(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងខេត្តស្ទឹតត្រែង ដែលទើបនឹងសាងសង់រួចរាល់។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលនានាក្នុងខេត្តស្ទឹងត្រែង៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា ក្នុងក្រុងស្ទឹងត្រែង ដែលជាទឹកដីដ៏ស្រស់ ត្រកាលប្រកបដោយព្រៃភ្នំជ្រលងគិរីបុព្វតា, វប្បធម៌ដ៏សម្បូរបែប ជាពិសេសជាចំណុច ប្រសព្វនៃទន្លេមេគង្គ, សេកុង, សេសាន និងស្រែពកនាពេលនេះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន និងអ្នកពាក់ព័ន្ធទាំងអស់ បានរួមគ្នាធ្វើឱ្យការប្រលងមធ្យមសិក្សាទុតិយភូមិ បានបញ្ចប់ដោយជោគជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលនានាដែលត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ រួមមានទីលានតេជោ-ធិបតី និងវេទិកានាគជ័យ, សួនបវរធិបតី, សួនសុវណ្ណភូមិ និងសួនស្វាគមន៍រូបម្នាស់ទឹកឃ្មុំ ប្រកបដោយគុណភាពរឹងមាំ, រចនាបថស្រស់ស្អាត និងសោភ័ណភាពស្រស់បំព្រង ដែលនឹងចូលរួមលើកកម្ពស់សោភណភាពទីក្រុង, បង្កើនភាពទាក់ទាញសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ និងបង្កើតទីកន្លែងសម្រាប់កម្សាន្ត, សម្រាកលំហែ និងជួបជុំរបស់សាធារណជន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ, មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និង ភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាជិតស្និទ្ធស្របតាមស្មារតី «រួមគិត រួមធ្វើ និង រួមទទួលខុសត្រូវ» ក្នុងការការពារសុខសន្តិភាព, ធានាស្ថិរភាពនយោបាយ, ថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងបង្កលក្ខខណ្ឌ អំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងថែទាំសុខដុមក្នុងខេត្តស្ទឹងត្រែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តែងអំណរសាទរជាមួយប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ចំពោះសមិទ្ធផលថ្មីទាំងឡាយ ដែលនឹងចូលរួមលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្កើតកាលានុវត្តភាពសេដ្ឋកិច្ច, ការទាក់ទាញវិនិយោគ ទាំងក្នុងស្រុក និងពីបរទេស, ការបង្កើតឱកាសការងារ និងកាត់បន្ថយចំណាកស្រុក និងការលើកកម្ពស់សុខភាពសាធារណៈ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងគាំទ្រចំពោះការរៀបចំទីលានសាធារណៈ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា ការរៀបចំសួនច្បារនៅកណ្តាលក្រុងស្ទឹងត្រែង សម្តេចបានជួយសម្របសម្រួលបញ្ចប់គម្រោងអភិវឌ្ឍន៍មួយ ដើម្បីយកដីធ្វើសួនសាធារណៈ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា ការរៀបចំសួនច្បារនៅកណ្តាលក្រុងស្ទឹងត្រែង សម្តេចបានជួយសម្របសម្រួលបញ្ចប់គម្រោងអភិវឌ្ឍន៍មួយ ដើម្បីយកដីធ្វើសួនសាធារណៈ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណលោក សរ សុពុត្រា ដែលបានប្រឹងប្រែងអភិវឌ្ឍន៍ខេត្តរហូតស្រកទម្ងន់ ១៧គីឡូ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការដឹងគុណចំពោះកូនចៅរបស់ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង ដែលបានចូលរួមក្នុងបុព្វហេតុការពារជាតិ និងទឹកដី។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលតែងតែចាត់ទុកភូមិភាគឦសាន រួមមាន៖ ខេត្តស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី និងក្រចេះ គឺជាទិសដៅអាទិភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងភូមិភាគឦសាន និងតំបន់កណ្ដាលប្រទេស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានខិតខំអភិវឌ្ឍមូលធនមនុស្ស