រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំអំពីកិចប្រឹងប្រែង និងប្តេជ្ញាចិត្តឥតដកថយក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ នេជាការលើកឡើងរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Aleks Zittle ភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងសហការី នៅទីស្តីការក្រសួង នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី Aleks Zittle ភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងសហការី ដែលបានអញ្ជើញមកកាន់ក្រសួងយុត្តិធម៌ និងបានវាយតម្លៃខ្ពស់អំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជាដែលបានសម្រេចនាពេលកន្លងមក។
ជាកិច្ចឆ្លើយតប លោកស្រី Aleks Zittle បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យលោកស្រី និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងយុត្តិធម៌ និងស្ថានទូតអាម៉េរិក ប្រចាំកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អរវាងមន្ត្រីអនុវត្តច្បាប់នៃប្រទេសទាំងពីរ ជាពិសេសលើការងារប្រឆាំងហិរញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
បន្ថែមពីលើនេះ ភាគីទាំងពីរបានបញ្ជាក់អំពីការបេ្ដជ្ញាចិត្តក្នុងការបន្ដពង្រឹងកិច្ចសហប្រតិបត្តការល្អរវាងមន្ត្រីអនុវត្តច្បាប់នៃប្រទេសទាំងពីរ ក៏ដូចជាការបន្តនូវកិច្ចសន្ទនា និងការចែករំលែកព័ត៌មានគ្នាទៅវិញទៅមក សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការប្រឆាំងការសម្អាតប្រាក់ ក៏ដូចជាការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ៕




