នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបដិសណ្ឋារកិច្ច និងទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (EMMANUEL MACRON) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីបារាំងនាពេលនេះ គឺពិតជាមានសារៈសំខាន់ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងភាពជាដៃគូជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបារាំង ដែលមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេលជាយូរមកហើយ។
ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីររំពឹងថានឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ ការអប់រំ និងវិស័យការពារជាតិ។ ជាពិសេសកិច្ចសហប្រតិបត្តិការនេះ អាចបើកឱកាសបន្ថែមសម្រាប់ការទាក់ទាញវិនិយោគិនបារាំង បង្កើតឱកាសការងារ និងពង្រីកទីផ្សារសម្រាប់កម្ពុជា។
លើសពីនេះ ការចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក៏ជាឱកាសសម្រាប់កម្ពុជាក្នុងការពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីរួមចំណែកដល់សន្តិភាព និងវិបុលភាពរួម៕


