ប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ប្តេជ្ញារួមគ្នា ក្នុងការបន្តពូនជ្រំទំនាក់ទំនងជាប្រពៃណី អ្នកជិតខាងល្អឱ្យកាន់តែរឹងមាំ កម្កល់ផលប្រយោជន៍ពលរដ្ឋជាធំ


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និង ឯកឧត្តម ជិន ថាញ់មិន ( Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារក្នុងពេលអាហារពេលព្រឹក នៅសណ្ឋាគារ Shangri-La នាទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន នៅក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧។

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាប្រទេសទាំងបី បានប្តេជ្ញារួមគ្នា ក្នុងការបន្តពូនជ្រំទំនាក់ទំនងជាប្រពៃណី អ្នកជិតខាងល្អ បន្តពង្រឹងការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ពីជំនាន់មួយទៅជំនាន់មួយ ក្រោមពាក្យស្លោកតភ្ជាប់យុវជន និងភាពជាអ្នកដឹកនាំ។ ជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចនៅគ្រប់កម្រិត ជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ច អប់រំ បច្ចេកវិទ្យា ដើម្បីលើកម្ពស់ ផលប្រយោជន៍ប្រជាពលរដ្ឋ។ ទំនាក់ទំនងដ៏រឹងមាំនៃប្រទេសទាំងបីមិនត្រឹមផ្តល់ផលប្រយោជន៍សម្រាប់ប្រទេសនិងប្រជាជននៃប្រទេសនោះទេ តែបានផ្តល់ផលប្រយោជន៍ដល់តំបន់និងសកលលោក ផងដែរ។

ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងបី បានវាយតម្លៃខ្ពស់ចំពោះប្រពៃណីដ៏ល្អប្រពៃ ដែលបានរួមគ្នាបង្កើតឡើង ក្នុងការឆ្លៀតគ្រប់ឱកាសដើម្បីជួបពិភាក្សាការងារជាមួយគ្នាទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ត្រីភាគី និងនៅគ្រប់វេទិកាពហុភាគីនានា គឺជាសក្ខីភាពដ៏រស់រវើកនៃទំនុកចិត្តនយោបាយ និងចំណងមិត្តភាពជាបងប្អូន ឱ្យកាន់តែស៊ីជម្រៅ ជាពិសេសនាឱកាសនេះ ក្នុងក្របខ័ណ្ឌរវាងរដ្ឋសភា និងប្រជាជននៃប្រទេសទាំងបី។

ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា ការជួបប្រាស្រ័យទាក់ទងគ្នាជាប្រចាំ និងការជួបពិភាក្សាការងារឱ្យបានញឹកញាប់ គឺជាភាពចាំបាច់ជាយុទ្ធសាស្ត្រ។ ក្នុងកាលៈទេសៈដែលស្ថានការណ៍តំបន់ និងសកលលោក កំពុងប្រែប្រួលយ៉ាងស្មុគស្មាញ និងពោរពេញដោយភាពមិនប្រាកដប្រជា កិច្ចសន្ទនាដោយភាពស្មោះត្រង់ និងទៀងទាត់រវាងយើងទាំងបី គឺជាការធានាដ៏រឹងមាំបំផុត សម្រាប់ការបន្តកសាងបន្ថែមទៀតនូវជំនឿទុកចិត្ត ការយោគយល់នយោបាយ ការលើកកម្ពស់មិត្តភាពជាប្រពៃណី និងការពង្រឹងសាមគ្គីភាព និងភាពជាអ្នកជិតខាងល្អឱ្យកាន់តែស៊ីជម្រៅ។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា មូលដ្ឋានគ្រឹះនៃទំនាក់ទំនងប្រទេសទាំងបី ឈរលើការគោរពគ្នាទៅវិញទៅមក ស្មោះត្រង់ យោគយល់និងផ្តល់ផលប្រយោជន៍រួម ។ កម្ពុជាតែងតែចាត់ទុកទំនាក់ទំនងជាមួយប្រទេសជិតខាង ជាអាទិភាពខ្ពស់បំផុតនៃគោលនយោបាយការបរទេស។ កម្ពុជាតែងតែចាត់ទុកទំនាក់ទំនងជាមួយប្រទេសជិតខាង ជាអាទិភាពខ្ពស់បំផុតនៃគោលនយោបាយការបរទេស។

ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានអបអរសាទរនិងជូនពរចំពោះ ឯកឧត្តម សនសៃ ស៊ីផាន់ដន ដែលត្រូវបានរដ្ឋសភាឡាវ បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា នៅក្នុងសម័យប្រជុំលើកទី២ នីតិកាលទី១០ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ កន្លងមក។ រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការសហការជិតស្និទ្ធ និងគាំទ្រ ឯកឧត្តមនិងសហការី ដើម្បីបន្តថែរក្សា ពង្រឹងនិងពង្រីកចំណងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសយើងទាំងពីរឱ្យកាន់តែល្អប្រសើរ និងស៊ីជម្រៅបន្ថែមទៀត។ ការរួមគ្នាឱ្យកាន់តែស៊ីជម្រៅ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសភា ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធនិងទូលំទូលាយ ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិយើងទាំងសងខាង។

ប្រធានរដ្ឋសភាឡាវ និងវៀតណាម បានអបអរសាទរ ការទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ របស់កម្ពុជាទទួលបានជោគជ័យធំធេង ធ្វើឱ្យតួនាទីលើឆាកអន្តរជាតិរបស់កម្ពុជាកាន់តែលេចធ្លោ។ ភាគីទំាងបី បានវាយតម្លៃខ្ពស់ពីសារៈសំខាន់ការទូតសភា ថា ជាសសរស្តម្ភដ៏សំខាន់មួយ ដែលបំពេញបន្ថែម និងពង្រឹងការទូតគណបក្ស ការទូតរដ្ឋាភិបាល និងការទូតប្រជាជន រវាងប្រទេសទំាងបី ។

សមភាគីទំាងបី ប្តេជ្ញាអនុវត្តនិងជំរុញរាល់កិច្ចព្រមព្រៀងនានា ដែលប្រទេសទំាងបីបានឯកភាពគ្នា ឱ្យចេញជាលទ្ធផល បម្រើផលប្រយោជន៍ពលរដ្ឋ ដូចជាលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម សន្តិសុខ អប់រំ វប្បធម៌ និងការប្រែក្លាយបន្ទាត់ព្រំដែនជាព្រំដែនសន្តិភាព និងការអភិវឌ្ឍ៕