ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងកិច្ចអន្តរាគមន៍ជួយសង្គ្រោះស្រូវវស្សារបស់បងប្អូនប្រជាកសិករ ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ


នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជីវ ស៊ុនហេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពទឹក និងកិច្ចអន្តរាគមន៍ជួយសង្គ្រោះស្រូវវស្សារបស់បងប្អូនប្រជាកសិករ ក្នុងភូមិសាស្ត្រខេត្តតាកែវ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរបស់ប្រជាកសិករដែលកំពុងប្រឈមនឹងការខ្វះខាតទឹក ស្ថិតនៅក្នុងឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តចំនួន ២គ្រឿង។ ប្រតិបត្តិការអន្តរាគមន៍នេះ បានគ្របដណ្តប់លើផ្ទៃដីស្រែសរុបចំនួន ៥១៤ហិកតា ស្មើនឹង ១៤០០គ្រួសារ ក្នុងភូមិចំនួន ៧ នៃឃុំជើងគួន រួមមាន៖ ភូមិតាខូយ ភូមិត្រាច ភូមិត្រពាំងវិហារ ភូមិជើងគួន ភូមិថ្កូវ ភូមិក្រាំងឡង និងភូមិតាមៅ។

នាព្រឹកថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការ បានបន្តអញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅអាងទឹកខ្ពបត្របែក ស្ថិតក្នុងឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ អាងទឹកនេះ មានសមត្ថភាពស្តុកទឹកបានចំនួន ៥លានម៉ែត្រគូប ហើយគិតត្រឹមដើមខែសីហា ឆ្នាំ២០២៦ នេះ បរិមាណទឹកដែលបានស្តុកទុកមានប្រមាណ ៦០%៕