កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាការងារស្តីពីស្ថានភាពហេដ្ឋារចនាសម្ព័ន្ធក្រោយទឹកជំនន់


នារសៀលថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាសហអធិបតីក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាការងារស្ដីពីស្ថានភាពហេដ្ឋារចនាសម្ព័ន្ធក្រោយទឹកជំនន់ រួមជាមួយឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបច្ចេកទេសនៃក្រសួងទាំងបីជាច្រើនរូប។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា ប្រទេសកម្ពុជា បានទទួលរងនូវឥទ្ធិពលពីបាតុភូតអែលនីញ៉ូ (El Niño) ដែលបណ្តាលឱ្យមានការខ្វះខាតទឹក និងការកើនឡើងកម្ដៅ ព្រមទាំងធ្វើឱ្យរដូវប្រាំងឆ្នាំ២០២៧ មានការអូសបន្លាយរយៈពេលយូរ។ ជាមួយគ្នានេះ ជំនន់ទឹកភ្លៀង នៅក្នុងឆ្នាំ២០២៦ មិនត្រឹមតែបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជា ផ្លូវថ្នល់ ស្ពាន លូ និងប្រព័ន្ធធារាសាស្ត្រជាដើម ដែលហេដ្ឋារចនាសម្ព័ន្ធដ៏មានសារៈសំខាន់ទាំងនេះ គឺជាសរសៃឈាមសេដ្ឋកិច្ច និងជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនាពេលនេះផ្តោតការពិភាក្សាលើបីចំណុចគឺ ១)ការបូកសរុបនិងវាយតម្លៃការខូចខាតឱ្យបានច្បាស់លាស់ ២)ការកំណត់អាទិភាពនៃការស្តារឡើងវិញ និង ៣)ការរៀបចំផែនការសកម្មភាព នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងបី ដើម្បីអនុវត្តការងារស្តារឡើងវិញឱ្យបានលឿន ទាន់ពេលវេលា មានគុណភាពខ្ពស់ មានភាពជាក់ស្ដែង និងគ្រប់ជ្រុងជ្រោយ ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