(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងខេត្តស្ទឹតត្រែង ដែលទើបនឹងសាងសង់រួចរាល់។
ខេត្តស្ទឹងត្រែង ជាខេត្តមួយស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា មានព្រំប្រទល់ខាងជើងជាប់ខេត្តពីរនៃប្រទេសឡាវ គឺខេត្តចំប៉ាសាក់ និងខេត្តអត្តពឺ មានបណ្តោយព្រំដែនប្រមាណ ២៥៥គីឡូម៉ែត្រ ចាប់ពីបង្គោលព្រំដែនលេខ២៩ ដល់បង្គោលព្រំដែនលេខ៩៧ ខាងត្បូងជាប់ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ខាងកើតជាប់ខេត្តរតនគិរី និងខាងលិចជាប់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។ ខេត្តស្ទឹងត្រែង ជាតំបន់ខ្ពង់រាប មានវាលទំនាប និងភ្នំខ្ពស់ៗនៅទិសឦសាន។
ខេត្តមានទន្លេបួនហូរកាត់ ហើយទន្លេមេគង្គកាត់ចំកណ្តាលខេត្ត ពីជើងទៅត្បូងចាប់ពីព្រំប្រទល់ប្រទេសឡាវដល់ខេត្តក្រចេះ ជាប្រភពនៃធនធានមច្ឆជាតិ និងប្រព័ន្ធជីវៈចម្រុះ។
ខេត្តស្ទឹងត្រែង មានផ្ទៃដី១២.០១៦គីឡូម៉ែត្រការ៉េ ផ្ទៃដីព្រៃឈើជាង ៦០ភាគរយ ចែកជា៦ក្រុងស្រុក ៣៤ឃុំសង្កាត់ និង១៣៧ភូមិ មានប្រជាជនសរុប ១៩១.០៧១នាក់ ស្មើនឹង៤៦.០៨៣គ្រួសារ ប្រជាជនមានអាយុ១៨ឆ្នាំឡើង ១១៨.៦៤២នាក់ មានអត្រាកំណើនប្រចាំឆ្នាំ៥ភាគរយ ដង់ស៊ីតេប្រជាជន១៦នាក់ ក្នុង១គីឡូម៉ែត្រការ៉េ។
ប្រជាជនក្នុងខេត្តស្ទឹងត្រែង មានមុខរបរកសិកម្ម ជាង៧៦ភាគរយ ពាណិជ្ជកម្ម ៥ភាគរយ សិប្បកម្ម ៤ភាគរយ ចិញ្ចឹមសត្វ ៣ភាគរយ និងនេសាទ ១ភាគរយ។
ផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ ប្រមាណជា ៣៦៩លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះ ផ.ស.ស. សម្រាប់ប្រជាជនម្នាក់ៗ ១.៧៩០ដុល្លារ អត្រាភាពក្រីក្រស្ថិតក្នុងរង្វង់១៨ភាគរយ។
ខេត្តមានផ្លូវជាតិឆ្លងកាត់៣ខ្សែ គឺផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៩ ផ្លូវជាតិលេខ៧៨ និងមានផ្លូវ តាមបណ្ដោយព្រំដែនប្រមាណ ១៣៧គីឡូម៉ែត្រ ស្ពានឆ្លងកាត់ទន្លេ មានស្ពានសេកុងប្រវែង ១.០៥៧ម៉ែត្រ ស្ពានមេគង្គប្រវែង ១.៧៣១ម៉ែត្រ ស្ពានទន្លេកុងសែនជ័យប្រវែង២៦០ម៉ែត្រ និងស្ពានកោះទន្សាយសែនជ័យ ប្រវែង ២៤០ម៉ែត្រ។
ខេត្តមានទំនប់វារីអគ្គិសនីសេសានក្រោម២ មានអនុភាព៤០០មេហ្កាវ៉ាត់ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនា ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ និងច្រកទ្វារអន្ដរជាតិត្រពាំងក្រៀល-ណងណុកខៀន បានសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ នាខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន និងលោក ថងលុន ស៊ីស៊ូលីត។
ដើម្បីជំរុញការចម្រើនលូតលាស់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជាជាច្រើនអាណត្តិកន្លងមកនេះ បានដាក់ចេញគោលនយោបាយជាច្រើន ក្នុងការអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង ដែលជាខេត្តភាគឦសានប្រទេសកម្ពុជា។ គោលនយោបាយចម្បងរបស់រាជរដ្ឋាភិបាលនាអណត្តិកន្លងទៅដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រួមមានផ្លូវ និងស្ពាន ធ្វើឱ្យខេត្តស្ទឹងត្រែងអាចតភ្ជាប់ទៅបណ្តាខេត្តជុំវិញដោយមិនលំបាកទៀតនោះឡើយ។
ចូលដល់រាជរដ្ឋាភិបាលនីតិកាលថ្មី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការវិនិយោគក្នុងខេត្តភាគឦសានទាំង៤ រួមមាន ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ដោយបានដាក់ចេញកម្មវិធីអាទិភាពសម្រាប់ការវិនិយោគក្នុងខេត្តភាគឦសាននេះ។
