(សៀមរាប)៖ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី៩ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៧ របស់រដ្ឋបាលខេត្ត ឱ្យស្របតាមកាលកំណត់នៃការគ្រោងថវិកាប្រចាំឆ្នាំ ក្រោមវត្តមានឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនផងដេរ។
កិច្ចប្រជុំនេះដែរ អ្នកពាក់ព័ន្ធបានលើកឡើងពីផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៧ ដែលត្រូវបានរៀបចំឡើងបន្ទាប់ពីទទួលបានការណែនាំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីដើមត្រីមាសទី៣ និងបានឆ្លងកាត់ការពិនិត្យពីគណៈអភិបាលខេត្តរួចរាល់។
អង្គប្រជុំនេះ ក៏បានពិភាក្សាលើចំណុចសំខាន់ៗមួយចំនួន រួមមាន៖ ការប្រមូលពន្ធអចលនទ្រព្យ និងការបង្កើនចំណូលមិនមែនសារពើពន្ធ, វិធានការប្រមូលពន្ធសម្រាប់ឆ្នាំ២០២៧, មូលហេតុនៃការថយចុះនៃពន្ធលើការផ្សព្វផ្សាយ, គម្លាតនៃប្រាក់ពិន័យ និងដាក់ទណ្ឌកម្ម និងគម្រោងថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ព្រមទាំង ការបកស្រាយបំភ្លឺលើប្រភពចំណូលផ្សេងៗពីសំណាក់ប្រធានមន្ទីរ-អង្គភាពជំនាញ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត បានលើកឡើងថា ថវិកាដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្តល់ជូនជារូបវន្តកញ្ចប់ នៅមិនទាន់ឆ្លើយតបគ្រប់គ្រាន់ទៅនឹងតម្រូវការចំណាយលើគម្រោងផ្សេងៗ របស់ខេត្តនៅឡើយទេ។ ឯកឧត្តមសង្ឃឹមថា គ្រប់ស្ថាប័នពាក់ព័ន្ធ នឹងខិតខំប្រឹងប្រែងប្រមូលពន្ធលើគ្រប់សេវាកម្ម ដើម្បីបង្កើនចំណូលមកបំពេញបន្ថែម លើការចំណាយចាំបាច់របស់ខេត្ត។
ឯកឧត្តម តោ គឹមស៊ាន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រងចំណូល-ចំណាយ របស់រដ្ឋបាលខេត្ត ដើម្បីទ្រទ្រង់ការអភិវឌ្ឍលើគ្រប់វិស័យ។ ទោះបីជា ស្ថិតក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោក កំពុងប្រឈមមុខនឹងបញ្ហាក៏ដោយ។
ជាមួយនេះ ឯកឧត្តមបញ្ជាក់ថា ការគ្រប់គ្រងថវិកាប្រកបដោយប្រសិទ្ធភាព គឺជាគន្លឹះក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ខេត្ត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងបានផ្តាំផ្ញើឱ្យគណៈអភិបាលខេត្ត ការពារគម្រោងផែនការថវិកាឆ្នាំ២០២៧ នេះឱ្យទទួលបានជោគជ័យ៕

















