(បន្ទាយមានជ័យ)៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងអនុវត្តតាមអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ។
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំតុលាការ ស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អភិបាលក្រុងស្រុកទាំង៩ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។
ឯកឧត្តមអភិបាលខេត្ត បានបន្តដាក់ចេញវិធានការដល់សមត្ថកិច្ចពាក់ព័ន្ធក្រុង-ស្រុក ក្នុងការរឹតបន្តឹងដាក់ទីតាំងត្រួតពិនិត្យជនបរទេសតាមដងផ្លូវ និងចុះធ្វើរដ្ឋបាលនៅតាមទីតាំងសង្ស័យ ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កាន់តែមានប្រសិទ្ធភាព មានភាពច្បាស់លាស់ និងមិនប៉ះពាល់ដល់ទេសចរ និងវិនិយោគិនស្របច្បាប់នៅ ក្នុងខេត្តបន្ទាយមានជ័យ ទាំងមូល។
ឯកឧត្តម អ៊ុំ រាត្រី បានចាត់ទុកថា ការរឹតបន្តឹងត្រួតពិនិត្យលើដងផ្លូវ គឺជាវិធានការចំពោះមុខ ប៉ុន្តែការបោសសម្អាតបទល្មើស Online Scams នៅតែបន្តអនុវត្តឱ្យមានប្រសិទ្ធភាពយូរអង្វែង ដោយទាមទារការបោសសម្អាតឱ្យដល់ឫសគល់ និងវែកមុខរកមេខ្លោងមកផ្តន្ទាទោសតាមច្បាប់។
ក្នុងនោះម្ចាស់ទីតាំងដែលមិនព្រមសហការជាមួយអាជ្ញាធរ ឬសមត្ថកិច្ច ហើយរកឃើញថា មានជួលទីតាំងឱ្យជនឧក្រិដ្ឋប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់៕


















