(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ល់ ភ្ជាប់ខេត្តកណ្តាល កំពង់ឆ្នាំង និងពោធិ៍សាត់ ក្រោមឥណទាន១៨៣លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល។
ឯកឧត្តម កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងរ៉ែ និងថាមពល មានកិត្ដិយសជួសមុខ ឲ្យរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសនូវការសាងសង់ ខ្សែបញ្ជូន២៣០គីឡូវ៉ល់ ភ្ជាប់ខេត្តកណ្តាល កំពង់ឆ្នាំង និងពោធិ៍សាត់»។
បន្ថែមពីនោះទៀត ឯកឧត្តម កែវ រតនៈ បានឲ្យដឹងថា គម្រោងនេះ ធ្វើឡើងក្នុងក្របខ័ណ្ឌឥណទាន ១៨៣លានដុល្លារ រវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាមួយនឹងអគ្គិសនីកម្ពុជា ដែលតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា។
បើតាមឯកឧត្តម កែវ រតនៈ ខេត្តកណ្តាល កំពង់ឆ្នាំង និងពោធិ៍សាត់ នឹងទទួលបានការភ្ជាប់ខ្សែតង់ស្យុងខ្ពស់ និងអនុស្ថានីយរបស់បណ្តាញជាតិបន្ថែម ហើយនឹងមានលទ្ធភាព
(១)៖ ពង្រីកការទទួលថាមពលបៃតង
(២)៖ បន្ថយអត្រាដាច់ភ្លើងនិងបង្កើនគុណភាពអគ្គិសនី
(៣)៖ ជួយបង្កើតការងារថ្មីៗ ជូនប្រជាពលរដ្ឋតាមផែនការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទាំងលើកោះនិងដីគោក៕

