ក្រសួងបរិស្ថានពង្រឹងការការពារប្រាសាទបុរាណនៅក្នុងព្រៃឡង់


ក្រៅពីចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ មន្រ្តីឧទ្យានុរក្សត្រូវឈរជើងការពារសម្បត្តិប្រាសាទបុរាណដែនមាននៅក្នុងតំបន់ការពារធម្មជាតិព្រៃឡង់។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងបែបនេះនៅក្នុងឱកាសអញ្ជើញជាមួយប្រតិភូក្រសួង មន្រ្តីមូលថ្ឋាន និងប្រជាពលរដ្ឋ ពិនិត្យមើលប្រាសាទត្រពាំងប្រើស ដែលជាជាប្រាសាទបុរាណមួយដែលបង្កប់នៅក្នុងព្រៃឡង់ ជាប់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ ស្ថិតនៅក្នុងភូមិត្រយ៉ង ឃុំសុខចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា មន្រ្តិឧទ្យានុរក្សចូលរួមការពារសម្បត្តិធម្មជាតិនៅក្នុងតំបន់ព្រៃឡង់រួមទាំប្រាសាទបុរាណដែលស្ថិតនៅក្នុងដែនតំបន់ការពារធម្មជាតិ ដេីម្បីទុកសម្រាប់ការសិក្សា ស្រាវជ្រាវ និងទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងបម្រេីឱ្យវិស័យទេសចរណ៍។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបន្តការពង្រឹងកិច្ចការពារធនធានធម្មជាតិ ក៏ដូចជាពង្រឹងជីវភាពសហគមន៍មូលដ្ឋានតាមរយៈទេសចរណ៍ធម្មជាតិ។
ប្រាសាទបុរាណត្រពាំងប្រើសមាន៣ប្រាសាទតំម្រៀបគ្នាទទឹងថ្ងៃ បែមុខមកទិសខាងកើត នៅក្បែរប្រាសាទចម្ងាយ១៥០ម៉ែត្រ មានត្រពាំងមួយធំ ដែលអ្នកភូមិហៅថាត្រពាំងប្រើស ដែល មានចម្ងាយពីភ្នំជីប្រមាណ ៥គ.ម។ ដោយយោងតាមឯកសារមួយចំនួនបានបញ្ជាក់ថា ប្រាសាទនេះគឺត្រូវបានគេដាក់ឈ្មោះថា ប្រាសាទត្រពាំងប្រើស សាងអំពីឥដ្ឋ គ្រឹះសាងអំពីថ្មបាយក្រៀម បែរមុខទៅទិសឥសានបច្ចុប្បន្នត្រូវបានបាក់បែកស្ទើរតែទាំងស្រុង។ តួរប្រាសាទត្រូវបានបាក់ មួយចំហៀង នៅផ្នែកខាងក្រោម សសរពេជ្រមានរាងមូល ហោជាងមានរាងក្រចកសេះ។
យោងតាមការស្រាវជ្រាវបឋមនៃអ្នកបុរាណវិទ្យាប្រាសាទត្រពាំងប្រើស ត្រូវបានសណ្ឋានថា កសាងក្នុងអំឡុងចុងស.វទី៨ និងអាចស្ថិតនៅក្នុងរចនាបទកំពង់ព្រះ ដែលជាប្រាសាទស្ថិនៅចុងសម័យចេនឡា ប្រាសាទនេះស្ថិតនៅចម្ងាយ៣៦គ.ម ពីខាងលិចសម្ពុបុរៈ ស្រុកសម្បូរ ខេត្តក្រចេះ ។
បើទោះបីប្រាសាទនេះនៅក្នុងព្រៃ ប៉ុន្តែអ្នកទេសចរជាតិ និងអន្តរជាតិមួយចំនួនបានមកដល់តារយៈការធ្វើដំណើរតាមយានយន់្តផ្សេងៗ។ នៅទីនោះ មានយាយជី តាអាចារ្យ និងមានកុដ្ឋ រួមទាំងការរៀបចំកន្លែងជាទីស្ការៈបូជា មានព្រះ អង្គតូចធំ ដែលជាការបញ្ជាក់ឲ្យឃើញថា វិស័យព្រះពុទ្ធសាសនា មានការរីចំរើននៅគ្រប់ទិសទី សម្រាប់ឲ្យ បងប្អូនគោរពបូជាតាមទំនៀមទំលាប់ប្រពៃណីខ្មែរ៕