សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ គឺដើម្បីការអភិវឌ្ឍន៍ មិនមែនបាត់បង់អធិបតេយ្យជាតិនោះទេ


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានរំលឹកជាថ្មីនូវវត្ថុបំណងនៃការបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ CLV-DTA គឺដើម្បីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ មិនមែនដើម្បីធ្វើឱ្យបាត់បង់អធិបតេយ្យជាតិនោះទេ បើទោះបីជាកម្ពុជាបាន​សម្រេចចិត្ត​ដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម​កាលពីឆ្នាំ២០២៤​ក៏​ដោយ។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅខេត្តស្ទឹងត្រែង សម្តេចធិបតីបានពន្យល់ថា CLV-DTA ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ​ដោយសារតែបន្ទាប់ពីចប់សង្រ្គាមឆ្នាំ១៩៩៨ ​ខេត្តស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី គ្មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ​ដូច្នេះហើយដើម្បីពន្លឿនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ភូមិភាគឦសាន្ត ដូចជាខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមគម្រោងនេះឡើង ដោយ គម្រោងនេះបានរួមបញ្ចូលខេត្តចំនួន១៣ ក្នុងនោះកម្ពុជាមាន​៤ខេត្ត វៀតណាម៥ខេត្ត និងឡាវ៤ ខេត្ត ដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍តំបន់នេះ ហើយផែនការមេនេះ ត្រូវបានអ្នកជំនាញការមកពីជប៉ុនផងដែរ។​

សម្តេចបវរធិបតីបានបន្ថែមថា អ្នកជំនាញការជប៉ុនបានសម្តែងការសោកស្តាយចំពោះការសម្រេចចិត្តរបស់កម្ពុជាក្នុងការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការនេះនៅឆ្នាំ២០២៤ ដោយសារតែគម្រោងនេះមានប្រយោជន៍ក្នុងការបង្កើនសហថាមពលរវាងប្រទេសទាំងបី។

យ៉ាងនេះក្តីសម្តេចបវរធិបតី មានប្រសាសន៍ថា ទោះបីជារដ្ឋាភិបាលមើលឃើញពីប្រយោជន៍នៃ CLV-DTA ក៏ដោយ ក៏រដ្ឋាបាលកម្ពុជាបានសម្រេចចិត្តដកខ្លួន ដើម្បីជៀសវាងការមិនអស់ចិត្តពីប្រជាពលរដ្ឋ។ យ៉ាងណាមិញ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីនៅតែបន្ត ហើយការអភិវឌ្ឍន៍តំបន់នេះនៅតែជាគោលការណ៍អាទិភាពរបស់រដ្ឋាភិបាល ដោយមិនប៉ះពាល់ដល់អធិបតេយ្យជាតិឡើយ។

សម្តេចបវរធិបតីបានគូសបញ្ជាក់យ៉ាងដូច្នេះថា«​អ្វីដែលសំខាន់គឺការអភិវឌ្ឍន៍របស់យើង បើទោះបីជាមាន ឬមិន​មានCLV-DTA ឬក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយ​ ប៉ុន្តែយើងមាន មិនមែនបាត់អធិបតេយ្យទេ។ ប៉ុន្តែខ្ញុំនិយាយថា ទោះបីជាមានឬមិនមាន(CLV-DTA) ក៏​ដោយ ការអភិវឌ្ឍន៍តំបន់នេះ ក៏ស្ថិតនៅក្នុងគោលការអទិភាពរបស់រដ្ឋាភិបាលដែរ»។

សូមជម្រាបថា ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ​​រាជរដ្ឋាភិបាលកម្ពុជាបាន​សម្រេចចិត្តដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) បន្ទាប់ពីអនុវត្តបានរយៈពេល ២៥ឆ្នាំ។​

តាមសម្ដេចតេជោ ហ៊ុន សែន ​ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអ្នកផ្តួចផ្តើមគំនិតបង្កើតកិច្ចសហប្រតិបត្តិការCLV-DTAនេះ​ បានពន្យល់ថា មូលហេតុដែលនាំឱ្យកម្ពុជាសម្រេចដកខ្លួនចេញពីគម្រោងCLV-DTA គឺព្រោះតែកាលពីពេលកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកប្រធានបទគម្រោងCLV-DTA នេះ ធ្វើជាអាវុធនយោបាយ មួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយ​ថែមទាំងបានប្រើរឿងនេះ ​ញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ​៕