(ភ្នំពេញ) នៅថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាសមាជិកអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា បានដឹកនាំគណៈប្រតិភូផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា ជូនឯកឧត្តម ស៊ិក ប៊ុនហុក ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅគេហដ្ឋាន ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈប្រតិភូ បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជូនឯកឧត្តម ស៊ិក ប៊ុនហុក និងលោកជំទាវ តាន់ ស៊ាកលាង ព្រមទាំងក្រុមគ្រួសារ ដែលជានិច្ចកាល សម្ដេចអគ្គមហាសេនាបតីតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាជន និងថ្នាក់ដឹកនាំ ដែលធ្លាប់មានស្នាដៃ និងគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។
ឯកឧត្តម ស៊ិក ប៊ុនហុក បានមានប្រសាសន៍ថា៖ «ខ្ញុំបាទព្រមទាំងក្រុមគ្រួសារ ពិតជាមានបីតិសោមនស្សយ៉ាងក្រៃលែង និងសូមសម្ដែងអំណរគុណជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលបានបន្តប្រតិបត្តិតាមប្រពៃណីដ៏ល្អផូរផង់ ពីសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយបានចាត់ឯកឧត្តម ចាយ បូរិន ជាតំណាងដ៏ខ្ពង់ខ្ពស់ អញ្ជើញមកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា មកផ្ដល់ឱ្យខ្ញុំបាទ និងក្រុមគ្រួសារដល់គេហដ្ឋានផ្ទាល់។ ខ្ញុំបាទនិងក្រុមគ្រួសារ ពិតជាមានកិត្តិយស និងក្ដីរំភើបរីករាយឥតឧបមា ចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាព ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ព្រឹទ្ធាចារ្យ ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ ស្របតាមគោលការណ៍ និងប្រពៃណីដ៏ផូរផង់របស់គណបក្សប្រជាជនកម្ពុជា» ហើយបានបញ្ជាក់ពីការគាំទ្រ និងមានជំនឿចិត្តយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ សម្តេចមហាបវរធិបតី ក្នុងការបន្តការពារ និងថែរក្សានូវសុខសន្តិភាព ស្ថិរភាពសង្គម អធិបតេយ្យជាតិ បូរណភាពទឹកដី និងសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ សូមទទួលបាននូវឧត្តមពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ និងសូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីដឹកនាំនាវាកម្ពុជា ឈានឆ្ពោះទៅរកវឌ្ឍនភាពជានិរន្តរ៍។
ឯកឧត្តម បានរម្លឹកអំពីប្រវត្តិការសិក្សា ការងារ និងអនុស្សាវរីយ៍ជាច្រើន ដែលឯកឧត្តមធ្លាប់បានចូលរួមបម្រើឱ្យផលប្រយោជន៍ជាតិ និងគណបក្សប្រជាជនកម្ពុជា ដើម្បីចែករំលែកជាបទពិសោធដល់យុវជន ដោយបានឆ្លងកាត់តួនាទីជាច្រើនក្នុងវិស័យអប់រំ វប្បធម៌ នីតិប្បញ្ញត្តិ និងការរៀបចំការបោះឆ្នោត គឺ៖
ក. ប្រវត្តិរូបសង្ខេប ការសិក្សា និងវគ្គបណ្ដុះបណ្ដាល៖ ឯកឧត្តម ស៊ិក ប៊ុនហុក កើតនៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៤៦ នៅភូមិព្រែកព្រះស្ដេច ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ ឯកឧត្តមបានប្រឡងជាប់សញ្ញាបត្របាក់ឌុប នៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ក្នុងឆ្នាំ១៩៦៥ រួចបានបន្តការសិក្សានៅមហាវិទ្យាល័យគរុកោសល្យ (១៩៦៦-១៩៦៧) ទទួលបានឋានៈជាសាស្ត្រាចារ្យមធ្យមសិក្សាបឋមភូមិ និងបានសិក្សានៅសាលាច្បាប់ ភ្នំពេញ (១៩៧២-១៩៧៤) ទទួលបានសញ្ញាបត្រច្បាប់។ ក្រោយថ្ងៃរំដោះជាតិ ៧ មករា ១៩៧៩ ឯកឧត្តមបានបន្តពង្រឹងចំណេះដឹងតាមរយៈវគ្គសិក្សា និងវគ្គបណ្ដុះបណ្ដាលជាបន្តបន្ទាប់ ក្នុងនោះមាន៖ ១) វគ្គនយោបាយ រយៈពេល២ឆ្នាំ នៅធូឌឹក ប្រទេសវៀតណាម (១៩៨១-១៩៨២) ២) សញ្ញាបត្រជាន់ខ្ពស់ការងារវប្បធម៌ នៅទីក្រុងមូស្គូ សហភាពសូវៀត (១៩៨៥) ៣) សញ្ញាបត្រឧត្តមសិក្សាវិទ្យាសាស្ត្រនយោបាយសង្គម នៅបណ្ឌិតសភាវិទ្យាសាស្ត្រនយោបាយ ទីក្រុងម៉ូស្គូ សហភាពសូវៀត (១៩៨៨) ៤) សញ្ញាបត្រឧត្តមសិក្សាទស្សនវិជ្ជា នៅសាកលវិទ្យាល័យភ្នំពេញ (១៩៩២-១៩៩៣) និង ៥) សញ្ញាបត្ររដ្ឋបាលវប្បធម៌ នៅប្រទេសបារាំង (១៩៩៦-១៩៩៧)។ ឯកឧត្តមមានសមត្ថភាពភាសាបារាំងកម្រិតល្អប្រសើរ ទាំងការអាន ការសន្ទនា និងការសរសេរ។
ខ. ប្រវត្តិការងារ៖ ១) ឆ្នាំ១៩៦៧ ជាសាស្ត្រាចារ្យភាសាបារាំង-ខ្មែរ នៅវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង ២) ឆ្នាំ១៩៦៧-១៩៧២ ជានាយកសាលា នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ៣) ឆ្នាំ១៩៧២-១៩៧៥ ជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការនីតិកម្ម នៃរដ្ឋសភា ៤) ឆ្នាំ១៩៧៩-១៩៨៤ ជាប្រធានទីរួមខេត្តកំពង់ធំ ប្រធានស្រុកកំពង់ស្វាយ និងជាប្រធានគណៈឃោសនាអប់រំខេត្តកំពង់ធំ ៥) ឆ្នាំ១៩៨៤-១៩៩៣ ជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្រសួងវប្បធម៌ ៦) ឆ្នាំ១៩៩៣-១៩៩៨ ជាអគ្គនាយកបច្ចេកទេស ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ៧) ឆ្នាំ១៩៩៨-២០០២ ជាទីប្រឹក្សាច្បាប់ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ៨) ឆ្នាំ២០០២-២០០៧ ជាទីប្រឹក្សាច្បាប់នៅរដ្ឋសភា (ទីប្រឹក្សាច្បាប់របស់ឯកឧត្តម ងួន ញ៉ិល) ៩) ឆ្នាំ២០០៧-២០១៥ ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាអនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ១០) ឆ្នាំ២០១៥-២០២១ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង ១១) ឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្ន ជាទីប្រឹក្សារាជរដ្ឋាភិបាល។
គ. គ្រឿងឥស្សរិយយសដែលបានទទួល៖ ឥស្សរិយយសជាតូបការ។
ឃ. ជីវភាពគ្រួសារ៖ ឯកឧត្តម ស៊ិក ប៊ុនហុក និងលោកជំទាវ តាន់ ស៊ាកលាង មានបុត្រ ចំនួន៥នាក់ (ប្រុស៣នាក់ ស្រី២នាក់) ដែលសុទ្ធតែបានទទួលការអប់រំកម្រិតខ្ពស់ និងកំពុង បម្រើជាតិក្នុងវិស័យសុខាភិបាល វេជ្ជសាស្ត្រ សេដ្ឋកិច្ចកសិកម្ម និងស្ថាបត្យកម្ម ដែលជាកេរ្តិ៍ដំណែលនៃការយកចិត្តទុកដាក់លើការអប់រំរបស់ឯកឧត្តម ក្នុងនាមជាអតីតគ្រូបង្រៀន និងអតីតសាកលវិទ្យាធិការ។
ជាងនេះទៅទៀត ឯកឧត្តម ស៊ិក ប៊ុនហុក បានចែករំលែកបទពិសោធ ដល់យុវជនគណបក្ស ដូចខាងក្រោម៖
ជោគវាសនាកើតចេញពីផ្នត់គំនិត ព្រោះការដាំផ្នត់គំនិត កើតចេញជាសកម្មភាព ដាំសកម្មភាព កើតចេញជាទម្លាប់ ដាំទម្លាប់ក្លាយជាអត្តចរិក ហើយអត្តចរិក គឺជាអ្នកកំណត់ជោគវាសនារបស់មនុស្ស។
ផ្នត់ចិត្តគំនិតនៃតំណែងនិមួយៗដែលមនុស្សម្នាក់ៗត្រូវកំណត់ឱ្យបានល្អិតល្អន់ក្នុងឆាកជីវិត។
មានកតញ្ញុតាធម៌ចំពោះឪពុកម្តាយ ចាស់ទុំ បងប្អូនសាច់ញាតិ និងមិត្តភ័ក្តិជិតឆ្ងាយជាប្រចាំ។
រៀងរាល់ថ្ងៃត្រូវខិតខំប្រើប្រាស់ពេលវេលាឱ្យអស់លទ្ធភាព។
ត្រូវខិតខំធ្វើខ្លួនយើងឱ្យក្លាយទៅជាយុវជនចាំបាច់ដែលគេអត់យើងមិនបាន។
ក្រអ្វីក៏ក្រចុះកុំឱ្យតែក្រការឈឺចាប់ ទាំងការឈឺចាប់បុគ្គល និងទាំងការឈឺចាប់ជាតិ។
ការសួរសុខទុក្ខជាប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ ខ្ញុំសប្បាយរីករាយនិងសូមគាំទ្រឱ្យបន្តសកម្មភាពនេះឱ្យបានទូលំទូលាយ។
តាងនាម សម្ដេចមហាបវរធិបតី ឯកឧត្តមប្រធានគណៈប្រតិភូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងការខិតខំប្រឹងប្រែងរបស់ឯកឧត្តម ស៊ិក ប៊ុនហុក ដែលបានចូលរួមចំណែកកសាងប្រទេសជាតិ ក្រោយថ្ងៃរំដោះជាតិ ៧ មករា ១៩៧៩ និងបានបម្រើគណបក្សប្រជាជនកម្ពុជា និងប្រទេសជាតិ អស់រយៈពេលជាងបួនទសវត្សរ៍ ជាពិសេសក្នុងវិស័យអប់រំ វប្បធម៌និងវិចិត្រសិល្បៈ នីតិប្បញ្ញត្តិ និងការរៀបចំការបោះឆ្នោត ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា និងសូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សាឯកឧត្តម ស៊ិក ប៊ុនហុក និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ កម្លាំង មាំមួន និងមានជន្មាយុយឺនយូរ ទទួលបាននូវឧត្តមពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការៈដទៃឡើយ៕