ក្រៅពីយកចិត្តទុកដាក់ជំរុញការវិនិយោគហើយនោះ ខេត្តស្ទឹងត្រែង ក៏ទទួលបានការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសការកែលំអសោភណភាពនៅទីរួមខេត្តយ៉ាងលេចធ្លោថែមទៀតផង។
ឯកឧត្តម សរ សុពុត្រា ទទួលបានសេចក្តីទុកចិត្តពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទូលថ្វាយព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តស្ទឹងត្រែង នៅខែមិថុនា ឆ្នាំ២០២៤។ មកដល់ខែសីហា ឆ្នាំ២០២៦នេះ លោក សរ សុពុត្រា បានគ្រប់គ្រង និងដឹកនាំខេត្តស្ទឹងត្រែង បានរយៈពេលជាង ២ឆ្នាំហើយ។
រយៈពេលជាង២ឆ្នាំ ឯកឧត្តម សរ សុពុត្រា បានប្រែក្លាយទីប្រជុំជនក្រុងស្ទឹងត្រែង ឱ្យក្លាយទៅជាទីឋានថ្មី ប្រកបដោយសោភណភាព និងជាទីមនោរម្យសម្រាប់ការរស់នៅ ហើយទទួលបានការកោតសរសើរខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្ត និងបណ្តាខេត្តនានា ដែលបានចូលមកដល់ខេត្ត ឬបានឃើញការអភិវឌ្ឍតាមបណ្តាញផ្សព្វផ្សាយ។
ហេដ្ឋារចនាសម្ព័ន្ធ ដែលខេត្ត បានកសាងរួមមាន ផ្លូវគមនាគមន៍នៅទីប្រជុំជន និងមូលដ្ឋានជនបទ តំបន់ក្បែរព្រំដែន តំបន់សក្តានុពលទេសចរណ៍ និងការស្ថាបនាសមិទ្ធផលថ្មីៗ ជាអត្តសញ្ញាណខេត្ត រួមមាន លំហរសាធារណៈ សម្រាប់កុមារ និងមនុស្សពេញវ័យ ទីលានតេជោ-ធិបតីនិងវេទិកានាគជ័យ ទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត សួនសុវណ្ណភូមិ សួនបវរធិបតី និងគ្រួសារផ្សោត រង្វង់មូលព្រះភុម្មជ័យមង្គល-អូរពងមាន់ ទីសក្ការៈបូជនីយដ្ឋានភ្នំធាតុ សួនតេជោសន្តិភាព សួនស្វាគមន៍រូបម្នាស់ទឹកឃ្មុំ ផ្លូវថ្មើរជើងជុំវិញអតីតព្រះរាជដំណាក់ អគារបរិច្ចាគឈាមមណ្ឌលនៃក្តីស្រឡាញ់ ផ្លូវថ្មើរជើងមាត់ទន្លេសេកុង រថយន្តបណ្ណាល័យចល័ត អគាររដ្ឋបាល សាលាស្រុកបុរីអូរស្វាយសែនជ័យ ផ្ទះមុខងារខេត្តស្ទឹងត្រែង រូបសំណាកអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត កែលម្អកំពង់ចម្លងក្រុងស្ទឹងត្រែង រៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងសាលារៀនក្នុងមូលដ្ឋាន អគារសម្ភព បន្ទប់រង់ចាំនៅតាមមណ្ឌលសុខភាពអគារសិក្សាថ្មី បង្គោលភ្លើងបំភ្លឺសាធារណៈក្នុងទីប្រជុំជនរង្វង់មូលព្រះនរាយណ៍ ស្ថាបនាកំពង់ចម្លង-ផ្សារសហគមន៍ទេសចរណ៍ ស្ពានដែក និងផ្លូវបេតុងជាច្រើនខ្សែក្នុងទីរួមខេត្ត និងមូលដ្ឋាន។
ក្រៅពីសមិទ្ធផលខាងលើហើយនោះ រដ្ឋបាលខេត្ត ក៏បានជំរុញផលិតកម្មកសិកម្ម ដែលជាមធ្យមក្នុងមួយត្រីមាសលទ្ធផលនៃការលក់ដំឡូងមីស្រស់នាំចេញក្រៅខេត្ត បាន២២៩ពាន់តោន ដំឡូងមីស្ងួត៧៦ពាន់តោន គ្រាប់ស្វាយចន្ទី៥២ពាន់តោន និងស្វាយកែវរមៀត៩ពាន់តោន ការលក់ស្រូវនាំចូលរោងម៉ាស៊ីនតូច-ធំ ក្នុងខេត្តសរុបជាង ៥ពាន់តោន និងការនាំអង្ករលក់នៅផ្សារក្នុងខេត្ត បាន ៣ពាន់តោន។ បរិមាណផលនេសាទជាលក្ខណៈគ្រួសារទទួលបាន១.២៦៦តោន។
ដោយឡែកការវិនិយោគវិញ ខេត្ត បានលើកកម្ពស់ការទាក់ទាញគម្រោងវិនិយោគផ្នែកឯកជនក្នុងក្របខ័ណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគ ខេត្តភូមិភាគឦសាន បច្ចុប្បន្នក្រុមហ៊ុនទទួលបានគោលការណ៍ ៩គម្រោង ក្នុងវិស័យកសិឧស្សាកម្ម ឧស្សាហកម្ម ទេសចរណ៍ កសិដ្ឋានចិញ្ចឹមសត្វ មានទុនវិនិយោគជាង ២០លានដុល្លារ និងបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនវៀតណាម ២គម្រោង មានទុនវិនិយោគជិត ៩០លានដុល្លារ។
ចុះបញ្ជីគម្រោងវិនិយោគ មានទុនវិនិយោគជាង៤លានដុល្លារ ចំនួន ១គម្រោង និងត្រៀមចុះបញ្ជីចំនួន ៥គម្រោងវិនិយោគទៀត៕





























