(ភ្នំពេញ)៖ ក្នុងឱកាសដែលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងខេត្តស្ទឹតត្រែង នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសាងសង់ផ្លូវក្រវាត់ព្រំដែន ដែលប្រើប្រាស់ថវិកាពីការចូលរួមរបស់ប្រជាពលរដ្ឋ ត្រូវបានអនុវត្តដោយតម្លាភាព និងដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ពលរដ្ឋសូមអញ្ជើញមកមើលផ្លូវដែលខ្លួនបានចូលរួម ហើយពលរដ្ឋដែលមិនបានចូលរួម ក៏ជាផ្លូវសម្រាប់ប្រទេសជាតិរបស់យើង នៃការចូលរួមរបស់ពលរដ្ឋយើងដែលបារម្ភរឿងព្រំដែនរបស់ជាតិ អត់មានរឿងដែលថាមិនតម្លាភាពនោះទេ»។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងផងដែរថា សម្ដេចបានណែនាំឲ្យវិស្វកម្មដាក់សិលាចារឹកនៅតាមផ្លូវ ដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋបានដឹងថា ផ្លូវនេះត្រូវបានកសាងឡើង ដោយមានការចូលរួមថវិកាពីប្រជាពលរដ្ឋទូទាំងប្រទេស។
ជាថ្មីម្ដងទៀត សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមដោយស្ម័គ្រចិត្តក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន» ដោយផ្ដោតសំខាន់លើការកសាងផ្លូវក្រវាត់ព្រំដែន។
សូមជម្រាបថា បច្ចុប្បន្នការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនសម្រេចបានជាង ៩៥%ហើយ។ ក្នុងនោះខេត្តមណ្ឌលគិរីសម្រេច ១០០% មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ត្រូវបានបង្កើតឡើងតាមការប្រកាសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។
ការទទួលថវិកាចូលរួមមូលនិធិបានបិទបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ដោយប្រមូលបានថវិកាសរុបជិត ២៧លានដុល្លារអាមេរិក ក្នុងរយៈពេល៦៦ថ្ងៃ ពីការចូលរួមរបស់ប្រជាពលរដ្ឋប្រមាណ ៧២ម៉ឺននាក់ និង១០៥អង្គ។
ថវិកានេះត្រូវបានប្រើប្រាស់សម្រាប់គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន ៤ខ្សែ មានប្រវែងសរុបប្រមាណ ២៥០គីឡូម៉ែត្រ នៅខេត្តមណ្ឌលគិរី និងរតនគិរី។ ក្នុងនោះ ផ្លូវក្រវាត់ព្រំដែននៅខេត្តមណ្ឌលគិរី មានប្រវែង ១៤៧,៤២គីឡូម៉ែត្រ ខណៈនៅខេត្តរតនគិរី មានប្រវែង ៩៧,៤៨គីឡូម៉ែត្រ។
ការដ្ឋានសាងសង់ត្រូវបានចាប់ផ្តើមនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។ គម្រោងនេះមានគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ និងការអភិវឌ្ឍនៅតំបន់ព្រំដែន ព្រមទាំងធានាថា ថវិកាដែលប្រជាពលរដ្ឋបានចូលរួមដោយស្ម័គ្រចិត្ត ត្រូវបានប្រើប្រាស់ប្រកបដោយតម្លាភាព៕
































































































