នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកស្នួល បានរៀបចំវេទិកាសាធារណៈ ដើម្បីតាមដានត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ថិតនៅភូមិថ្មហាលវាល ឃុំ២ធ្នូ ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និង ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ មន្ទីរអង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក អភិបាលរងស្រុក ប្រធាន អនុប្រធានការិយាល័យ អង្គភាពជុំវិញស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋចំនួន៤៧០នាក់។
វេទិកាសាធារណៈនេះ ធ្វើឡើងដើម្បីបើកឱកាសឱ្យថ្នាក់ដឹកនាំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់ថ្នាក់ អាជ្ញាធរដែនដី បានជួបប្រាស្រ័យទាក់ទងផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងការស្តាប់នូវទុក្ខកង្វល់ បញ្ហាប្រឈម សំណើរ សំណូមពរ ដើម្បីបានដោះស្រាយទាន់ពេលវេលា និងគាំទ្រដល់ការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
















