សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានព្រំដែនណាមួយអាចត្រូវបានផ្លាស់ប្តូរដោយកម្លាំងអាវុធ ខណៈការគោរពច្បាប់អន្តរជាតិជាគន្លឹះធានាសន្តិសុខដល់គ្រប់រដ្ឋ


រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយលើកឡើងថា គ្មានព្រំដែនណាមួយត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងអាវុធ ឬការបង្កើតអង្គហេតុសម្រេចនៅលើទីតាំងជាក់ស្តែង (Faits Accomplis) នោះឡើយ។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា ការគោរពច្បាប់អន្តរជាតិ គឺជាការធានាសន្តិសុខសម្រាប់រដ្ឋទាំងអស់ ដោយមិនប្រកាន់ថាជារដ្ឋធំ ឬរដ្ឋតូចឡើយ។

ការលើកឡើងនេះធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយសម្តេចធិបតីបានថ្លែងអំណរគុណដល់អាស៊ាន និងបណ្តាប្រទេសមិត្តក្នុងសហគមន៍អន្តរជាតិ ដែលបានគាំទ្របទឈប់បាញ់ និងការស្វែងរកដំណោះស្រាយតាមរយៈកិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ។

សម្តេចធិបតីបានបញ្ជាក់ថា សារនេះស្របនឹងមូលបទនៃកិច្ចប្រជុំកំពូល «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដោយចាត់ទុកថា ការកសាងសន្តិភាពមិនមែនជាកិច្ចការដែលអាចសម្រេចបានក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែត្រូវការការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តពីមួយជំនាន់ទៅមួយជំនាន់ ខណៈការបាត់បង់សន្តិភាពអាចកើតឡើងក្នុងរយៈពេលដ៏ខ្លី។

សម្តេចធិបតីបានលើកឡើងពីទំនាក់ទំនងរវាងសន្តិភាព និងវិបុលភាពថា សន្តិភាពបង្កើតទំនុកចិត្ត ទំនុកចិត្តទាក់ទាញការវិនិយោគ ហើយវិបុលភាពរួមក៏ជាកត្តារួមចំណែកការពារសន្តិភាពផងដែរ។ ក្នុងន័យនេះ គ្មានរដ្ឋណាមួយអាចទទួលខុសត្រូវលើការកសាងសន្តិភាពតែម្នាក់ឯងបានឡើយ ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ និងសកម្មភាពរួមពីគ្រប់ភាគី។

ជាមួយគ្នានេះ សម្តេចធិបតីបានស្នើឱ្យសហគមន៍ហ្វ្រង់កូហ្វូនីផ្តោតលើសកម្មភាពគន្លឹះចំនួនបី រួមមាន ការបង្ការជម្លោះ ការត្រៀមខ្លួន និងការកសាងវិបុលភាព ព្រមទាំងបានផ្តួចផ្តើមបង្កើត «បណ្តាញហ្វ្រង់កូហ្វូនីសម្រាប់ការបង្ការ និងការសម្រុះសម្រួល» ដើម្បីប្រមូលផ្តុំអ្នកការទូត អ្នកជំនាញ និងស្ថាប័នពាក់ព័ន្ធនានា។

តាមគំនិតផ្តួចផ្តើមនេះ បណ្តាញខាងលើនឹងអាចជួយសម្របសម្រួលកិច្ចសន្ទនាតាមសំណើរបស់រដ្ឋសមាជិក មុនពេលជម្លោះឈានទៅដល់ការផ្ទុះអំពើហិង្សា។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា ការបង្ការជម្លោះជាមុន តែងតែចំណាយតិចជាងការកសាងឡើងវិញក្រោយពេលមានវិបត្តិ។

សាររបស់សម្តេចធិបតីនៅក្នុងវេទិកាអន្តរជាតិនេះ បានលើកឡើងពីតួនាទីរួមរបស់សហគមន៍អន្តរជាតិក្នុងការការពារសន្តិភាព តាមរយៈការគោរពច្បាប់អន្តរជាតិ ការជំរុញកិច្ចសន្ទនា ការបង្ការជម្លោះ និងការកសាងវិបុលភាពរួម ដើម្បីធានាស្ថិរភាព និងសន្តិភាពយូរអង្វែង៕