ឯកឧត្តម រិន វីរៈ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តការងារផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិ ឆ្នាំ២០២៤


ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមការងារអន្តរក្រសួងសម្រាប់អនុវត្តការងារផ្លាស់ប្តូរឆ្នាំគោលស្ថិតិគណនេយ្យជាតិកម្ពុជា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តការងារផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិ ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានធាតុចូលបន្ថែមពីក្រសួង ស្ថាប័នពាក់ព័ន្ធនានា នៅទីស្តីការក្រសួងផែនការ
នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងកិច្ចប្រជុំនោះមានគោលបំណងពិនិត្យ និងប្រមូលផ្តុំធាតុចូលបន្ថែម ដើម្បីបំពេញបន្ថែមលើការរៀបចំរបាយការណ៍លទ្ធផលបឋម សម្រាប់ដាក់ជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងសម្រេច មុននឹងឈានទៅដល់ការប្រកាសផ្សព្វផ្សាយជាផ្លូវការជូនដល់អ្នកប្រើប្រាស់។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ​ លោក លោកស្រី ជាថ្នាក់ដឹកនំាតំណាងទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងទេសចរណ៍ ក្រសួងរ៉ែនិងថាមពល ធនាគារជាតិនៃកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំង ឯកឧត្តមនាយក វ.ជ.ស. លោកនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ នាយកដ្ឋានស្ថិតិគណនេយ្យជាតិ នៃ វ.ជ.ស.។