ក្រសួងបរិស្ថានបានពន្លឿន គ្រោងអភិវឌ្ឍន៍តំបន់ទេទឹកពុះនៅខេត្តកំពង់ស្ពឺឲ្យបានរួចរាល់នៅដំណាច់ឆ្នាំ២០២៦នេះ ដោយបង្កើតឲ្យមានទីតាំងវប្បធម៌ កន្លែងទីសក្ការៈបូជា មជ្ឈមណ្ឌលព័ត៌មាន សម្រាប់អ្នកទេសចរ មានកន្លែងស្នាក់នៅ កន្លែងលក់ដូរសម្រាប់សហគមន៍ មានចំណតយានយន្ត បន្ទប់ទឹក បន្ទប់អនាម័យ និងកន្លែងអង្គុយត្រាំទឹកក្តៅ ដែលកើតចេញពីធម្មជាតិ ។
ផែនការអភិវឌ្ឍន៍សហគមន៍ទេទឹកពុះនេះ បានចាប់ផ្តើមឡើងដោយបានរៀបចំបោះបង្គោលព្រំកំណត់ និងការពារសម្បត្តិរដ្ឋ ការបំពាក់អំពូលសូឡាជូនពរដ្ឋក្នុងសហគមន៍តាំងពីដើមឆ្នាំ២០២៦។
ទន្ទឹមនេះក្រសួងទេសចរណ៍បានបង្ហាញផែនការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចដល់ប្រជាសហគមន៍ និងការរៀបចំស្តង់ដារសេវាកម្មទេសចរណ៍ឱ្យបានល្អប្រសើរនៅគោលដៅទេសចរណ៍ធម្មជាតិគ្រោងថ្មីនៅតំបន់ទេទឹកពុះ។
ផែនការនេះបានធ្វើឡើងនៅក្នុងឱកាសដែលថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រួមជាមួយថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយប្រជាសហគមន៍ រដ្ឋបាលមូលដ្ឋាន និងអ្នកពាក់ព័ន្ធ លើគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធតំបន់អភិវឌ្ឍន៍គោលដៅលម្ហែបៃតង«ទេទឹកពុះ»កាលពីចុងសប្តាហ៍កន្លងនេះក្នុងគោលដៅប្រែក្លាយតំបន់ទេទឹកពុះ ឱ្យទៅជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ និងមានស្តង់ដារខ្ពស់។
ក្រសួងទេសចរណ៍ ប្តេជ្ញាជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ដ៏មានសក្តានុពលនេះទៅកាន់ទីផ្សារទេសចរណ៍ឱ្យកាន់តែទូលំទូលាយ ស្របតាមទស្សនទាន «ទេសចរណ៍ជាមាសបៃតង» ដើម្បីធានាថាការអភិវឌ្ឍនេះពិតជាបានផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដោយផ្ទាល់ដល់ប្រជាពលរដ្ឋមូលដ្ឋាន និងរក្សាបាននូវនិរន្តរភាពជាយូរអង្វែង។
យោងតាមរដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា សក្តានុពលធម្មជាតិ និងវប្បធម៌នៅតំបន់នេះ គឺ ទេសភាពធម្មជាតិបៃតង និងបរិស្ថានល្អព្រៃព្រឹក្សា ទីជម្រកសហគមន៍ជនជាតិដើមភាគតិចសួយរស់នៅ ផ្សារភ្ជាប់ជំនឿតំបន់ស័ក្តិសិទ្ធិ និងប្រពៃណីបុរាណវិទ្យា។ សូមបញ្ជាក់ថា ទេទឹកពុះ ជាតំបន់ធម្មជាតិកម្រ ដែលមានទឹកពុះក្ដៅពីធម្មជាតិ មានកម្រិតសីតុណ្ហភាពខ្ពស់ពី៧០-១០០អង្សារ មានតែមួយគត់នៅកម្ពុជា។
តំបន់នេះ ត្រូវបានចាត់ទុកជាកន្លែងកើតមានបាតុភូតធម្មជាតិ ដែលអាចទាក់ទាញទេសចរ និងជំនឿសាសនាផងដែរ។ តំបន់នេះ មានពលរដ្ឋជនជាតិដើមភាគតិចសួយរស់នៅច្រើន៕




