នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល បានប្រារព្ធពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស ជំនាន់ទី ៩២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សោម សឿន សមាជិកគណៈអចិន្រ្តៃយ៍ ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាល ព្រមទាំងការអញ្ជើញជាភ្ញៀវកិត្តិយសពីសំណាក់ ឯកឧត្តម តាក ស៊ុនអុី សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល និងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំនៃស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល នៅវិមាន ៧ មករា , រាជធានីភ្នំពេញ។
ក្នុងនាមគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្ស ឯកឧត្តម សោម សឿន បាន សម្តែងនូវក្តីសប្បាយរីករាយក្រៃលែង ដោយមានកិត្តិយសបានមកចូលរួមជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី៩២ នាឱកាសនេះ ជាមួយនឹងការនាំមកនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខ និងសព្ទសាធុការពរដ៏ល្អបវរមហាប្រសើរពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា ពីសំណាក់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ពីសំណាក់សម្ដេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំទាំងអស់របស់គណបក្ស ជូនដល់អង្គពិធីទាំងមូល។
ឯកឧត្តម សោម សឿន បានមានប្រសាសន៍ថា ពិធីបើកវគ្គនយោបាយរបស់គណបក្សកម្រិត១ ជំនាន់ទី៩២ នាពេលនេះ ប្រារព្ធឡើងនៅក្នុងវិមាន ៧ មករា ដែលតំណាងឲ្យភាពរឹងមាំ និងយូរអង្វែងរបស់គណបក្សយើង ស្របពេលដែលកម្ពុជាបន្តរក្សាបានសន្តិភាពផ្ទៃក្នុងប្រទេស ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងលំនឹងជីវភាពរបស់ប្រជាជន បើទោះបីសភាពការណ៍តំបន់ និងពិភពលោកកំពុងបន្តវិវត្តន៍ប្រកបដោយភាពមិនច្បាស់លាស់ និងប្រកបដោយគ្រោះថ្នាក់ ជាពិសេសការប្រឈមពីការរំលោភឈ្លានពានពីសំណាក់ប្រទេស រួមទាំងផលវិបាកមួយចំនួនដែលបង្កដោយក្រុមប្រឆាំងជ្រុលនិយមក្តី។ ការណ៍នេះ បានឆ្លុះបញ្ចាំងពីភាពធន់នៃការគ្រប់គ្រងប្រទេសជាតិរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ទាំងខាងនយោបាយ ការទូត សេដ្ឋកិច្ច សន្តិសុខ និងការពារជាតិ។
ឯកឧត្តម សោម សឿន បានលើកឡើងថា ហេតុអ្វីបានជាមន្រ្តីគណបក្សយើងត្រូវរៀនវគ្គនយោបាយ។ ឯកឧត្តមបានបញ្ជាក់ថា ការរៀនវគ្គនយោបាយ គឺដើម្បីឱ្យមន្រ្តីយើងមានមូលដ្ឋានរឹងមាំក្នុងការជឿជាក់លើការដឹកនាំរបស់គណបក្ស និងដើម្បីលើកកម្ពស់សមត្ថភាព និងគុណធម៌របស់មន្រ្តីឱ្យបំពេញភារកិច្ចបានល្អដែរ ជាពិសេសការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តនូវកម្មវិធីនយោបាយរបស់គណបក្សនៅក្នុងដំណាក់កាលនីមួយៗ។ ជាក់ស្តែង ក្នុងការងារដឹកនាំ គណបក្សបានចាត់ទុកវគ្គអប់រំនយោបាយរបស់គណបក្សជាគោលការណ៍ចម្បងដែលគណបក្សតែងតែប្រកាន់យកតាំងពីដើមរៀងមក គឺចាប់តាំងពីដំណាក់កាលតស៊ូដើម្បីឯករាជ្យ ពីដំណាក់កាលតស៊ូដើម្បីរំដោះសង្រ្គោះជាតិ និងតាំងពីក្រោយថ្ងៃរំដោះជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ដល់បច្ចុប្បន្ន។ គណបក្សតែងតែយកសាលានយោបាយ វគ្គអប់រំនយោបាយ សន្និបាត មហាសន្និបាត និងអង្គប្រជុំនានារបស់គណបក្ស ធ្វើជាកន្លែងអប់រំបំពាក់បំប៉ន ពង្រឹងគោលជំហររបស់មន្រ្តីគណបក្សទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំងនៅគ្រប់កាលៈទេសៈទាំងអស់ ដើម្បីឲ្យមន្រ្តីគណបក្សមានឆន្ទៈមុតស្រួច និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចដែលគណបក្ស និងប្រជាជនបានប្រគល់ជូន។ គប្បីចងចាំថា គណបក្សបានដាក់ចេញនូវយុទ្ធសាស្រ្ត «ផ្អែកលើអំពើល្អរបស់មន្រ្តីគណបក្ស គុណភាព និងបរិមាណសមាជិកគណបក្ស ដើម្បីឈ្នះឆ្នោត» ដែលអង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ ក៏ដូចមន្រ្តី សមាជិកគណបក្សគ្រប់រូបត្រូវក្តាប់ឲ្យជាប់ ហើយខិតខំអនុវត្តឲ្យបានល្អ។
