ឯកឧត្តម ម៉ៅ ធនិន អនុញ្ញាតិឲ្យប្រតិភូអគ្គនាយកដ្ឋានផ្សព្វផ្សាយ ក្រសួងមហាផ្ទៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់​ នារសៀលថ្ងៃទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ បានអនុញ្ញាតិឲ្យប្រតិភូអគ្គនាយកដ្ឋានផ្សព្វផ្សាយ ក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ ចន្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជុំវិញការទំនាក់ទំនងផ្តល់ព័ត៌មាន សម្រាប់ការផ្សព្វផ្សាយតាមប្រព័ន្ធបច្ចេកទេសវិទ្យាឥតខ្សែ បែបឌីជីថលទំនើប ឬទូរស័ព្ទចល័ត និងតាមប្រព័ន្ធផ្កាយ​រណបស្តង់ដារអន្តរជាតិ ជូនស្ថានីយ៍វិទ្យុ និងទូរទស្សន៍ក្រសួងមហាផ្ទៃ។

ក្នុងជំនួបពិភាក្សាគ្នានោះ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ បន្ទាប់ពីឯកឧត្តមអភិបាលខេត្ត អញ្ជើញត្រឡប់មកពីដោះស្រាយទំនាស់ដីធ្លី និងដោះស្រាយវិវាទ ទាំង៨ករណីផ្សេងគ្នា នៅស្រុកបាកាន។

គួរបញ្ជាក់ថា ថ្មីៗនេះក្រសួងមហាផ្ទៃ បានបង្កើតស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ដើម្បីធ្វើការផ្សព្វផ្សាយព័ត៌មានជាតិ អន្តរជាតិ ព័ត៌មានទាន់ហេតុការណ៍ សន្តិសុខសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និងការអប់រំច្បាប់ជាដើម សម្រាប់ឲ្យទស្សនិកជន ទាំងក្នុង និងក្រៅប្រទេស ទូទាំងពិភពលោក បានទស្សនាតាម​កា​ណា​ល់​ប៉ុ​សិ៍្ត​លេខ៦១ និង​វិទ្យុ FM លេខ ៩០.២៥​មេ​ហ្គា​ហឺត​ ក្នុងគោលបំណង​បង្កើន​ម៉ោង​ផ្សព្វផ្សាយ​កម្មវិធី​ទូរទស្សន៍​ឈ្មោះថា នាទី​សន្តិសុខ​មាតុភូមិ ដែល​ត្រូវ​បានដាក់​ផ្សាយ​តាម​បណ្តា​ទូរទស្សន៍​ក្នុងស្រុក​នានា អស់​រយៈពេល​ជាង ២០​ឆ្នាំ កន្លងមក​ហើយ​៕