សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ


(ភ្នំពេញ)៖​ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ។

លិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនសម្តេចកិត្តិសង្គហបណ្ឌិត មានខ្លឹមសារថា៖ «ក្នុងឱកាសអភិមង្គលនៃខួបចម្រើនជន្មាយុ របស់សម្តេចកិត្តិសង្គហបណ្ឌិត ដែលនឹងឈានចូលមក ដល់នៅថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនា សោមនស្សរីករាយ និងកក់ក្តៅ ព្រមទាំងសព្ទសាធុការពរគ្រប់ប្រការ ជូនចំពោះសម្តេចកិត្តិសង្គហបណ្ឌិត។

សម្តេចកិត្តិសង្គហបណ្ឌិត គឺជាមគ្គុទ្ទេសិកាដ៏ឆ្នើមមួយរូប ដែលមានស្នាដៃជាប្រវត្តិសាស្ត្រក្នុងការជួយ រំដោះជាតិមាតុភូមិកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានបំពេញការងារយ៉ាងសកម្មឥតឈប់ឈរ ប្រកបដោយវីរភាព ទំនួលខុសត្រូវ និងការលះបង់ខ្ពស់មកដល់បច្ចុប្បន្ន ក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅគ្រប់ កាលៈទេសៈ។ ការចូលរួមចំណែករបស់សម្តេចកិត្តិសង្គហបណ្ឌិត មានសារៈសំខាន់ក្នុងការសម្រេចបាននូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

នាសុន្ទរោកាសនេះ ខ្ញុំសូមជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត និងក្រុមគ្រួសារ សូមបានសមប្រកបតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ»៕