(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការតែងតាំងលោកស្រី កឹម មនោវិទ្យា ជាប្រេសិតពិសេសរបស់សម្តេចថា ជាស្មារតីនៃការរួបរួម និងការចូលរួមរបស់ខ្មែរគ្រប់និន្នាការ ដើម្បីរួមគ្នាជួយប្រទេសជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសដែលសម្ដេចអញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារ្យរិនីទូទាំងប្រទេសលើកទី១១ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំទទួលឯកឧត្ដម កឹម សុខា និងកូនគាត់ចូលមកគាត់នៅបក្សផ្សេង និន្នាការផ្សេង ឥឡូវចូលមកធ្វើប្រេសិតរបស់ខ្ញុំ ខ្ញុំអត់បានតែងតាំងគាត់ជារដ្ឋមន្ត្រី ក្នុងជួររដ្ឋាភិបាលទេ តែជាប្រេសិតមួយដែលមានទម្ងន់អាចទៅធ្វើការបាននៅក្រៅប្រទេស។ មួយវិញទៀត គាត់ចង់ជួយយើងនៅក្នុងការវិនិយោគ បូកជាមួយរឿងព្រំដែន អាហ្នឹងគឺបញ្ជាក់ឲ្យដឹងតែម្ដង កុំឲ្យមិនដឹងថា ប្រេសិតពិសេសធ្វើអី? ហើយគាត់មានទំនាក់ទំនងច្រើន ចឹងយកទំនាក់ទំនងគាត់ដើម្បីធ្វើការជួយប្រទេសជាតិ ល្អជាងមានទំនាក់ទំនងទៅអង្គុយជេរឥតប្រយោជន៍។ នេះហើយជាអ្វីដែលគេហៅថា សន្ទនាវប្បធម៌ និងវប្បធម៌សន្ទនា។ នេះហើយជាការបង្រួបបង្រួមជាតិនោះ»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, វប្បធម៌សន្ទនា ជាវប្បធម៌ដែលគណបក្សប្រជាជនកម្ពុជាប្រកាន់យកតាំងពីដើមមក តែត្រូវមានភាពស្មោះត្រង់ ព្រោះកុំសន្ទនានៅភ្នំពេញ ដល់ប្រទេសបារាំងវិញជេរដដែល។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍រាល់អ្នកមានបំណងចូលរួមជួយជាតិ ទោះបីមិនចូលបក្សប្រជាជនកម្ពុជាក៏ដោយ។
សូមរំលឹកថា លោកស្រី កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មានឋានៈស្មើរដ្ឋមន្រ្តី កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។
ការតែងតាំងនេះ ក្រោយពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយលោកស្រី កឹម មនោវិទ្យា ដែលជាកូនស្រីរបស់លោក កឹម សុខា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា គឺមានកិច្ចការជាច្រើនដែលភាគីទាំងពីរអាចរួមសហការគ្នាធ្វើ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងលើកកម្ពស់កិត្យានុភាពរបស់កម្ពុជា ជាពិសេសនៅលើឆាកអន្តរជាតិ៕

















































