កម្ពុជា និងសភាសហព័ន្ធវ៉ាឡូនី-ព្រុចសែល ផ្លាស់ប្តូរទស្សនៈគ្នាអំពីការពង្រឹង និងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការបន្ថែមទៀត


នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប ឯកឧត្តម Benoît DISPA ប្រធានសភាសហព័ន្ធវ៉ាឡូនី-ព្រុចសែល នៅទីស្តីការក្រសួង។

ភាគីទាំងពីរបានសម្ដែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាជាបន្តបន្ទាប់ រវាងកម្ពុជានិងសហព័ន្ធវ៉ាឡូនី-ព្រុចសែល ក៏ដូចជាជាមួយប្រទេសបែលហ្ស៊ិកជារួមផងដែរ។ ភាគីទាំងពីរក៏​បានផ្លាស់ប្តូរទស្សនៈគ្នាអំពីការពង្រឹង និងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងកម្ពុជា និងសហគមន៍និយមនិយាយភាសាបារាំងនៃប្រទេសបែលហ្ស៊ិក ជាពិសេសលើវិស័យនានា រួមមានវប្បធម៌ អប់រំ ឧត្តមសិក្សា ការស្រាវជ្រាវ និងការបណ្ដុះបណ្ដាល។

ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់សភាសហព័ន្ធវ៉ាឡូនី-ព្រុចសែល ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ និងបានថ្លែងអំណរគុណចំពោះប្រទេសបែលហ្ស៊ិកដែលបានគាំទ្រអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា និងដំណោះស្រាយព្រំដែនដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។​

ជាការឆ្លើយតប ឯកឧត្តមប្រធានសភា បានកោតសរសើរចំពោះជោគជ័យដ៏ត្រចះត្រចង់របស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះដោយរលូន និងប្រកបដោយផ្លែផ្កា និងបានជូនពរឱ្យជនភៀសសឹកកម្ពុជាអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគេវិញដោយសុវត្ថិភាព។