ឯកឧត្ដមបណ្ឌិត អ៊ិត សំហេង អនុញ្ញាតិឲ្យបេសកកម្មនៃគម្រោង ILO-Japan ចូលជួបសម្តែងការងារគួរសម


នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរកា ពុទ្ធសករាជ ២៥៦១ ឯកឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាន អនុញ្ញាតិឲ្យបេសកកម្មនៃគម្រោង ILO-Japan ដឹកនាំដោយលោក Sho Sudo មន្រ្ដីសម្របសម្រួល និងជាប្រធានទីប្រឹក្សាបច្ចេកទេសនៃគម្រោង “ការលើកកម្ពស់ស្ដង់ដាសុខភាព និងសុវត្ថិភាពការងារ (OSH) ក្នុងវិស័យសំណង់នៅកម្ពុជា ចូលជួបសម្តែងការងារគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង។
ក្នុងឱកាសនោះឯកឧត្តម ៗបណ្ឌិតរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីវឌ្ឍនភាពរីកចម្រើន របស់ប្រទេសកម្ពុជា ក្នុងនោះលើវិស័យសំណង់ជាដើម។ឯកឧត្តមមានប្រសាសន៍ថា កម្ពុជា និង អង្គការអន្តរជាតិខាងការងារ(ILO) ពិតជាដៃគូសហការយ៉ាងល្អលើគម្រោង លើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារ ក្នុងវិស័យសំណងនៅកម្ពុជា។
ឯកឧត្តមមានប្រសាសន៍បន្តថា បច្ចុប្បន្ននៅកម្ពុជាវិស័យសំណង់ ពិតជាមានភាពលូតលាស់ខ្លាំងណាស់ដែលបានបញ្ជាក់ពីវឌ្ឍនភាព និងការរីកចម្រើន នៃសេដ្ឋកិច្ច។ ការរីកលូតលាស់នេះ បានស្រូបយកនូវកម្លាំងពលកម្មជាច្រើនក្នុងវិស័យនេះ ដែលទាមទារឲ្យក្រសួងត្រូវតែយកចិត្តទុកដាក់ចំពោះ បងប្អូនដែលបម្រើការងារក្នុងវិស័យនេះ។
លោក Sho sudo មានប្រសាសន៍ថាលោកពិតជា រីករាយណាស់ដែលឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ឱកាសដល់ក្រុមការងាររបស់លោកចូលជួបសម្តែងការគួរសមនាឱកាសនេះ។ហើយលោកក៏សូមកោតសរសើរចំពោះឯកឧត្តម រដ្ឋមន្ត្រីដែលបានប្តេជ្ញាចូលរួមលើកកម្ពស់សុវត្ថិភាពការងារ ចំពោះកម្មករដែលធ្វើការងារលើវិស័យសំណង់កន្លងមក។ជាមួយគ្នានេះដើម្បីជំរុញ និងគាំទ្រលើសុខភាព និងសុវត្ថិភាពការងារចំពោះកម្មករលើវិស័យសំណង់នេះ លោកមានគោលដៅមួយចំនួន ដើម្បីលើកកម្ពស់សុខភាព សុវត្ថិភាពការងារជូនដល់ពួកគាត់។លោកថា គម្រោងនេះលោកជំរុញឲ្យក្រសួងរៀបចំនូវលក្ខខណ្ឌគតិយុត្តិ និងពង្រឹងលើសន្តិសុខ សុវត្ថិភាពការងារ និងស្នើឲ្យក្រសួងបង្កើតគណៈកម្មការប្រឹក្សាយោបល់ បច្ចេកទេស ដើម្បីផ្តល់ប្រឹក្សាយោបល់ដល់កម្មករដែលធ្វើការលើវិស័យនេះ។
លោកបន្ថែមថា ចំពោះគណៈកម្មការនេះគឺក្រសួងការងារ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួល និងប្រឹក្សាយោបល់ដល់ពួកគាត់ ព្រមជាមួយគ្នានោះក៏មានក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និយោជក និងសហជីពដែលតំណាងឲ្យកម្មករជាសមាជិកផងដែរ។លោកថា បើក្រុមការងារនេះបង្កើតឡើងហើយ និងជាចំណែកមួយ ជួយដល់កម្មករ សំដៅលើកកម្ពស់សុវត្ថិភាពការងារដល់ពួកគាត់។
ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ឯកឧត្តមពិតជារីករាយ និងចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះ ការលើកឡើងរបស់ តំណាង ILO ក្នុងការជួយលើកកម្ពស់វិស័យនេះដល់បងប្អូនកម្មកររបស់កម្ពុជា ឯកឧត្តមមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងការងារជាសេនាធិការ កន្លងមកបានធ្វើការជាច្រើន និងបានរៀបចំលិខិតគតិយុត្តិរួចមកហើយដែរ ដើម្បីធានាដល់ការការពារដល់បងប្អូនកម្មករ តែយ៉ាងណាក្រសួងនឹងពិចារណាចំពោះសំណូមពរខាងលើនេះ។ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ពិតជាគាំទ្រពេញទំហឹងចំពោះ ភាគី ILO ដែលមានគម្រោងចង់បង្កើតគណៈកម្មការប្រឹក្សាបច្ចេកទេស ដែលក្នុងនោះមានក្រសួងការងារជាអ្នកដើរតួនាទីសំខាន់និងមានក្រសួងពាក់ព័ន្ធផ្សេងទៀត។ឯកឧត្តមជឿជាក់ថា ការបង្កើតគណកម្មការនេះ និងរួមចំណែក ក្នុងការពង្រឹងច្បាប់ និងកាត់បន្ថយគ្រោះថ្នាក់ការងារឲ្យមានប្រសិទ្ធភាព ព្រមទាំងគិតគូផងដែរដល់កិច្ចការផ្សព្វផ្សាយពីសុវត្ថិភាពការងារនៅក្នុងការរដ្ឋានសំណង់៕