សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណរដ្ឋបារាំង ក៏ដូចជា លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំងផ្ទាល់ ដែលបានខិតខំប្រឹងប្រែងជួយសម្របសម្រួល ស្វែងរកដំណោះស្រាយដោយសន្តិវិធី ជុំវិញស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការប្រកាន់ខ្ជាប់របស់ លោកប្រធានាធិបតី លើច្បាប់អន្តរជាតិ និងការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋ។
ការថ្លែងអំណរគុណ និងបញ្ជាក់ជំហរជាថ្មីរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាទ្វេភាគី និងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការនានា នារសៀលថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។
ថ្លែងទៅកាន់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងកិច្ចការតំបន់ និងអន្តរជាតិ កម្ពុជា និងបារាំង បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាចំពោះពហុភាគីនិយម ធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងការដោះស្រាយវិវាទដោយសន្តិវិធី។
ដោយឡែក ពាក់ព័ន្ធនឹងស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ សម្តេចធិបតី បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តមោះមុតរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ ក្នុងន័យនេះ ខ្ញុំសូមអរគុណដល់ប្រទេសបារាំង ក៏ដូចជាលោកប្រធានាធិបតីផ្ទាល់ ដែលបានខិតខំស្វែងរកក្នុងការសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធីរវាងប្រទេសយើងទាំងពីរ»។
បន្ថែមពីលើនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះ លោកប្រធានាធិបតី ម៉ាក្រុង សម្រាប់ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់លោក ក្នុងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងគោលការណ៍គ្រឹះនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសគឺការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋ។


