើម ដែលក្រុមប្រឹក្សាធម្មនុញ្ញ បានចាត់ចម្លងនេះ គឺជាគារវវត្ថុមួយ ដ៏សំខាន់នៃវិមានរដ្ឋធម្មនុញ្ញ បច្ចុប្បន្នត្រូវបានប្រតិស្ឋាននៅចំមណ្ឌលកណ្តាលនៃខេមរសន្តិមូលសាល នៃវិមានរដ្ឋធម្មនុញ្ញ។ ស្តម្ភរដ្ឋធម្មនុញ្ញ នេះមានរាង៦ជ្រុង ដែលជ្រុងខាងមុខមានចារឹកបុព្វកថារដ្ឋធម្មនុញ្ញ និង៥ជ្រុងទៀតសម្រាប់ចារឹកយុទ្ធវិធីទាំងប្រាំ នៅក្នុងយុទ្ធសាស្ត្រនយោបាយ ឈ្នះ-ឈ្នះ នាំមកនូវសន្តិភាពដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ បំបែក; ឯកោ; បញ្ចប់; សមាហរណកម្ម; អភិវឌ្ឍន៍ តំណាងដោយព្យព្ជានៈខ្មែរចំនួនប្រាំតួ គឺ “ ប – ឯ – ប – ស – អ ” ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញក៏បានគូសបញ្ជាក់ផងដែរថា ស្តម្ភរដ្ឋធម្មនុញ្ញចម្លង គឺជាវត្ថុតំណាងវិមានរដ្ឋធម្មនុញ្ញ ជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋ ដែលនឹងបានជាជំនួយដល់ស្មារតីមន្ត្រីរាជការត្រូវដើរតួនាទីជាគំរូក្នុងការគោរព និងអនុវត្តច្បាប់ ព្រមទាំងក្លាយជាមរតកបេតិកភណ្ឌផ្តល់ប្រយោជន៍ដល់ការសិក្សាខាងប្រវត្តិនីតិសាស្ត្រ និងសិល្បៈវប្បធម៌ប្រពៃណី។ សរុបសេចក្តីមក ការកសាង នីតិបូជនីយដ្ឋាន ពោលគឺ វិមានរដ្ឋធម្មនុញ្ញ ការបង្កើត នីតិគារវប្បវេណី ពោលគឺពិធីគោរពរដ្ឋធម្មនុញ្ញ និងការកសាង មង្គលវត្ថុ ពោលគឺ ស្តម្ភរដ្ឋធម្មនុញ្ញចម្លង តម្កល់នៅរាជធានី-ខេត្ត ទាំងអស់នេះពិតណាស់គឺជាការស្តែងឱ្យឃើញនូវការគោរពលើកតម្កើង ស្នាដៃរបស់បុព្វបុរស និងជាមោទនភាពជាតិក្នុងការសម្រេចបាននូវសមិទ្ធផលធម្មនុញ្ញដ៏ត្រចះត្រចង់។
មុននឹងបញ្ចប់ ឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានយកឱកាសនេះ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់សព្វព្រះរាជហឫទ័យប្រកបដោយ ព្រះមហាករុណាធិគុណ ប្រោសព្រះរាជទាននូវមហាកិត្តិយស ស្តេចគង់ប្រថាប់ជា ព្រះរាជាធិបតី ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធ វិមានរដ្ឋធម្មនុញ្ញ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ ដែលបានញ៉ាំងព្រះរាជពិធីនាពេលនោះ ឱ្យកាន់តែមានខ្លឹមសារជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិខ្មែរ និងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជាប្រមុខរដ្ឋស្តីទី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តមក ដែលបានដឹកនាំ ឧបត្ថម្ភ គាំទ្រដល់ការសាងសង់ វិមានរដ្ឋធម្មនុញ្ញ តាំងពីដើមរហូតសម្រេចបានជាស្ថាពរ។
ឯកឧត្តមប្រធាន ក៏សូមរំលឹកដល់គុណបំណាច់ដ៏ធំធេងរបស់ កិត្តិនីតិកោសល បណ្ឌិត អ៊ឹម ឈុនលឹម ជាអគ្គនិម្មាបនករ ដែលបានផ្តួចផ្តើមគំនិត បង្កើតទស្សនាទាន ដឹកនាំរចនាប្លង់ និងកសាង វិមានរដ្ឋធម្មនុញ្ញ ទុកជាមរតកបេតិកភណ្ឌដល់ប្រជាជាតិទាំងមូល ព្រមទាំងបានថ្លែងអំណរគុណ និងជូនពរដល់អង្គពិធីទាំងមូល សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការជានិច្ចនិរន្តរ៍៕












































