នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រក្រ ស្ត្រមេម៉ាយ ជនចាស់ជរា គ្រួសារអតីតយុទ្ធជនពលី ជនងាយរងគ្រោះចំនួន២០៥ គ្រួសារ នៅស្រុកអណ្តូងមាស ខេត្តរតនគិរី ។
ឯកឧត្តមអភិបាលខេត្តក៏បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចទាំងពីរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនលោកតា លោកយាយ ពុក ម៉ែ បងប្អូនប្រជាពលដ្ឋទាំងអស់ ដែលជានិច្ចជាកាលសម្តេចតែតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនទោះក្នុងកាលៈទេសៈណាក៏ដោយក៏សម្តេចនៅតែរួមសុខរួមទុក្ខជាមួយបងប្អូនជានិច្ច សម្តេចបានលះបង់ជាច្រើនទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ដើម្បីនាំនាវាកម្ពុជាឆ្ពោះទៅរកកិត្យានុភាពទាំងឆាកជាតិ នុងអន្តរជាតិ និងនាំមកនូវសុខដុមរម្យនាសម្រាប់ប្រជាជាតិទាំងមូល ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីសភាពការនយោបាយនៅកម្ពុជា ដែលកន្លងទៅរាជរដ្ឋាភិបាលកម្ពុជាបានទប់ស្កាត់ទាន់ពេលវេលានូវបដិវត្តពណ៌ ដែលមានបំណងបំផ្លាញសន្តិភាព ស្ថេរភាពសង្គមនៅកម្ពុជា ។
ឯកឧត្តម បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពនារដូវត្រជាក់មកដល់នេះ និងត្រូវខិតខំលើការងារបង្ករបង្កើនផលដំណាំផ្សេងទៅតាមលទ្ធភាពរៀងៗខ្លួន ។