សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតជូនប្រធានាធិបតីចិនឯកឧត្តម ស៉ី ជិនពីង ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ឯកឧត្តម Zhu Rongji អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិន


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារលិខិតជូនឯកឧត្តម Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ឯកឧត្តម Zhu Rongji អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង មានខ្លឹមសារថា៖ «ខ្ញុំមានសេចក្ដីក្ដុកក្ដួល និងសោកស្តាយយ៉ាងខ្លាំង ដោយបានទទួលដំណឹងអំពីមរណភាពរបស់ ឯកឧត្តម Zhu Rongji អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជន្មាយុ៩៨ឆ្នាំ នៅទីក្រុងប៉េកាំង នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នេះ។

ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ព្រមទាំងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងជ្រាលជ្រៅបំផុត ជូនចំពោះឯកឧត្តម គណបក្សកុម្មុយនីស្តចិន រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន និងជាពិសេសចំពោះក្រុមគ្រួសារនៃសព នៅក្នុងឱកាសប្រកបដោយសេចក្តីទុក្ខសោកដ៏ធំធេងនេះ។

ឯកឧត្តម Zhu Rongji គឺជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបរបស់បក្ស និងរដ្ឋ ហើយក៏ជារដ្ឋបុរសដ៏វិសេសវិសាល។ ការរួមចំណែកជាប្រវត្តិសាស្ត្ររបស់ឯកឧត្តម ក្នុងការកែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសចិន និងការធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពិភពលោក បានបន្សល់ទុកនូវកេរដំណែលដែលមិនអាចបំភ្លេចបាន។

សម្រាប់កម្ពុជា ឯកឧត្តម Zhu Rongji គឺជាមិត្តដ៏គួរឱ្យទុកចិត្ត និងយូរអង្វែងដែលបានរួមចំណែក យ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញ ទៅមករវាងប្រជាជាតិយើងទាំងពីរ។

យើងខ្ញុំនៅកម្ពុជា នៅតែចងចាំយ៉ាងច្បាស់ និងដោយក្តីនឹករលឹក ចំពោះទស្សនកិច្ចផ្លូវការទ្វេភាគី និងការចូលរួមរបស់ឯកឧត្តម នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកនានា (ASEAN+) និងកិច្ចប្រជុំកំពូលនៃមហាអនុតំបន់មេគង្គ (GMS) នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០០២ ដែលកម្ពុជាបាន ធ្វើជាម្ចាស់ផ្ទះដោយមោទនភាពជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

មរណភាពរបស់ឯកឧត្តម Zhu Rongji គឺជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែសម្រាប់បក្ស រដ្ឋ និង ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រជាជនកម្ពុជាផងដែរ ដែលបានបាត់បង់មិត្តដ៏អស្ចារ្យមួយរូប។ កេរដំណែលនៃការដឹកនាំ និងការលះបង់របស់ឯកឧត្តម ចំពោះជាតិចិន និងចំពោះទំនាក់ទំនងទ្វេភាគីរវាង ចិន និងកម្ពុជា នឹងត្រូវចងចាំទុកជានិច្ចនិរន្តរ៍»៕