ឯកឧត្តម សោម សឿន បានគូសបញ្ជាក់ថា បើមន្រ្តីគណបក្សនៅគ្រប់ថ្នាក់មានភាពរឹងមាំខាងទស្សនៈ គោលជំហរ និងសតិអារម្មណ៍ បានអនុវត្តត្រឹមត្រូវតាមលក្ខន្តិកៈ គោលការណ៍ និងគោលនយោបាយរបស់គណបក្ស ខិតខំបម្រើប្រជាជនអស់ពីចិត្តពីថ្លើមនោះ ទោះបីក្រុមប្រឆាំង និងពួកមជ្ឈដ្ឋានអគតិមានឧបាយកលពិសពុលបែបណាក្តី ក៏មិនអាចបន្ថយជំនឿ និងការគាំទ្ររបស់ប្រជាជនចំពោះគណបក្សយើងបានឡើយ។ ផ្ទុយទៅវិញ បើជួរមន្រ្តីយើងមានភាពទន់ខ្សោយ ពុំមានសមត្ថភាពគ្រប់គ្រាន់ ហើយខ្វះគុណធម៌ល្អប្រពៃនោះ វានឹងធ្វើឲ្យប្រជាជនបាត់ការទុកចិត្តចំពោះមន្រ្តី ហើយបន្ថយជំនឿលើការដឹកនាំរបស់គណបក្ស បើប្រជាជនខ្វះជំនឿលើគណបក្សហើយ ប្រជាជននឹងមិនបោះឆ្នោតជូនគណបក្សឡើយ។ ឯកឧត្តមបន្តថា ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងគុណធម៌របស់មន្រ្តីគណបក្ស គណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល បានដាក់ចេញនូវគោលការណ៍អប់រំនយោបាយដល់មន្រ្តីគណបក្ស និងយុវជនគណបក្ស សំដៅលើកកម្ពស់ការយល់ដឹងជាមូលដ្ឋាន និងជាប្រព័ន្ធ អំពីប្រវត្តិរបស់គណបក្ស និងការងារគណបក្ស, អំពីកម្មវិធីនយោបាយ និងលក្ខន្តិកៈគណបក្ស, អំពីសភាពការណ៍ជាតិ សភាពការណ៍អន្តរជាតិ និងភារកិច្ចចំពោះមុខរបស់គណបក្ស និងអំពីការកសាងអត្តចរិត សីលធម៌ល្អប្រពៃរបស់មន្រ្តីគណបក្ស ដោយបានប្រគល់ភារកិច្ចឲ្យគណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល និងគណៈកម្មាធិការគណបក្សរាជធានី ខេត្ត ក្រសួង ស្ថាប័ន អនុវត្តនូវការងារនេះ។ ប្រការគួរឲ្យមានមោទនភាពនោះ គឺមន្រ្តីគណបក្ស និងសកម្មជនយុវជនដែលបានឆ្លងវគ្គអប់រំនយោបាយរបស់គណបក្សហើយនោះ បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃវគ្គអប់រំនយោបាយ ហើយកំពុងបំពេញភារកិច្ចរបស់ខ្លួនក្នុងអង្គការចាត់តាំងគណបក្ស និងអង្គការរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវ។
ដើម្បីធានាឲ្យវគ្គអប់រំនយោបាយជំនាន់ទី៩២ នេះ ទទួលបានលទ្ធផលល្អ ឯកឧត្តម សោម សឿន គូសបញ្ជាក់ពីប្រការមួយចំនួនដែលត្រូវយកចិត្តទុកដាក់ រួមមាន ៖ ១.សូមគណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល ខិតខំបំពេញភារកិច្ច និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងវគ្គអប់រំនយោបាយនេះឲ្យបានល្អ ២.សូមគ្រូឧទ្ទេសគ្រប់រូបយកអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញារបស់ខ្លួន ចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដែលខ្លួនមានដល់សិក្ខាកាមដោយទឹកចិត្តទូលំទូលាយ ៣.សូមសិក្ខាកាមគ្រប់រូបត្រូវប្រមូលផ្ដុំអារម្មណ៍ក្នុងការរៀនសូត្រ ការគោរពបទបញ្ជាផ្ទៃក្នុង និងវិន័យរបស់វគ្គដោយស្មារតីភ្ញាក់រឭក និងទទួលខុសត្រូវខ្ពស់ ធានាឲ្យការសិក្សាទទួលបានលទ្ធផលល្អ សំដៅយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីការរៀនសូត្រនេះទៅបម្រើប្រជាជន គណបក្ស និងប្រទេសជាតិឲ្យកាន់តែបានល្អ និងមានប្រសិទ្ធភាពថែមទៀត ៤.សូមទាំងអស់គ្នាយកចិត្តទុកដាក់ដល់ការថែទាំសុខភាព ថែរក្សាចំណងមិត្តភាព សាមគ្គីភាពរវាងសិក្ខាកាម និងសិក្ខាកាម រវាងគណៈគ្រប់គ្រងវគ្គ គ្រូឧទ្ទេសជាមួយសិក្ខាកាម រវាងសិក្ខាកាម និងមន្ត្រីបុគ្គលិកបម្រើការងាររបស់វគ្គដោយស្មារតីយោគយល់ និងសុខដុមរមនា៕