តាមរយៈការកែលម្អសេវាសាធារណៈ, ជាពិសេសសុខាភិបាល, អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រឹងប្រែងពង្រីកការតភ្ជាប់ ភូមិភាគឦសានជាមួយរាជធានីភ្នំពេញ, បណ្តាខេត្តជុំវិញ និងប្រទេសជិតខាងតាមរយៈ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសផ្លូវជាតិ, ស្ពាន និងបានពុះពារអភិវឌ្ឍសេដ្ឋ-កិច្ច មូលដ្ឋាន តាមរយៈការលើកកម្ពស់វិស័យ កសិកម្ម, កសិ-ឧស្សាហហកម្ម, ទេសចរណ៍ ធម្មជាតិ និងពាណិជ្ជកម្មឆ្លងដែន និងការទាក់ទាញវិនិយោគ តាមរយៈការតភ្ជាប់បណ្តាញផ្គត់ផ្គង់អគ្គិសនី, ទឹកស្អាត និងទូរគមនាគមន៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងខិតខំពន្លឿនការអភិវឌ្ឍភូមិភាគឦសាន តាមរយៈការជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្តបន្ទាប់ ទាំងរូបវន្ត និងមិនមែនរូបវន្ត, ការអភិវឌ្ឍពាណិជ្ជកម្មឆ្លងដែន និងប្រព័ន្ធឡូជីស្ទិក, ការលើកកម្ពស់ទេសចរណ៍ធម្មជាតិ, វប្បធម៌ និងសហគមន៍, ការលើកស្ទួយសេដ្ឋកិច្ចបៃតង និងការទាក់ទាញវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម, ទេសចរណ៍, ចិញ្ចឹមសត្វ និងសេវាគាំទ្រផលិតកម្ម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់អាជ្ញាធរខេត្តជាប់ព្រំដែនប្រទេសជិតខាង រួមគ្នាទប់ស្កាត់សកម្មភាព និងអាជីវកម្មខ្មៅ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ថេរភាព សន្តិសុខ សន្តិភាព និងគោលនយោបាយអភិវឌ្ឍន៍ ជាចំណងចងភ្ជាប់មិនអាចកាត់ផ្តាច់ពីគ្នានោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកថា ពេលដាក់លោក សរ សុពុត្រា មកកាន់ខេត្តស្ទឹងត្រែង សម្តេចបានផ្តាំថា ទៅដឹកនាំខេត្តមិនត្រូវមានគំនិតថា ទៅដឹកនាំខេត្តនឹងទទួលបានអ្វី ឬសល់អ្វីខ្លះនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកជាថ្មីពីវត្ថុបំណងនៃការបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ CLV-DTA គឺដើម្បីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ មិនមែនដើម្បីធ្វើឱ្យបាត់បង់អធិបតេយ្យជាតិនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសាងសង់ផ្លូវក្រវាត់ព្រំដែនឆ្ពោះទៅកាន់តំបន់កន្ទុយនាគ គឺជាមហិច្ឆតារបស់រាជរដ្ឋាភិបាល ដើម្បីឱ្យប្រជាពលរដ្ឋបានទៅដល់កន្ទុយនាគ ដោយមិនលំបាកឆ្លងចូលតាមប្រទេសជិតខាង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសាងសង់ផ្លូវក្រវាត់ព្រំដែនក្រោមថវិកាមូលនិធិរបស់ប្រជាពលរដ្ឋ ត្រូវបានប្រើប្រាស់ដោយតម្លាភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគខេត្តភាគឦសាន ទទួលបានសំណើការវិនិយោគ ចំនួន ៧២គម្រោង ក្នុងនោះ ៥៧គម្រោង បានពិនិត្យ និងបន្តនីតិវិធី។ ៧២គម្រោង មានទុនវិនិយោគសរុបប្រមាណ ២.៧ពាន់លានដុល្លារ និងបង្កើតការងារជាង ៨ម៉ឺននាក់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពិនិត្យល្អិតល្អន់ រឿងអំពូលសឡាតម្លៃ ២ពាន់ដុល្លារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តពលរដ្ឋខេត្តភាគឦសាន យកកូនឱ្យបានច្រើន កុំឱ្យចាញ់អ្នកភ្នំពេញ និងអ្នកនៅខេត្តពាយ័ព្យប្រទេស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋបាលខេត្តទាំងបួននៅភូមិភាគឦសាន ត្រូវបន្តថែរក្សាសុខសន្តិភាព និង ស្ថិរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការរក្សាទំនាក់ទំនងល្អ និង ទំនុកចិត្តជាមួយអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស ជិតខាង, ព្រមទាំងប្រឹងប្រែងពង្រឹងសន្តិសុខមូលដ្ឋាន, សណ្តាប់ធ្នាប់សាធារណៈ, សុវត្ថិភាព សង្គម, ស្របតាមស្មារតីនៃ «គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋបាលខេត្តទាំងបួននៅភូមិភាគឦសាន ត្រូវបន្តខិតខំកែលម្អការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈ ការពង្រឹងសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និងភាពស្អាតស្អំរបស់មន្ត្រី តាមទិសស្លោក «មន្ត្រីជាអ្នកបម្រើរាស្ត្រ, មិនមែនជាចៅហ្វាយរាស្ត្រទេ»។ លើកកម្ពស់ការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយខេត្ត, ការិយាល័យ ច្រកចេញចូលតែមួយក្រុង ស្រុក និងយន្តការច្រកចេញចូលតែមួយឃុំ សង្កាត់ និងគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈ ការពង្រឹងកិច្ចសហការជាមួយគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្ត ក្នុងការត្រៀមធ្វើអន្តរាគមន៍ឆ្លើយតបគ្រោះមហន្តរាយធម្មជាតិដែលអាច កើតមានឡើង ជាពិសេសក្នុងរដូវវស្សានេះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តទាំង៤ នៅភូមិភាគឦសាន ត្រូវបង្កើនកិច្ចសហការជិតស្និទ្ធដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ដើម្បីអនុវត្ត «កម្មវិធីពិសេសជំរុញ ការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨» ប្រកបដោយ ប្រសិទ្ធភាព, តម្លាភាព និងគណនេយ្យភាព។
* ការងារនេះត្រូវផ្តោតលើ (១) ការទប់ស្កាត់ការ- ទន្ទ្រាន និង (២) ការធ្វើបច្ចុប្បន្នភាព និងបញ្ចៀសដីអសកម្មដើម្បីបង្វែរទៅក្រុមហ៊ុនដែល មានទុន និងឆន្ទៈពិតប្រាកដ សំដៅដោះស្រាយបញ្ហា «មានដីអត់ទុន មានទុនអត់ដី»។
* ជាមួយគ្នានេះ ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងការចុះតាមដានទីតាំងវិនិយោគឱ្យបានគ្រប់ជ្រុងជ្រោយ ដោយមិនបង្កការរំខានដល់អាជីវកម្ម និងត្រូវបន្តសម្រួលនីតិវិធីរដ្ឋបាលពាក់ព័ន្ធ មានជាអាទិ៍៖ ការជំរុញការផ្តល់វិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យនៅតាមច្រកព្រំដែន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវសហការគ្នាជិតស្និទ្ធជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡា រៀបចំកម្មវិធីអប់រំ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បង្កើតជំនាញ, បង្កើនជំនាញ និងផ្លាស់ប្ដូរជំនាញដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងបួននៅភូមិភាគឦសាន សំដៅអភិវឌ្ឍមូលធនមនុស្ស ជាពិសេស ក្នុងវិស័យកសិ-ឧស្សាហកម្ម, ទេសចរណ៍ និង សេវាកម្មគាំទ្រផលិតកម្ម ដែលមានជំនាញបច្ចេកទេសពិតប្រាកដ និង សីលធម៌វិជ្ជាជីវៈខ្ពស់ ដែលអាចឆ្លើយតបនឹងសេចក្ដីត្រូវការរបស់វិនិយោគិន ទាំងបច្ចុប្បន្ន និងអនាគត។
* ទន្ទឹមនេះ ត្រូវផ្ដល់ការគាំទ្រដល់ SME តាមរយៈការជំរុញការផលិត-កែច្នៃក្នុងស្រុក, ការប្រើប្រាស់កម្លាំងពលកម្មខ្មែរឱ្យបានអតិបរមា, ការកាត់បន្ថយចំណាយ និងនីតិវិធី សេវារដ្ឋបាលដើម្បីសម្រួលថ្លៃដើម ចៀសវាងករណី «អស់ទុន មុនចាប់ផ្តើម» ព្រមទាំងផ្តល់ ហិរញ្ញប្បទានមានអត្រាការប្រាក់សមរម្យដល់ SME ក្នុងវិស័យអាទិភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និងរដ្ឋបាលខេត្តទាំងបួននៅភូមិភាគឦសាន ត្រូវសហការជិតស្និទ្ធជាមួយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដើម្បីសិក្សាស្រាវជ្រាវ និងកំណត់ផលិតផលកសិឧស្សាហកម្មសក្តានុពលរបស់ខេត្តទាំងបួននៅភូមិភាគឦសាន សំដៅសិក្សាដាក់ចេញនូវ គោលនយោបាយយុទ្ធសាស្ត្រ និងវិធានការចាំបាច់នានា សម្រាប់ជំរុញការអភិវឌ្ឍឧស្សាហកម្មសក្តានុពលទាំងនោះ ឱ្យបានឆាប់រហ័សប្រកបដោយ ប្រសិទ្ធភាព, ភាពប្រកួតប្រជែង និងនវានុវត្តន៍។
































































































