រដ្ឋមន្ត្រីក្រសួងសាធារណការ ជំរុញពន្លឿនគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងវិស័យភស្តុភារកម្ម ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ


(ភ្នំពេញ)៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ បន្តពន្លឿនការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពង្រឹងវិស័យភស្តុភារកម្ម និងយកចិត្តទុកដាក់លើការអភិវឌ្ឍប្រព័ន្ធទឹកកខ្វក់ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច លើកកម្ពស់សុខមាលភាពសាធារណៈ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

ការជំរុញនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ប៉េង ពោធិ៍នា បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ៗ រួមមាន ការប្រគល់រង្វាន់លើកទឹកចិត្តដល់បុត្រធីតាមន្ត្រីរាជការដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៦ ការប្រកាសតែងតាំងមន្ត្រីរាជការក្នុងមុខតំណែងថ្មី ព្រមទាំងការធ្វើបទបង្ហាញលើការងារអភិវឌ្ឍបណ្តាញផ្លូវថ្នល់ជាយុទ្ធសាស្ត្រ វឌ្ឍនភាពវិស័យភស្តុភារកម្ម និងចីរភាពហិរញ្ញវត្ថុសម្រាប់ប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលមានបុត្រធីតាប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងអបអរសាទរដល់មន្ត្រីដែលទទួលបានការតែងតាំងមុខតំណែងថ្មី។ ឯកឧត្តមបានណែនាំឱ្យមន្ត្រីទាំងអស់បន្តខិតខំបំពេញតួនាទី និងភារកិច្ចដោយការទទួលខុសត្រូវ ដើម្បីចូលរួមសម្រេចចក្ខុវិស័យ និងគោលដៅអភិវឌ្ឍន៍របស់ក្រសួង។

ពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការបន្តតាមដាន និងពន្លឿនគម្រោងសាងសង់ដែលកំពុងអនុវត្ត ក៏ដូចជាគម្រោងសិក្សាសមិទ្ធិលទ្ធភាពនានា ដោយធានាឱ្យបាននូវគុណភាព ស្តង់ដារបច្ចេកទេស និងការបញ្ចប់តាមកាលកំណត់។ ជាមួយគ្នានេះ ចំពោះហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ឆ្នាំ២០២៦ ក្រសួងបានដាក់ចេញវិធានការជួសជុលបន្ទាន់ ដើម្បីស្តារឡើងវិញនូវការតភ្ជាប់ និងសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូន។

ជាពិសេស ការរៀបចំបណ្តាញខ្សែផ្លូវជាយុទ្ធសាស្ត្រត្រូវបានចាត់ទុកជាអាទិភាព ដោយដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចក្នុងការតភ្ជាប់តំបន់សំខាន់ៗ កាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍។

ចំពោះវិស័យភស្តុភារកម្ម ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីភស្តុភារកម្មឱ្យសម្រេចបាននៅឆ្នាំ២០២៧ ព្រមទាំងបន្តពង្រឹងការអនុវត្តផែនការមេភស្តុភារកម្មឆ្នាំ២០២៣-២០៣៣ ដើម្បីប្រែក្លាយប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ចំណាយទាប ចំណេញពេលវេលា និងមានភាពជឿទុកចិត្តខ្ពស់ ស្របតាមការណែនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។

ដោយឡែក ការអភិវឌ្ឍប្រព័ន្ធទឹកកខ្វក់ ក៏ជាកិច្ចការអាទិភាពដែលត្រូវបន្តយកចិត្តទុកដាក់ តាមរយៈការរៀបចំផែនការប្រតិបត្តិការ និងថែទាំ ព្រមទាំងធានានូវចីរភាពហិរញ្ញវត្ថុ និងប្រសិទ្ធភាពនៃប្រព័ន្ធ ដើម្បីចូលរួមការពារបរិស្ថាន និងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ។

ជាទីបញ្ចប់ ឯកឧត្តម ប៉េង ពោធិ៍នា បានណែនាំឱ្យថ្នាក់ដឹកនាំ និងអង្គភាពក្រោមឱវាទក្រសួងទាំងអស់ បន្តសាមគ្គីភាព សហការគ្នា និងបង្កើនការខិតខំប្រឹងប្រែងអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីសម្រេចបាននូវគោលដៅរួមរបស់ក្រសួង និងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានចីរភាព។