ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអេហ្ស៊ីប ផ្តោតលើការពង្រឹងវិស័យអប់រំ និងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍ឥស្លាមកម្ពុជា


(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Hala Youssef Ahmed Ragab ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗជាច្រើន ជាពិសេសការអភិវឌ្ឍធនធានមនុស្សក្នុងសហគមន៍ឥស្លាមកម្ពុជា។

ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអេហ្ស៊ីប ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រដល់សហគមន៍ឥស្លាមកម្ពុជា ជាពិសេសលើវិស័យអប់រំតាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅទីនោះ ជាពិសេសនៅសាកលវិទ្យាល័យ អាល់-អាហ្សារ (Al-Azhar) តាំងពីយូរលង់ណាស់មកហើយ។ ឯកឧត្តម មានប្រសាសន៍ដែរថា កន្លងទៅសហគមន៍ឥស្លាម ធ្លាប់បានបញ្ជូននិស្សិតចំនួនប្រមាណជាង៤០០ នាក់ ទៅបន្តការសិក្សានៅសាកលវិទ្យាល័យ Al-Azhar ដែលជាសាកលវិទ្យាល័យល្បីល្បាញមួយ នៅប្រទេសអេហ្ស៉ីប ហើយកាលពីសម័យសង្គមរាស្ត្រនិយម ក៏មានបងប្អូនឥស្លាមបានទៅរៀននៅទីនោះផងដែរ។

ទន្ទឹមគ្នានេះផងដែរ ក្រៅពីផ្តល់អាហារូបករណ៍ផ្នែកសាសនា ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើភាគីអេហ្ស៊ីបផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា លើជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEM) រួមមាន បច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) វិស្វកម្ម ស្ថាបត្យកម្ម គណនេយ្យ វេជ្ជសាស្ត្រ និងជំនាញអាទិភាពសំខាន់ៗផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជាក្នុងបរិបទថ្មី។

ឯកឧត្តមទេសរដ្ឋមន្ត្រី ជម្រាបលោកជំទាវ ថា កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់បំផុត អំពីបញ្ហាសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលជាហេតុធ្វើឱ្យកម្ពុជាគ្មានជម្លោះជាតិសាសន៍ សាសនា និងការរើសអើងនោះឡើយ។

ឯកឧត្តមបានបន្តថា សហគមន៍ឥស្លាមកម្ពុជា ត្រូវបានអនុញ្ញាតឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាម ចូលរួមចំណែកការងារជាថ្នាក់ដឹកនាំនៅក្នុងបណ្តាស្ថាប័ន នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ផ្តល់ក្របខណ្ឌដល់គ្រូបង្រៀនខ្មែរឥស្លាម និងអត្ថប្រយោជន៍ជាច្រើនទៀត ដើម្បីជួយសម្របសម្រួល និងដោះស្រាយរាល់បញ្ហាជូនសហគមន៍ឥស្លាមឲ្យបានទាន់ពេលវេលា។

ជាការឆ្លើយតប លោកជំទាវ Hala Youssef Ahmed Ragab បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានអញ្ជើញមកបំពេញបេសកកម្មនៅកម្ពុជា និងបានជួបពិភាក្សាការងារជាមួយទេសរដ្ឋមន្ត្រី និងកោតសរសើរចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើប្រជាជនទូទៅ ជាពិសេសសហគមន៍ឥស្លាមកម្ពុជា។

លោកជំទាវ បានគូសបញ្ជាក់ពីការផ្តល់តម្លៃខ្ពស់ចំពោះចំណងទំនាក់ទំនងរវាងសហគមន៍ឥស្លាមកម្ពុជា និងប្រទេសអេហ្ស៊ីប។ លោកជំទាវ ឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេច របស់រដ្ឋាភិបាលអេហ្ស៊ីប ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យអប់រំ និងវិស័យសំខាន់ៗផ្សេងទៀត ព្រមទាំងប្តេជ្ញាបង្កើនការផ្តល់អាហារូបករណ៍ ដល់និស្សិតខ្មែរឥស្លាម ដើម្បីទៅបន្តការសិក្សានៅប្រទេសអេហ្ស៊ីប។​ ជាចុងបញ្ចប់ លោកជំទាវ បានអញ្ជើញឯកឧត្តមទេសរដ្ឋមន្ត្រី​​ អស្មាន ហាស្សាន់ ទៅបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋអារ៉ាប់អេហ្ស៉ីប ផងដែរ ដើម្បីរឹតចំណងមិត្តភាព ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត៕