(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយព្រះមន្រ្តីសង្ឃខេត្ត ព្រះមន្ត្រីសង្ឃក្រុង ស្រុក និងព្រះចៅអធិការវត្តនៅទូទាំងខេត្តត្បូងឃ្មុំ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះមេគណទាំងពីរគណៈ និងព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម ព្រះចៅអធិការវត្តក្នុងខេត្តត្បូងឃ្មុំ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរង តំណាងរបស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អាជ្ញាធរក្រុង ស្រុក ការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម មន្រ្តីរាជការនៃមន្ទីរធម្មការនិងសាសនា សរុបប្រមាណជាង ២០០អង្គ/នាក់។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ចាយ បូរិន បានផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជានិច្ចកាល សម្តេច ព្រមទាំងលោកជំទាវ តែងតែគិតគូរយកចិត្តទុក្ខដាក់ ពីសុខទុក្ខរបស់ព្រះសង្ឃនិងបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសគ្រប់ពេលវេលា។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការអនុវត្តតួនាទី និងភារកិច្ចរបស់មន្ត្រីសង្ឃតាមឋានានុក្រម ចាប់ពីព្រះមេគណ ដែលមានតួនាទីដឹកនាំ គ្រប់គ្រងព្រះអនុគណគ្រប់ក្រុង ស្រុក ព្រះអនុគណ ដែលគ្រប់គ្រងលើចៅអធិការគ្រប់វត្ត រហូតដល់មន្ត្រីសង្ឃវត្ត ព្រមទាំងសហការីគ្រប់ជាន់ថ្នាក់ ទាំងព្រះបាឡាត់គណ ព្រះវិន័យធរ ព្រះធម្មធរ ព្រះសមុហ៍ និងព្រះលេខាធិការ ឱ្យបំពេញករណីកិច្ចរៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេស ការដឹកនាំកិច្ចប្រជុំតាមរបបកំណត់ ការធ្វើបញ្ជីស្ថិតិវត្តអារាម ភិក្ខុ សាមណេរ ការត្រួតពិនិត្យការសិក្សាធម្មវិន័យ និងពុទ្ធិកសិក្សា ការទប់ស្កាត់ និងរម្ងាប់អធិករណ៍ ព្រមទាំងការធ្វើរបាយការណ៍ជាប្រចាំ។ ចំណែកអាចារ្យ អាចារិនី និងគណៈកម្មការវត្ត ក៏ត្រូវបំពេញតួនាទីជាដៃស្ដាំដ៏សំខាន់ ក្នុងការជួយសម្រួលកិច្ចការវត្តអារាម ដោយតម្លាភាព និងសាមគ្គីធម៌ រវាងសង្ឃ និងគ្រហស្ថ។
ឆ្លៀតក្នុងឱកាសបុណ្យចូលព្រះវស្សានេះ ឯកឧត្តមរដ្ឋមន្ត្រី បានប្រគេន និងជូននូវប្រសាសន៍ផ្ដាំផ្ញើដល់ព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម ព្រះចៅអធិការគ្រប់វត្ត ព្រះមេត្តាខិតខំប្រណិបត្តធម៌វិន័យ ឱ្យបានម៉ត់ចត់ ត្រឹមត្រូវ និងខ្ជាប់ខ្ជួន ក្នុងរយៈកាលនៃការចាំព្រះវស្សានេះ ដោយផ្ដោតលើការសិក្សារៀនសូត្រព្រះធម៌វិន័យ ការចម្រើនសមថៈ និងវិបស្សនា ព្រមទាំងការអប់រំណែនាំពុទ្ធបរិស័ទ ឱ្យប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ដើម្បីរក្សាភាពថ្លៃថ្នូរ និងជំនឿជ្រះថ្លារបស់ពុទ្ធបរិស័ទ ចំពោះព្រះពុទ្ធសាសនា។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យព្រះមន្ត្រីសង្ឃ អាចារ្យ អាចារិនី និងគណៈកម្មការវត្តទាំងអស់ ចូលរួមអនុវត្តឱ្យបានសកម្ម និងមានប្រសិទ្ធភាពខ្ពស់ នូវអភិក្រម «ស៣» របស់ក្រសួងធម្មការនិងសាសនា ដើម្បីរួមគ្នាកសាងវត្តអារាម ឱ្យក្លាយជាមជ្ឈមណ្ឌលអប់រំសីលធម៌ វប្បធម៌ និងការអភិវឌ្ឍសហគមន៍ ដ៏មានរបៀបរៀបរយ ស្អាតបាត និងគួរជាទីជ្រះថ្លា។
លើសពីនេះ ឯកឧត្តម ក៏បានអំពាវនាវឱ្យព្រះសង្ឃ អាចារ្យ អាចារិនី និងគណៈកម្មការវត្ត ចូលរួមផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល ដោយអប់រំណែនាំពុទ្ធបរិស័ទ ឱ្យគោរពច្បាប់ចរាចរណ៍ វៀរចាកឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីរួមចំណែកកសាងសហគមន៍ និងសង្គមកម្ពុជា ប្រកបដោយសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងភាពសុខក្សេមក្សាន្ដ និងមិនត្រូវយកវត្តអារាម និងសាសនដ្ឋាន ធ្វើជាកន្លែងប្រព្រឹត្តអំពើមិនគប្បីផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពនៃព្រះពុទ្ធសាសនា និងសេចក្ដីជ្រះថ្លារបស់ពុទ្ធបរិស័ទ និងសូមព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រះមេត្តាបង្កើនការត្រួតពិនិត្យ តាមដាន ក៏ដូចជាសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីទប់ស្កាត់ជាមុន នូវរាល់សកម្មភាពអសកម្មទាំងឡាយ ដែលអាចកើតមានឡើងក្នុងបរិវេណវត្តអារាម។
មុននឹងបញ្ចប់ ឯកឧត្តម ចាយ បូរិន បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ព្រះមេគណ ព្រះមន្ត្រីសង្ឃ អាចារ្យ អាចារិនី និងគណៈកម្មការវត្ត នៅទូទាំងខេត្តត្បូងឃ្មុំ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សាព្រះពុទ្ធសាសនា និងការអភិវឌ្ឍសង្គមជាតិកន្លងមក ព្រមទាំងបានប្រគេន និងជូនពរជ័យសិរីសួស្ដី ដល់អង្គពិធីទាំងមូល សូមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


