នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ រដ្ឋសភា នឹងបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់»។
ការបន្តសម័យប្រជុំខាងលើ បានធ្វើឡើងដោយអនុលោមតាមសេចក្តីប្រកាសព៍ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងសម័យប្រជុំលើកទី៦ នីតិកាលទី៧ កាលបីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ថ្មីៗនេះ។
ប្រភពព័ត៌មានពីរដ្ឋសភាជាតិ បានឱ្យដឹងថា «ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាលើកដំបូងនៅឆ្នាំ២០០១ តាមរយៈព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ដើម្បីបង្កើតរដ្ឋបាលមូលដ្ឋាន និងបើកផ្លូវដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ដំណើរការធ្វើវិសោធនកម្មច្បាប់នេះ ត្រូវបានអនុវត្តជាបន្តបន្ទាប់ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពអភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន ឱ្យស្របតាមកម្មវិធីជាតិស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
ប្រភពដដែលបានបន្តថា ខ្លឹមសារនៃច្បាប់នេះ បានកំណត់លម្អិតអំពីតួនាទី ភារកិច្ច និងរបៀបរបបបំពេញការងាររបស់ក្រុមប្រឹក្សា និងមេឃុំ ចៅសង្កាត់ សំដៅឆ្លើយតបឱ្យកាន់តែរហ័ស និងចំទិសដៅចំពោះតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មនេះ ក៏មានសង្គតិភាពយ៉ាងជិតស្និទ្ធជាមួយ «ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ» និងផែនការយុទ្ធសាស្ត្រជាតិ ដោយធានាថា រាល់ការផ្ទេរមុខងារត្រូវភ្ជាប់មកជាមួយនូវកញ្ចប់ថវិកាទ្រទ្រង់យ៉ាងច្បាស់លាស់។
តាមរដ្ឋសភាជាតិ បានរំលេចថា សេចក្តីព្រាងច្បាប់ខាងលើ ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការគិតគូរដល់ការពង្រឹងឋានៈ និងតួនាទីរបស់ស្មៀនឃុំ សង្កាត់ ព្រមទាំងការតែងតាំង និងការគ្រប់គ្រងមន្ត្រីនៅថ្នាក់មូលដ្ឋានឱ្យស្ថិតក្រោមក្របខណ្ឌមុខងារសាធារណៈប្រកបដោយស្តង់ដារ មានគណនេយ្យភាព តម្លាភាព តាមរយៈការធ្វើឌីជីថលភាវូបនីយកម្មផងដែរ៕


