(ភ្នំពេញ)៖ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទោះបីជាមានពេលវេលាតែមួយថ្ងៃ និងស្ថិតក្នុងកាលៈទេសៈដែលពេលវេលាមានភាពស្តួចស្តើងយ៉ាងណាក្តី ប៉ុន្តែ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបំពេញបេសកកម្មការទូតយ៉ាងមមាញឹកបំផុត ដោយបានចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធរហូតដល់ ៧ និងជំនួបទ្វេភាគីចំនួន ២ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ក្នុងរយៈពេលជាង ១២ម៉ោង។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាយប់ថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាព ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានលើកឡើងថា ថ្ងៃទី១៧ ខែវិច្ឆិកានេះ គឺជាថ្ងៃដ៏វែងមួយសម្រាប់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបំពេញការងារតំណាងឱ្យជាតិ និងប្រជាជននៅលើឆាកអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងរយៈពេលជាង ១២ម៉ោង សម្តេចធិបតី អញ្ជើញចូលរួម បើយើងរាប់ឡើងវិញ ក្នុងកិច្ចប្រជុំកំពូលចំនួន ៧ បូកនឹងកិច្ចប្រជុំទ្វេភាគីចំនួន ២។ ជំនួបខ្លះត្រូវរៀបចំចន្លោះកិច្ចប្រជុំមួយ និងកិច្ចប្រជុំមួយទៀត។ ឱកាសមានតិច ពេលវេលាមានស្តួចស្តើង ប៉ុន្តែគ្រប់នាទីសុទ្ធតែមានតម្លៃ»។
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានបន្ថែមថា នៅក្នុងបេសកកម្មដ៏មមាញឹកនេះ ចំណុចធំៗសំខាន់ៗរួមមាន ការអញ្ជើញចូលរួមរបស់សម្តេចធិបតី នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី២១ ព្រមទាំងជំនួបពិភាក្សាការងារទ្វេភាគីដ៏មានសារៈសំខាន់ចំនួន ២ គឺជំនួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី និងជំនួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី ដើម្បីពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត៕

